ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាស​ចាប់ផ្ដើម​អនុវត្ត​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ ដើម្បី​ឆ្លើយតប​ចំពោះ​ការផ្លាស់ប្ដូរ​តម្រូវការ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​

922
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមប្រឹក្សាភិបាល​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (​ហៅ​កាត់​ថា ADB) បានអនុម័ត​លើ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដោយបាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និង​ការឆ្លើយតប​ជា​យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​នេះ ចំពោះ​ការវិវត្ត​នៃ​តម្រូវការ​របស់​អាស៊ី និង​ប៉ាស៊ីហ្វិក​។​

​លោក តា​កេ​ហ៊ី​កូ ណា​កា​អូ​( Takehiko Nakao) ប្រធាន ADB

​លោក តា​កេ​ហ៊ី​កូ ណា​កា​អូ​( Takehiko Nakao) ប្រធាន ADB មានប្រសាសន៍ថា “​អាស៊ី និង​ប៉ាស៊ីហ្វិក បានសម្រេច​នូវ​វឌ្ឍនភាព​យ៉ាង​ធំធេង ក្នុង​រយៈពេល​ពាក់កណ្ដាល​សតវត្សរ៍​ចុងក្រោយ​នេះ លើ​ការ​ការកាត់បន្ថយ​ភាពក្រីក្រ និង​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ក៏​នៅមាន​របៀបវារៈ​អភិវឌ្ឍន៍ ដែល​ពុំទាន់​បានបញ្ចប់​ទាំងស្រុង​នៅឡើយ​ផងដែរ​។ ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ២០៣០ នេះ យើង​នឹង​រួមបញ្ចូល​ធនធាន​ហិរញ្ញវត្ថុ ចំណេះដឹង និង​ភាពជា​ដៃគូ ដើម្បី​ធានា​និរន្តរភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង សំដៅ​លុបបំបាត់​ភាពក្រីក្រ​ធ្ងន់ធ្ងរ និង​ពង្រីក​ចក្ខុវិស័យ​របស់​យើង ដើម្បី​ឈានទៅ​បង្កើត​តំបន់​មួយ ប្រកបដោយ​វិបុលភាព បរិ​យាប​ន្ន​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​”​។​

​បំណងប្រាថ្នា​របស់ ADB មាន​ទិសដៅ​ស្របគ្នា​ជាមួយនឹង​ការប្ដេជ្ញា​ចិត្តជា​សកល​ធំៗ ដូចជា គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របៀបវារៈ​ហិរញ្ញប្បទាន​ដើម្បី​អភិវឌ្ឍន៍ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​សិន​ដាយ សម្រាប់​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​។ ការសម្រេច​ការប្ដេជ្ញាចិត្ត​ទាំងនេះ ពឹង​អាស្រ័យ​យ៉ាងខ្លាំង​លើ​ភាពជោគជ័យ​របស់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដោយសារតែ​ទំហំ​របស់​តំបន់​នេះ​។​

​យុទ្ធសាស្ត្រ ២០៣០ ទទួលស្គាល់ថា របៀបវារៈ​អភិវឌ្ឍន៍​សកល​ប្រកបដោយ​មហិច្ឆតា​បែបនេះ ត្រូវ​តម្រឹម​ឱ្យ​ស្របតាម​កាលៈទេសៈ​ជាក់លាក់​តាម​ប្រទេស​នីមួយៗ​។ ADB នឹង​ពង្រឹង​វិធីសាស្ត្រ​អនុវត្ត​ការងារ សម្រាប់​ប្រទេស​នីមួយៗ លើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ និង​អនុវត្ត​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ ដែល​បញ្ចូល​ជំនាញ​ឯកទេស​ពី​តាម​វិស័យ និង​ប្រធានបទ​ផ្សេងៗ​ជាមួយគ្នា តាមរយៈ​ប្រតិបត្តិការ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ចម្រុះ​រួមគ្នា​។

ADB នឹង​បន្ត​ផ្តល់​អាទិភាព​លើ​ការគាំទ្រ​ដល់​ប្រទេស​ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាងគេ ក្នុង​តំបន់​នេះ​។ ADB នឹង​ប្រើប្រាស់​អភិក្រម​ស្របតាម​ស្ថានភាព​របស់​ប្រទេស​នីមួយៗ ដើម្បី​បំពេញ​ទៅតាម​តម្រូវ​ការខុសៗ​គ្នា​របស់​ក្រុម​ប្រទេស​ផ្សេងៗ​គ្នា​ដូចជា ប្រទេស​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ផុយស្រួយ និង​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះ រដ្ឋ​កំពុងអភិវឌ្ឍន៍​ដែល​ស្ថិតនៅតាម​ដែន​កោះ​តូចៗ ប្រទេស​ចំណូល​ទាប និង​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ នៅតាម​ក្រុម​ប្រទេស​ទាំងនេះ ADB ក៏​នឹងដាក់​អាទិភាព​លើ​ការគាំទ្រ​ដល់​តំបន់ ដែលមាន​ការអភិវឌ្ឍ​យឺត​ជាងគេ និង​ក្រុម​ដែល​កំពុង​រស់នៅក្នុង​ភាពក្រីក្រ និង​ភាពផុយស្រួយ​ផងដែរ​។
​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ប្រកបដោយ​និរន្តរភាព បរិ​យាប​ន្ន និង​ភាព​ធន់ នៅ​បន្ត​ជា​អាទិភាព​ដ៏​សំខាន់​មួយ​។ ទន្ទឹមគ្នានេះ ADB នឹង​ពង្រីក​ប្រតិបត្តិការ ក្នុង​វិស័យ​សង្គម ដូចជា អប់រំ សុខាភិបាល និង​កិច្ច​គាំពារ​សង្គម​ផងដែរ​។

​ការគាំទ្រ​របស់ ADB នឹង​ផ្ដោតលើ​អាទិភាព​ប្រតិបត្តិការ​ចំនួន​ប្រាំពីរ​៖ (i) ការឆ្លើយតប​ចំពោះ​ភាពក្រីក្រ ដែល​នៅ​សេសសល់ និង​ការកាត់បន្ថយ​វិសមភាព (ii) ការ​ព​ន្លឿ​ន​វឌ្ឍនភាព ដើម្បី​ឈានទៅ​សម្រេច​សមភាព​យេនឌ័រ (iii) ការឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ការកសាង​ភាព​ធន់​ទៅនឹង​អាកាសធាតុ និង​គ្រោះមហន្តរាយ និង​ការលើកកម្ពស់​និរន្តរភាព​បរិស្ថាន (iv) ការធ្វើឱ្យ​ទីក្រុង​កាន់តែ​ជា​កន្លែង​ដែល​អាច​រស់នៅ​បានល្អ (v) ការលើកកម្ពស់​ការអភិវឌ្ឍ​ជនបទ និង​សន្តិសុខ​ស្បៀង (vi) ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័ន និង (vii) ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្ម​តំបន់​។​

