ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឧត្តមសេនីយ៍រុ​ស្ស៊ី​ម្នាក់ ដែល​សរសេរ “​គម្ពីរ​ក្បួន​សឹកសង្គ្រាម​” របស់​ប្រទេស​បាន​ព្រមាន​ថា សង្គ្រាម​នុយក្លេអ៊ែរ​គឺជា​ការសន្និដ្ឋាន “​ដែល​ចៀស​មិន​រួច​” នៃ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។ ការព្យាករណ៍​ដ៏​គួរ​ឱ្យ​ភ័យព្រួយ​នេះ​គឺ​កើតចេញ​ពី​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ លោក អា​ឡិច​សាន់ឌ័​រ វ្ល៉ា​ឌី​មៀ​រ៉ូវ (Alexander Vladimirov) ដែល​បាន​សរសេរ​សៀវភៅ​បី​វគ្គ ដែល​មាន​ចំណងជើង​ថា “​ទ្រឹស្តី​ទូទៅ​នៃ​សង្គ្រាម​” (General Theory of War)​។​

មេបញ្ជាការ​ជើងចាស់​រូបនេះ​បាន​ព្រមាន​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត ឈ្មោះ វ្ល៉ា​ឌី​ស្លា​វ ស៊ូ​រី​ហ្គី​ន (Vladislav Shurygin) ថា “​សម្រាប់​ការងា​ក​ទៅរក​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក គឺមាន​តែ​រឿង​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវការ នោះ​គឺ ការសម្រេចចិត្ត​នយោបាយ​ដោយ​អគ្គមេបញ្ជាការ​កំពូល វ្ល៉ា​ឌី​មៀ ពូ​ទីន​”​។​

​លោក​បាន​ព្រមាន​ថា “​គោលដៅ​របស់​រុស្ស៊ី​និង​គោលដៅ​របស់​លោក​ខាងលិច​គឺជា​ការរស់រាន​ជា​អមតៈ​ជា​ប្រវត្តិសាស្ត្រ​។ ហើយ​នេះ​មានន័យថា តាងនាម​ឱ្យ​រឿងនេះ គ្រប់​មធ្យោបាយ​នៃ​ការតស៊ូ​ប្រដាប់អាវុធ​ដែល​មាន​សម្រាប់​ពួកគេ​នឹងត្រូវ​ប្រើប្រាស់​ទាំងអស់ រួម​ទាំង​ឧបករណ៍​ដូចជា​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​ជា​ដើម​។ ខ្ញុំ​ប្រាកដ​ណាស់​ថា​អាវុធ​នុយក្លេអ៊ែរ​នឹងត្រូវ​ប្រើ​ក្នុង​សង្គ្រាម​នេះ​ដោយ​ចៀស​មិន​រួច​ឡើយ ហើយ​រាប់​ចាប់​ពី​នេះ​ទាំង​យើង​និង​សត្រូវ​ពុំ​មាន​កន្លែង​ណា​ត្រូវ​ទៅ​ទេ​។ កាលណា​អ្នកនយោបាយ និង​ថ្នាក់ដឹកនាំ​របស់​យើង​ដឹង​ថា​រឿងនេះ​នឹង​កើតឡើង​ឆាប់ៗ យើង​នឹង​ចាប់ផ្តើម​ហ្វឹកហ្វឺន​កងទ័ព​និង​ប្រជាជន​ឱ្យបាន​ឆាប់ ព្រោះ​ឱកាស​ខ្ពស់​ដែល​យើង​នឹង​មាន​សម្រាប់​ការរស់រាន​មាន គឺ​មានន័យថា​ជា​ជ័យជម្នះ​”​។​

