ដោយៈ សុផល / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីលៀងសាយភោជន៍ ក្នុងកម្មវិធី “រាត្រីវៀតណាម”។
កម្មវិធី “រាត្រីវៀតណាម” នេះ បានត្រូវធ្វើឡើង ដើម្បីស្វាគមន៍គណៈប្រតិភូ ដែលមកចូល រួមព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញ ITE-HCMC 2023 លើកទី១៧ ដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ០៧-០៩ ខែកញ្ញា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅ ប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយ ក្រោម ប្រធានបទ “រូបរាងរបស់វៀតណាម – Shape of Vietnam” ដែលបានបង្ហាញ ពីភាពសម្បូរបែបនៃវប្បធម៌ និងទិសដៅទេសចរណ៍នានា របស់ប្រទេសវៀតណាម និងអ្វីដែលបណ្តាប្រទេសមេគង្គ អាចផ្តល់ជូនដល់ទេសចរ ដែលមកពីជុំវិញពិភពលោក ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូ មកពីបណ្ដាប្រទេសជាច្រើន សរុបចំនួនប្រមាណ ១.០០០ នាក់។
សូមរម្លឹកថា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា បានដឹកនាំគណៈប្រតិភូ នៃក្រសួងទេសចរណ៍ ដែលរួមមានដៃគូ ក្នុងវិស័យឯកជន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី១៧ (ITE-HCMC 2023)៕ V / N