ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ វីដេអូមួយចេញពីសមរភូមិបានបង្ហាញរថក្រោះ Challenger 2 ជាជំនួយអង់គ្លេសមួយបានឆេះខ្ទេច ហើយទំនងជាការបាត់បង់រថក្រោះប្រភេទនេះជាលើកដំបូងក្នុងសមរភូមិអ៊ុយក្រែន។
រូបភាពបង្ហាញរថយន្តអ៊ុយក្រែនមួយបើកកាត់ខ្មោចរថក្រោះនៅក្បែរភូមិរ៉ូបូទីន(Robotyne)ក្នុងតំបន់ហ្សាប៉ូរីសហ្សៀ អូប្លាស(Zaporizhzhia Oblast)។គេជឿថាវាជារថក្រោះមួយនៃអង្គភាពរថក្រោះទី៨២ ដែលទទួលភារកិច្ចស្នូលនៅក្នុងការវាយបកលើកងកម្លាំងរុស្ស៊ីចាប់តាំងពីខែមុន។
ប្រភពយោធាលោកខាងលិចមួយបានប្រាប់សារព័ត៌មានប៊ីប៊ីស៊ីថា វីដេអូនេះពិតជារថក្រោះChallenger 2 តែទាហានក្នុងរថក្រោះនៅមានជីវិតទាំងអស់។សារព័ត៌មានGrey Zone ដែលគាំទ្រសង្គ្រាមរុស្ស៊ី ក៏បានរាយការណ៍ថា វីដេអូនេះទំនងជារថក្រោះអង់គ្លេសChallenger 2ត្រូវបានបំផ្លាញក្នុងពេលប្រយុទ្ធនៅអ៊ុយក្រែន។
ទោះជាយ៉ាងណាព័ត៌មានលម្អិតយ៉ាងណានោះ គេនៅតែមិនទាន់ច្បាស់។
សូមបញ្ជាក់ថា អង់គ្លេសបានផ្តល់អោយអ៊ុយក្រែននូវរថក្រោះChallenger 2 ចំនួន១៤គ្រឿង និងក្រោយមកបង្កើនដល់២៨គ្រឿង។
ក្រសួងការពារជាតិអង់គ្លេសហៅChallenger 2 ថាជារថក្រោះប្រយុទ្ធធុនធំ ផលិតឡើងសំរាប់កំទេចរថក្រោះផ្សេងៗ។តែក្រោយការចេញផ្សាយវីដេអូនេះមក ក្រសួងការពារជាតិរុស្ស៊ី បានសរសេរបង្ហោះថា« ក្រសួងការពារជាតអង់គ្លេសនឹងត្រូវដូរការពណ៌នាសំរាប់រថក្រោះChallengerនៅលើគេហទំព័ររបស់ខ្លួន»។
ប្រភពយោធារុស្ស៊ីបាននិយាយថា Challenger 2ជាច្រើនគ្រឿងត្រូវបានប្រើនៅអ៊ុយក្រែនខាងត្បូងដើម្បីជួយទម្លុះខ្សែត្រៀមដ៏រឹងមាំនៅម្តុំតំបន់ហ្សាប៉ូរីសហ្សៀ ៕
សារព័ត៌មានគាំទ្ររុស្ស៊ីបាននិយាយថា រថក្រោះដែលឆេះខ្ទេចនេះនៅជាយក្រុង វ៉ែបូវ៉េ(Verbove )កន្លែងដែលក្រុមវាយប្រហាររបស់សត្រូវព្យាយាមដណ្តើមទឹកដីមកពីកងកម្លាំងរុស្ស៊ីមកវិញ