​នៅក្នុង​សៀវភៅ​ឆ្នាំ ២០១៣ របស់​លោក​វ្ល៉ា​ឌី​មៀ​រ៉ូវ ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​រូបនេះ​បាន​លើកឡើង​ថា​មាន​ការផ្លាស់ប្តូរ​ពី​ទ្រឹស្តី​ប្រពៃណី​នៃ​សង្គ្រាម ត្រង់​កន្លែង​ដែល​មាន​ភាពខុសគ្នា​រវាង​សន្តិភាព​និង​សង្គ្រាម ទៅ​ជា​ស្ថានភាព​អចិន្ត្រៃយ៍​នៃ​សង្គ្រាម ដែល​ត្រូវបាន​កំណត់​ដោយ​ការភ័យខ្លាច​ឥតឈប់ឈ​រ​និង​អសន្តិសុខ​។​

​ក្នុងអំឡុង​បទសម្ភាសន៍ លោក​វ្ល៉ា​ឌី​មៀ​រ៉ូវ អាយុ ៧៨ ឆ្នាំ បាន​និយាយថា ការហ្វឹកហ្វឺន​កងទ័ព​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ពួកគេ​មាន “​សមត្ថភាព​ក្នុងការ​ធ្វើ​សង្គ្រាម​ក្រោម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​”​។ លោក​បាន​និយាយថា សៀវភៅ​របស់​លោក​មាន​មេរៀន​សំខាន់ៗ​សម្រាប់​រុស្ស៊ី​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​អ្នក​ចង់​បាន​សន្តិភាព ត្រូវ​តស៊ូ​រហូត​ដល់​អ្នកឈ្នះ​។ បើ​អ្នក​ចង់​បាន​សន្តិភាព​យូរអង្វែង​និង​រឹងមាំ ត្រូវ​បញ្ចប់​ជម្លោះ​លើ​ទឹកដី​របស់​ខ្មាំង​សត្រូវ​។ ដូច្នេះហើយ យើង​ត្រូវ​ត្រៀមខ្លួន ត្រៀម​កងទ័ព រដ្ឋ សេដ្ឋកិច្ច និង​ប្រជាជន​នៃ​ប្រទេស​យើង​”​។​

​លោក​បាន​និយាយ​ដូច្នេះ ខណៈ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) បាន​អះអាង​ថា រុស្ស៊ី​កំពុង​បង្ក​ការស្លាប់​យ៉ាងច្រើន​ដល់​ភាគី​អ៊ុយ​ក្រែន​ក្នុង​សង្គ្រាម ត្បិត​មាន​ជំនួយ​លោកខាងលិច​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ​ក៏ដោយ​។ លោក​បាន​និយាយថា “​ក្នុង​អំឡុង​ខែ​ចុងក្រោយ​នេះ​តែឯង ប៉ុស្តិ៍​បញ្ជាការ​ចំនួន​៣៤ របស់​កងទ័ព​អ៊ុយ​ក្រែន​ត្រូវបាន​បំផ្លាញ​។ ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការ​វាយបក​មក ការបាត់បង់​របស់​ស​ត្រូវ​គឺ​លើសពី ៦៦.០០០ នាក់ និង បាត់បង់​ឃ្លាំង​គ្រាប់​ចំនួន ៧.៦០០ កន្លែង​។ ក្នុង​អំឡុង​ខែ​ចុងក្រោយ​នេះ រុស្ស៊ី​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល HIMARS ចំនួន ១៥៩ គ្រាប់ មី​ស៊ី​ល​បញ្ជា​ទិស ១៣ គ្រាប់ និង​ដ្រូ​ន​ជាង ១.០០០ គ្រឿង​របស់​អ៊ុ​យក្រែន​”៕ 

ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ លោក អា​ឡិច​សាន់ឌ័​រ វ្ល៉ា​ឌី​មៀ​រ៉ូវ អះអាងថា សង្គ្រាម​នុយគ្លេអ៊ែរ​មួយ​នឹង​ជៀស​មិន​ផុត​ដើម្បី​សន្តិភាព​និង​ជោគជ័យ​ឋិតថេរ​មួយ