ដោយៈ ពៅនិមល / ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ បានទទួលជួបសម្តែងការគួរសម ជាមួយលោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ទីស្តីការក្រសួង។

នៅក្រោយជំនួបពិភាក្សាការងារនេះ ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរ ក្នុងបណ្តាញសង្គមថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការ ស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះភាគីអូស្ត្រាលី ដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាន និងកំពុងបន្តចូលរួមគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍ ពូជស្រូវចំប៉ីស ៧០។ ពូជស្រូវចំប៉ីស ៧០នេះដែរគឺជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការ ដ៏ប្រសើរ រវាងកម្ពុជា និងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។

លោករដ្ឋមន្ដ្រី បានបន្តថាៈ ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម នៃពូជស្រូវចំប៉ីស ៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយ សម្រាប់កសិករ ដែលផលិតពូជស្រូវនេះ នាពេលអនាគត។

លោករដ្ឋមន្ដ្រី បានជម្រាបជូនភ្ញៀវបន្ថែមថាៈ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម ជាអាទិ៍ ការដាក់ពង្រាយមន្ដ្រីកសិកម្ម នៅតាមឃុំ ដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹង សហគមន៍កសិកម្ម។

តាមក្រសួងកសិកម្ម ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស លោករដ្ឋមន្ត្រី បានលើកឡើងពី តម្រូវការចាំបាច់របស់ និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការ ការពង្រឹងសមត្ថភាព ឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសានវានុវត្តន៍ និងបច្ចេកវិទ្យា។ លោក បញ្ជាក់ពីការស្វាគមន៍ ចំពោះការគាំទ្រ ពីសំណាក់ភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យ មកបង្រៀននិស្សិត ក្នុងផ្នែកទាំងនេះ៕/V-PC