ដោយៈ វ៉ៃកូ / ស្វាយរៀង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង លោក ប៉េង ពោធិ៍សា ជាអភិបាល ខេត្តស្វាយរៀង ជំនួសលោក ម៉ែន វិបុល ដែលដល់អាយុចូលនិវត្តន៍។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងកោតសរសើរ ដល់លោក ម៉ែន វិបុល ដែលក្នុងអាណិត្តិ ដែលលោកជាអភិបាលខេត្ត បានដឹកនាំ និងខិតខំអភិវឌ្ឍន៍ ខេត្តស្វាយរៀង ឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ។
លោកអភិសន្តិបណ្ឌិត បានថ្លែងផ្តាំផ្ញើដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព នៅក្នុងខេត្ត ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ បន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំ ដោះស្រាយបញ្ហាទំនាស់នានា របស់បងប្អូនប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាពនៅក្រៅ ប្រព័ន្ធតុលាការ។
លោកបានបន្តថាៈ ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បន្តពង្រឹង ការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពូតដៃគ្នា ដើម្បីអភិវឌ្ឍខេត្តស្វាយរៀង ឲ្យកាន់តែរីកចម្រើនថែមទៀត។ ព្រមទាំងលើកកម្ពស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែន និងសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ឲ្យបានល្អ ធ្វើយ៉ាងណា ឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជា ការផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រី ឲ្យមានសមត្ថ ភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារ ឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកា សាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕ V / N