ដោយៈ ប.ខុន/ភ្នំពេញៈ ស្ថានភាពទឹកទំនប់អាងតាម៉ុក នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បន្តហក់ឡើងដល់កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានភ្លៀងធ្លាក់ដល់កម្រិត ជាង១០០មីលីម៉ែត្រ កាលពីថ្ងៃទី៥ ខែកញ្ញា។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពីស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុកស្ថិតក្នុងឃុំអន្លង់វែង ស្រុ កអន្លង់វែង ខេត្តឧត្តរមានជ័យថាដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី៥ ខែកញ្ញា ដល់កម្រិត១០០.១លីម៉ែត្រ បានបង្កឲ្យបរិមាណធារទឹកក្នុងអាងហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន៣,៨១ម៉ែត្រនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា អាស្រ័យហេតុដូចបានជម្រាបជូនខាងលើមន្ទីរសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុកសូមមានការប្រុងប្រយ័ត្ន បើពុំមានភ្លៀងធ្លាក់បន្តនៅថ្ងៃនេះទេទឹកនឹងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ។​កម្រិតទឹកត្រូវប្រកាសឲ្យមានការប្រុងប្រយត្ន័នៅកម្ពស់៣,៨០ ម៉ែត្រ​ និងត្រូវប្រកាសអាសន្ននៅកម្ពស់៤,៥០ម៉ែត្រ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា មានភ្លៀងធ្លាក់គ្រប់ស្រុកក្រុងនៅខេត្តឧត្តរមានជ័យ ក្នុងកម្រិតពី១០ដល់១០០មីលីម៉ែត្រ ដោយនៅស្រុកអន្លង់វែងមានបរិមាណដល់១០០មីលីម៉ែត្រ និងក្រុងសំរោង៨០មីលីម៉ែត្រ។ ប្រសិនបើពុំមានភ្លៀងថែមមកទៀតទេ ជំនន់ទឹកភ្លៀងនៅអាងតាម៉ុកអាចនឹងស្រកទៅវិញនៅល្ងាចនេះ៕/r