ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់អំពីបំណងរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយ សាធារណរដ្ឋកូរ៉េឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ខណៈលោក យូន ស៊ក យ៉ល (Yoon Sok Yeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់សម្តេចធិបតី,កម្ពុជានឹងទទួលបាននូវវឌ្ឍនភាពនិងវិបុលភាពកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត។
ការលើកឡើងរបស់ប្រមុខដឹកនាំនាំប្រទេសទាំងពីរធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក យូន ស៊ក យ៉ល (Yoon Sok Yeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។
សម្តេចធិបតីបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់លោកឪពុករបស់លោកប្រធានាធិបតីកាលពីពេលថ្មីៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ប្រធានាធិបតីដែលបានផ្ញើសារអបអរសាទរសម្តេចធិបតីនៅពេលត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ។ ជាមួយគ្នានេះ, សម្តេចធិបតី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចតេជោប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជូនចំពោះលោកប្រធានាធិបតីក៏ដូចជាប្រជាជនកូរ៉េផងដែរ, ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ។ សម្តេចធិបតីក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាចំពោះប្រជាជននិងប្រទេ សកូរ៉េបើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
លោក យូន ស៊ក យ៉ល បានថ្លែងអំណរគុណនិងបានសម្តែងនូវសេចក្តីសោមនស្សដែលបានជួបពិភាក្សាជាមួយសម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ។ លោកប្រធានាធិបតីក៏បានឆ្លៀតយកឱកាសនេះកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជានិងជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានព្យាយាមរក្សានិងពង្រឹងចំណងការទូតជាមួយកូរ៉េ,ហើយ លោកប្រធានាធិបតីមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ សម្តេចធិបតី,កម្ពុជានឹងទទួលបាននូវវឌ្ឍ នភាពនិងវិបុលភាពកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត។
ជាមួយគ្នានេះ, លោកប្រធានាធិបតីបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់សម្តេចតេជោក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ,ហើយ រដ្ឋាភិបាលកូរ៉េក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០នៅទីក្រុងប៊ូសានផងដែរ។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្តេចធិបតីបានអរគុណសារជាថ្មីម្តងទៀតដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េចំពោះពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការងារនៅកូរ៉េ.ហើយលោកប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជានិងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីបំណងរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