ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតការាតេ នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យម សិក្សាជើងឯកជាតិ ឆ្នាំ២០២៣ បានបញ្ចប់ហើយ នាថ្ងៃទី៦ កញ្ញា ម្សិលមិញនេះ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម បំពាក់មេដាយ ដល់ជ័យលាភី។ សម្រាប់ប្រភេទកីឡាការាតេ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៩០ នាក់ មកពីរាជធានី ខេត្តចំនួន៦ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ។
សម្រាប់ប្រភេទកីឡានេះ រាជធានីភ្នំពេញ ឈរនៅកំពូលតារាង ដោយដណ្ដើមបាន មេដាយ សរុបចំនួន ៨ គ្រឿង ក្នុងនោះ មេដាយមាស ៤ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង។ ខេត្តព្រះសីហនុ ឈរនៅលំដាប់ទី២ ដែលដណ្ដើមបានមេដាយ មាស ៣ គ្រឿង និងសំរិទ្ធ ២ គ្រឿង។ ខេត្តកណ្ដាល ដែលឈរនៅលំដាប់ថ្នាក់ទី៣ នោះ ដណ្ដើមបានមេដាយមាស ២ គ្រឿង មេ ដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។ ខេត្តបាត់ដំបង បានមេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង សំរិទ្ធ ៣ គ្រឿង។ ខេត្តត្បូងឃ្មុំ ប្រជែងបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ចំពោះខេត្តកំពង់ស្ពឺ ដណ្ដើមបានមេដាយសំរិទ្ធ ៤ គ្រឿង៕/V/r