​យ៉ាងហោចណាស់ ៧៥% នៃ​ប្រតិបត្តិការ ដែល ADB បាន​សន្យាថា​នឹង​អនុវត្ត (​គិត​ជា​មធ្យម ៣ ឆ្នាំ​រំកិល រាប់បញ្ចូល​ប្រតិបត្តិការ​រដ្ឋ​ផង និង​មិនមែន​រដ្ឋ​ផង​) និង​ផ្ដោតលើ​កា​រលើ​កម្ពស់​សមភាព​យេនឌ័រ ត្រឹម​ឆ្នាំ ២០៣០​។ ADB នឹង​ធានា​យ៉ាងណា​ឱ្យ​ប្រតិបត្តិការ ៧៥% នៃ​ចំនួន​ប្រតិបត្តិ​ការដែល​ខ្លួន​បាន​សន្យា​នឹង​អនុវត្ត (​ជា​មធ្យម ៣ ឆ្នាំ​រំកិល រាប់បញ្ចូល​ប្រតិបត្តិការ​រដ្ឋ​ផង​និង​មិនមែន​រដ្ឋ​ផង​)​និង​គាំទ្រ​ដល់​ការ​សម្រាល និង​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ត្រឹម​ឆ្នាំ​២០៣០​។ ហិរញ្ញប្បទាន​អាកាសធាតុ​ពី​ប្រភពធនធាន​ផ្ទាល់​របស់ ADB នឹងមាន​ចំនួន​រហូតដល់ ៨០ ប៊ី​លាន​ដុល្លារ សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០១៩​ដល់​ឆ្នាំ ២០៣០​។​ក្របខ័ណ្ឌ​លទ្ធផល​ថ្មី​របស់​ស្ថាប័ន​នេះ​ដែល​រំពឹងថា​នឹងត្រូវ​រៀបចំ​រួចរាល់​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៩​នឹង​បញ្ចូល​ចំណុច​ដៅ​បន្ថែមទៀត​សម្រាប់​ប្រតិបត្តិ​ជា​អាទិភាព​ផ្សេងៗ​ទៀត​របស់​ADB​។
​ដើម្បី​គាំទ្រ​ដល់​អាទិភាព​ប្រតិបត្តិការ​ទាំង​ប្រាំពីរ ក្រោម​យុទ្ធសាស្ត្រ ២០៣០ នេះ ADB នឹង​ពង្រីក ក៏ដូចជា ធ្វើ​ពិពិធ​កម្ម​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់ខ្លួន ដើម្បីឱ្យ​ចំនួន​ប្រតិបត្តិការ​នេះ កើនឡើង​រហូតដល់​មួយ​ភាគបី​នៃ​ចំនួន​ប្រតិបត្តិ​ការសរុប​ត្រឹម​ឆ្នាំ ២០២៤​។ លោក Nakao បាន​មានប្រសាសន៍ថា​“​យើង​នឹង​ពង្រីក​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់​យើង នៅក្នុង​ទីផ្សារ​ថ្មីៗ ដូចជា ក្នុងប្រទេស​ដែលមាន​ស្ថានភាព​ផុយស្រួយ និង​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះ និង​រដ្ឋ​កំពុងអភិវឌ្ឍន៍ ដែល​ស្ថិតនៅ​ដែន​កោះ​តូចៗ​ជាដើម​។ យើង​ក៏​នឹង​គាំទ្រ​ដល់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​បន្ថែម​ទៀតផង​ដែរ​”​។​

​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់ ADB នឹង​ជួយ​លើកកម្ពស់​ស្ដង់ដា​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ផ្ដល់​ហិរញ្ញប្បទាន​ដែល​ពុំ​អាច​រកបាន​ពី​ទីផ្សារ​ទូទៅ​ក្នុង​លក្ខខណ្ឌ​សមរម្យ កែលម្អ​ការរៀបចំ​គម្រោង​និង​លទ្ធផល​នៃ​ការអភិវឌ្ឍ និង​កាត់បន្ថយ​ហានិភ័យ​ដែល​គេ​យល់ឃើញថា​អាច​កើតឡើង​។ បន្ថែម​ពីលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​លក្ខណៈ​នវានុវត្តន៍​ថ្មី ប្រតិបត្តិការ​ទាំងនេះ​នឹង​បង្កើន​ការគាំទ្រ​ដល់​សហគ្រាស​កសិកម្ម និង​គាំទ្រ​ដល់​វិស័យ​សង្គម ដូចជា វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ តាមរយៈ​ការចូលរួម​វិនិយោគ​ជាមួយនឹង​វិស័យ​ឯកជន​។
ADB នឹង​បន្ត​បំពេញ​តួនាទី​ជា​អ្នកផ្ដល់​ហិរញ្ញប្បទាន ដែល​អាច​ជឿ​ទុកចិត្តបាន និង​ជា​អ្នក​កៀរគរ​ហិរញ្ញ​ប្ប​-​ទាន​បន្ថែមទៀត​។ លោក Nakao បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​រង្វាស់​ដ៏​សំខាន់​មួយ​នៃ​ជោគជ័យ​របស់​យើង គឺ​បរិមាណ និង​គុណភាព​នៃ​ធនធាន ដែល​យើង​កៀរគរ​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ផ្ទាល់ខ្លួន​របស់​យើង​”​។ ADB ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការបង្កើន​សហ​ហិរញ្ញប្បទាន​ឱ្យបាន​ច្រើន ក្នុង​រយៈពេល​វែង​ត្រឹម​ឆ្នាំ ២០៣០ ដោយ​រាល់​ការផ្ដល់​ហិរញ្ញប្បទាន ១ ដុល្លារ សម្រាប់​ប្រតិបត្តិការ​វិស័យ​ឯកជន ត្រូវមាន​ការបំពេញបន្ថែម​ពី​សហ​ហរិ​ញ្ញ​ប្ប​ទាន​រយៈពេល​វែង ២,៥ ដុល្លារ​។

