ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើក ទី១៨ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ីបូព៌ាគឺជាជំនួបកំពូលរវាងប្រមុខរដ្ឋនិងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានរួមជាមួយមេដឹកនាំប្រទេសដៃគូរបស់អាស៊ាន ចំនួន ៨ ផ្សេងទៀតរួមមាន៖ ចិន អាមេរិក រុស្ស៊ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និង នូវែលហ្សេឡង់ ។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ( EAS )គឺជាវេទិកាថ្នាក់តំបន់ដែលធ្វើ ឡើងជារៀងរាល់ឆ្នាំដោយមេដឹកនាំនៃប្រទេសចំនួន១៨នៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូងនិងមហាសមុទ្រ ដោយផ្អែកលើយន្តការអាស៊ានបូកប្រាំបី។កិច្ចប្រជុំកំពូល អាស៊ីបូព៌ាត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានប្រចាំឆ្នាំហើយដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថាបត្យកម្មតំបន់អាស៊ីប៉ាស៊ីហ្វិក ។ កិច្ចប្រជុំកំពូលលើកទី១បាន ធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥ ៕