ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការនាំចេញនិងនាំចូលរបស់ចិនបានធ្លាក់ចុះនៅខែសីហាបើធៀបនឹងការនាំចេញនាំចូលនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះឆ្លុះបញ្ចាំងសេចក្តីត្រូវការសកលកាន់តែរឹតត្បិតដែលវាកាន់តែបន្ថែមសម្ពាធលើសេដ្ឋកិច្ចចិនដែលរីកចំរើនយឺតយ៉ាវស្រាប់។
ទិន្នន័យគយបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញការនាំចេញសំរាប់ខែសីហាបានធ្លាក់ចុះ៨,៨ភាគរយមកនៅត្រឹម២៨៤,៨៧ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះដល់ខែទីបួនជាប់ៗគ្នា។
ការនាំចូលធ្លាក់ចុះ៧,៣ភាគរយផងដែរមកនៅត្រឹម២១៦,៥១ពាន់លានដុល្លារ។
ផលលើសពាណិជ្ជកម្មសរុបបានចុះមកនៅត្រឹម៦៨,៣៦ពាន់លាន បើធៀបនឹង៨០,៦ពាន់ពាន់លានកាលពីខែកក្កដា។
ក្រុមមេដឹកនាំចិនបាននិងកំពុងដាក់ចេញវិធានការគោលនយោបាយផ្សេងៗដើម្បីទ្រោលសេដ្ឋកិច្ចក្រោយពីការរើបរើនៅក្រោយសម័យបិទខ្ទប់ប្រឆាំងជំងឺឆ្លងកូវីដហាក់ស្ពឹកមិនស្ទុះដូចការរំពឹងទុក។
ធនាគារកណ្តាលចិនបានបន្ធូរបន្ថយច្បាប់និងលក្ខខណ្ឌនៃការផ្តល់កំចីសំរាប់អ្នកទិញផ្ទះដំបូង និងផ្តល់វិធានការបន្ធូរបន្ថយពន្ធខ្លះសំរាប់អាជីវកម្មធុនតូច។ទោះជាយ៉ាងណារដ្ឋាភិបាលជៀសវាងការជះលុយទ្រង់ទ្រាយធំដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយពន្ធអោយកាន់តែទូលំទូលាយឡើង។
កុងតេនឺរង់នាំការដឹកចេញនៅផែមួយក្នុងខេត្តសានទុងរបស់ចិនកាលពីថ្ងៃ៦សីហា
សេចក្តីត្រូវការទំនិញចិនបានធ្លាក់ចុះនៅពេលធនាគារកណ្តាលអាម៉េរិកនិងបណ្តាធនាគារកណ្តាលនៅអឺរ៉ុបនិងអាស៊ី បានដំឡើងអត្រាកាប្រាក់កាលពីឆ្នាំមុនដើម្បីទប់អតិផរណាដែលឡើងខ្ពស់។ពាណិជ្ជកម្មចិនបានធ្លាក់ចុះបណ្តើរៗនៅពេលពីរឆ្នាំមកនេះ ទោះជាយ៉ាងណាការធ្លាក់ចុះកាលពីខែសីហានៅទាបជាងខែកក្កដាពេលដែលការនាំចេញធ្លាក់ដល់ទៅ១៤,៥ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលធ្លាក់ចុះ១២,៤ភាគរយ៕