​ស្ថាប័ន​នេះ​ក៏​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​សមាជិក​របស់ខ្លួន ដើម្បី​ផលិត​នូវ​ផលិតផល និង​សេវាកម្ម​ចំណេះដឹង ដែលមាន​ភាព​ពាក់ព័ន្ធ​បំផុត​។ ស្ថាប័ន​នេះ​ក៏​នឹង​ផ្ដួចផ្ដើម​គំនិត​ចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ ផ្ដល់​ដំបូន្មាន​គោលនយោបាយ ដែលមាន​គុណភាព​ខ្ពស់ ពង្រឹងសមត្ថភាព​ស្ថាប័ន​របស់​ប្រទេស និង​ពង្រីក​ភាពជា​ដៃគូ​ផ្នែក​ចំណេះដឹង​ផងដែរ​។
​ខណៈពេលដែល​ស្ថាប័ន​នេះ​ខិតខំ​ពង្រឹង​ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ធ្វើ​ការងារ​កាន់តែ​លឿន​ជាង​មុន ADB ក៏​នឹង​ខិតខំ​ធ្វើ​ទំនើបកម្ម​ដំណើរការ​ធុរកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​ឆាប់រហ័ស​បន្ថែមទៀត តាមរយៈ​ការ​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដែលមាន​។ ADB នឹង​ពង្រីក​ផលិតផល និង​ឧបករណ៍​របស់ខ្លួន ពង្រឹង​ធនធានមនុស្ស ព្រមទាំង​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ទៅរក​ដំណើរការ​ឌីជីថល​។ ADB ក៏​ប្ដេជ្ញា​ធ្វើ​ពិពិធ​កម្ម​ទៅលើ​កម្លាំង​ពលកម្ម ដូចជា លើកកម្ពស់​តុល្យភាព​យេនឌ័រ និង​បង្កើត​នូវ​បរិយាកាស​ការងារ ដែលមាន​ការគោរព​គ្នា​ទៅវិញទៅមក​សម្រាប់​ទាំងអស់គ្នា​ផងដែរ​។ ADB នឹង​បង្កើត​នូវ​អភិក្រម “ADB តែមួយ (One ADB)” ដោយ​ប្រមូលផ្ដុំ​ចំណេះដឹង និង​ជំនាញ​ពី​គ្រប់ផ្នែក​ទាំង​អស់នៃ​ស្ថាប័ន​នេះ​។ ADB នឹង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​រៀបចំ​អនុវត្ត និង​ពិនិត្យ​តាមដាន​គម្រោង​នានា​។
​ក្នុងកា​រៀបចំ​យុទ្ធសាស្ត្រ​២០៣០ មានការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​យ៉ាងច្រើន​ជាមួយ​ក្រុម​តំណាង​អ្នកពាក់ព័ន្ធ ដែលជា​សមាជិក​របស់ ADB ដូចជា រដ្ឋាភិបាល អភិបាល​របស់ ADB អ្នកជំនាញ​ល្បីៗ​ខាង​ការអភិវឌ្ឍ​និង​អង្គការ​សង្គម​ស៊ីវិល​។​

ADB ប្ដេជ្ញាចិត្ត​ដើម្បី​បង្កើត​នូវ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ប្រកបដោយ​វិបុលភាព បរិ​យាប​ន្ន ភាព​ធន់ និង​និរន្តរភាព ហើយ​ក្នុងពេល​ជាមួយគ្នានេះ ក៏​ខិតខំ​បន្ត​ធានា​និរន្តរភាព​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​ធ្ងន់ធ្ងរ​ផងដែរ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​នេះ ជា​កម្មសិទ្ធិ​របស់​ប្រទេស​ចំនួន ៦៧ ដែល​ក្នុងនោះ ៤៨ មកពី​តំបន់​។ ក្នុង​ឆ្នាំ ២០១៧ ប្រតិបត្តិការ​របស់ ADB មាន​ទឹកប្រាក់​សរុប ៣២,២ ប៊ី​លាន​ដុល្លារ ក្នុងនោះ ១១,៩ ប៊ី​លាន​ដុល្លារ​ជា​សហ​ហិរញ្ញប្បទាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម