ដោយៈចាន់តូ/ ភ្នំពេញ៖ អាជ្ញាធរ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ខែ កញ្ញាឆ្នាំ ២០២៣នេះ បានចុះទៅបើក ឃ្លុំបេកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  ដើម្បី ដកហូតម៉ូតូចំនួន២៦២ គ្រឿង ដែលមានឯកសារទទួលបញ្ចាំត្រឹមត្រូវប្រគល់អោយម្ចាស់កុងស៊ីវិញនិងប្រគល់បន្តទៅអោយម្ចាស់ដើម។  

ការចុះដកហូតម៉ូតូនេះដឹកនាំដោយលោក ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញនិងមានការចូលរួមពីលោកវរសេនីយ៍ឯក ប៊ុន សត្យាស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌនិងលោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ឃ្លាំង ហួត បានអោយដឹងថា  ថ្ងៃនេះ ក្រុមប្រតិបត្តិការចម្រុះបាន ចុះបើកឃុំបេទីតាំងកុងស៊ីបញ្ចាំ ដែលបានបិទកន្លង មកដើម្បីដកហូតម៉ូតូចំនួន ២៦២គ្រឿង  ដែលមានឯកសារត្រឹមត្រូវប្រគល់ទៅអោយម្ចាស់កុងស៊ីបញ្ចាំវិញ

លោកឃ្លាំង ហួតក៍បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទៀតដែលបានបាត់ម៉ូតូឬអ្នកបានដាក់បញ្ចាំម៉ូតូ ត្រូវមកលោះម៉ូតូវិញ បើ រកម៉ូតូមិនឃើញត្រូវរួសរាន់មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនវិញ។

លោកឃ្លាំង ហួត ក៍បានបញ្ជាក់ថា  ម៉ូតូដែលបានដកហូតកន្លងមក ប្រមាណជាង១០០០គ្រឿង  ក្នុងនោះ មានម៉ូតូ ចំនួន២៦២គ្រឿងម្ចាស់កុងស៊ីមានឯកសារត្រឹមត្រូវ  ត្រូវប្រគល់អោយម្ចាស់វិញ។ដោយឡែក ម៉ូតូដែលនៅសល់  ប្រមាណជាង៩០០គ្រឿង  ម្ចាស់ឃ្លាំងអត់មានឯកសារ អត់មានពាក្យបណ្តឹងជាម៉ូតូខុសច្បាប់ ត្រូវ រក្សាទុកក្នុងឃ្លាំង ដើម្បី ចាត់ចែងតាមនីតិវិធីរដ្ឋបាល  ឬត្រូវដកហូតទុកជាសម្បត្តិរដ្ឋ

លោកបានបញ្ជាក់ផងដែរថា ការចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងកុងស៊ីបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។បើចប់ប្រតិបត្តិការនេះនឹងបន្តទៅកន្លែងផ្សេងៗទៀត៕/PC