គ​.​ជ​.​ប : ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​រស្មី​ខេមរា គឺ​ពុំមាន​មូលដ្ឋាន​គ្រប់គ្រាន់​យក​ពិចារណា​នោះទេ​

1267
ចែករម្លែក
លោក សោម សូលី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (រូប: ខ្លីៗ)

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក សោម សូលី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ របស់​គណបក្ស​រស្មី​ខេមរា គឺ​ពុំមាន​មូលដ្ឋាន​គ្រប់គ្រាន់ ដើម្បី​យក​ពិចារណា​នោះទេ​។ ការបញ្ជាក់​នេះ បានធ្វើ​ឡើង​ប​បន្ទាប់ពី​គណបក្ស​រស្មី​ខេមរា បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក ស៊ិន សុភាព ប្រធាន​គណបក្ស​រស្មី​ខេមរា បានដាក់​ញ្ញត្តិ​ទៅ​បណ្តា​ស្ថានទូត​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ អំពី​ការមិនទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ដោយ​គណបក្ស​នេះ បាន​អះអាងថា ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដោយសារតែ​មិនមាន​ភាពសេរី យុត្តិធម៌ ត្រឹមត្រូវ​។​

​ញ្ញត្តិ​ដែល​ដាក់​ទៅ​ស្ថានទូត​មានដូចជា ស្ថានទូត​បារាំង ស្ថានទូត​អង់គ្លេស ស្ថានទូត​អាម៉េរិក ស្ថានទូត​អូស្ត្រាលី ស​ក្ថា​ន​ទូត​ជប៉ុន ស្ថានទូត​កូរ៉េខាងត្បូង ….​។​

​ជាការ​ឆ្លើយតប​លោក សោម សូលី​ដា អគ្គលេខាធិការរង នៃ គ​.​ជ​.​ប បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា​ថា ការប្រកាស​មិន​ទទួលស្គាល់ លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​រស្មី​ខេមរា គឺ​ពុំមាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​ពិចារណា​ទេ​។ ជាទូទៅ​បើ​ផ្អែកទៅលើ​មាត្រា​១៣១ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គណបក្សនយោបាយ​មាន​សិទ្ធិ ប្តឹង​៧២​ម៉ោង ហើយ​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាស​លទ្ធផល​បណ្តោះអាសន្ន ហើយ​លទ្ធផល​បណ្តោះអាសន្ន​នេះ អាច​ប្រកាស​ទៅបាន​នៅពេលដែល​បណ្តឹង​ពាក់ព័ន្ធ និង​ការបោះឆ្នោត​ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់ ហើយ​លទ្ធផល​បោះឆ្នោត ក៏​ទទួលបាន​ពី​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​។

​អគ្គលេខាធិការរង គ​.​ជ​.​ប រូបនេះ​បាន​បញ្ជាក់ថា “​អ្វីដែល​គណបក្ស​រស្មី​ខេមរា លើក​ឡើងជា​ពាក្យបណ្តឹង គឺ​ខុស​ទៅ​និង​នីតិវិធី​ហើយ យើង​មាន​នីតិវិធី​នៃ​ដាក់ ការទទួល និង​ការដោះស្រាយ​បណ្តឹង ដែល​ត្រូវ​ចាប់ផ្តើម​ពី​យន្តការ​នៅ​គណៈកម្មាការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត ហើយ​ប្រសិនបើ​គណបក្ស​នោះ មិន​យល់ព្រម ឬក៏​មិន​ពេញចិត្ត​និងសេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ការឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត គាត់​មាន​សិទ្ធិ​ប្តឹង​មក​គណៈកម្មាការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​។ ហើយ​ក្នុងករណី​គាត់​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​ណៈ​ក​ម្មា​ការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត គាត់​មាន​សិទ្ធិ​ប្តឹង​មក គ​.​ជ​.​ប​។ ករណីនេះ មិនមែនជា​ករណី​ដែល​ត្រូវ​ប្តឹង​បដិសេធ​និង​លទ្ធផល​ទេ គឺ​គេ​ប្តឹង​អំពី​ភាពមិនប្រក្រតី​ដែល​កើតឡើង​នៅ​ការិយាល័យ​បោះឆ្នោត ដែល​ត្រូវ​ប្តឹងទៅ​ណៈ​ក​ម្មា​ការឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត យ៉ាងហោចណាស់ ម៉ោង​១១​និង​៣០​នាទី បន្ទាប់​ពីថ្ងៃ​បោះឆ្នោត​”៕