ដោយ:សុផានីតា/កោះកុង៖ លោកស្រី មិថុនា ភូថង លើកឡើងថា អត្រាអនក្ខរជននៅក្នុងខេត្ត បានថយចុះគួរឱ្យកត់សម្គាល់ ដោយពួកគេបានឆ្លងកាត់កម្មវិធីសិក្សាបែបសមមូល ជំនាញវិជ្ជាជីវៈ និងការអប់រំក្រៅប្រព័ន្ធ។

ថ្លែងក្នុងទិវាអក្ខរកម្មជាតិ ៨ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រីអភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់អំពីកិច្ចចូលរួមរបស់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអប់រំបណ្តុះបណ្តាលដល់ពលរដ្ឋ យុវជន និងកុមារដែលមិនទាន់ចេះអក្សរ ឬគិតលេខ។

លោកស្រី មិថុនា ភូថង យល់ថា នេះជាការបង្កើនចំណេះដឹងដល់ពលរដ្ឋមិនចេះអក្សរលេខ បានធ្វើឱ្យគំនិតនៃការគិតដោះស្រាយខាងផ្នែកប្រាជ្ញារបស់ពួកគាត់សមត្ថភាពចំណេះដឹងខ្ពស់ជាងមុន គ្រាមិនទាន់ទទួលបានការសិក្សារៀន។ រាល់ការទទួលបានចំណេះដឹងថ្មីបន្ថែមរបស់ពលរដ្ឋអនក្ខរជន ជាកត្តាជំរុញឱ្យល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធនធានមនុស្សកាន់តែជឿនលឿនសំបូរបែបទៅថ្ងៃមុខ។

លោកស្រីអភិបាលខេត្តកោះកុង បន្ថែមថា អក្ខរកម្ម ជាគោលដៅក្នុងផែនការយុទ្ធសាស្រ្តស្នូលមួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ទន្ទឹមនេះ លោកស្រី មិថុនា ភូថង ជំរុញឱ្យបន្តចូលរួមបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីការងារអក្ខរកម្មសំដៅធ្វើយ៉ាងណាអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពដល់ពលរដ្ឋ យុវជននិងកុមារ កាន់តែខ្លាំងក្លាបន្ថែម។ យោងតាមមាត្រា ៦៦ នៃរដ្ឋធម្មនុញ្ញដដែលនេះក៏បានចែងឲ្យដឹងដែរថា «រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពនៅទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិត». ដោយឡែកលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា នៅឆ្នាំ២០២៣នេះ ខេត្តកោះកុងបានដំណើរការកម្មវិធីអប់រំក្រៅប្រព័ន្ធបានចំនួន៦០ថ្នាក់ ក្នុងនោះអក្ខរកម្ម២០ថ្នាក់ សមមូលបឋមសិក្សា១៦ថ្នាក់ សមមូលសិក្សាចំនួន៤ថ្នាក់ ចូលរៀនឡើងវិញ១១ថ្នាក់ និងជំនាញមុខរបរ៩ថ្នាក់។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មើលឃើញថា ក្រោយពួកគេបានសិក្សារៀនសូត្រ ពួកគេអាចអានសរសេរអក្សរ គិតលេខ ចេះដោះស្រាយបញ្ហាផ្សេងៗមួយចំនួនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះអនក្ខជនពេញវ័យមានចំណេះជំនាញវិជ្ជាជីវៈ និងទទួលបានការងារសមរម្យផងដែរ។ តបនឹងលទ្ធផលអប់រំខាងលើ ក៏បានមកពីការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ក្នុងន័យធ្វើយ៉ាងសម្រេចបានគោលដៅនៃផែនការអប់រំពេញមួយជីវិតប្រកបដោយគុណភាព និងប្រសិទ្ធភាព៕srn/r