​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការបណ្តុះ​ក្រលៀន​ដែល​មាន​កោសិកា​មនុស្ស​នៅក្នុង​អំប្រ៊ីយ៉ុង​ជ្រូក ដែល​វា​ជា​ករណី​ពិសោធន៍​ដូច្នេះ​លើក​ដំបូង​បង្អស់​នៅលើ​ពិភពលោក ដែល​ថ្ងៃ​ណាមួយ​អាច​ជួយ​ដោះស្រាយ​កង្វះខាត​ការបរិច្ចាគ​សរីរាង្គ​។​

​ប៉ុន្តែ​អ្នកជំនាញ​បាន​និយាយថា ការបណ្តុះ ដែល​ត្រូវ​បាន​ពណ៌នា​នៅក្នុង​ការសិក្សា​មួយ​នៅក្នុង​ទស្សនាវដ្ដី Cell Stem Cell កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កញ្ញា បានលើកឡើង​ពី​បញ្ហា​ក្រមសីលធម៌ ជាពិសេស​ដោយហេតុថា​កោសិកា​មនុស្ស​មួយចំនួន​ត្រូវបាន​រក​ឃើញ​ផង​ដែរ​នៅក្នុង​ខួរ​ជ្រូក​។​

​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ជីវ​វេជ្ជសាស្ត្រ​និង​សុខភាព​ក្វាង​ចូ​វ បាន​ផ្តោត​សំខាន់​លើ​ក្រ​លៀន ពីព្រោះ​វា​ជា​សរីរាង្គ​មួយ​ក្នុងចំណោម​សរីរាង្គ​ដំបូង​គេ​ដែល​ត្រូវ​បណ្តុះ ហើយ​ជាទូទៅ​គេ​ប្តូរ​សរីរាង្គ​នេះ​លើ​មនុស្ស​ច្រើន​ជាង​គេ​។​

​អ្នកនិពន្ធ​ជាន់ខ្ពស់ លោក លៀង​ស៊ូ ឡាយ (Liangxue Lai) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សរីរាង្គ​កណ្តុរ​មួយ​ត្រូវបាន​ផលិត​នៅ​ក្នុង​សត្វ​កណ្តុរ​ជាច្រើន ហើយ​សរីរាង្គ​កណ្តុរ​ជាច្រើន​ត្រូវបាន​ផលិត​ចំពោះ​កណ្តុរ​ជា​ច្រើន​ហូរហែ ប៉ុន្តែ​ការប៉ុនប៉ង​ពីមុនៗ​ដើម្បី​បណ្តុះ​សរីរាង្គ​មនុស្ស​លើ​សត្វ​ជ្រូក មិន​បាន​ទទួលជោគជ័យ​ទេ​”​។​

“​វិធីសាស្ត្រ​របស់​យើង​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរួមបញ្ចូល​កោសិកា​មនុស្ស​ទៅ​ក្នុង​ជាលិកា​អ្នកទទួល​និង​អនុញ្ញាត​ឱ្យ​យើង​បណ្តុះ​សរីរាង្គ​មនុស្ស​នៅក្នុង​ខ្លួន​ជ្រូក​”​។​

​នេះ​គឺជា​វិធីសាស្ត្រ​ផ្សេងគ្នា​ចំពោះ​របកគំហើញ​ដ៏​ល្បី​នាពេល​ថ្មីៗ​នេះ​នៅក្នុង​សហរដ្ឋ​អាម៉េរិក ជា​កន្លែង​ដែល​ក្រលៀន​ជ្រូក ដែល​បាន​កែ​ហ្សែ​ន​រួច និង​សូម្បីតែ​បេះដូង​ជ្រូក​ដែល​កែ​ហ្សែ​ន​រួច ត្រូវបាន​ដាក់​នៅក្នុង​ខ្លួន​មនុស្ស​។​

​លោក ឌូ​ស្កូ អ៊ី​លី​ក (Dusko Ilic) សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កោសិកា​ដើម​នៅ​សាកលវិទ្យាល័យ King’s College London បាន​និយាយថា ឯកសារ​ថ្មី​នេះ “​ពណ៌នា​អំពី​ជំហាន​ត្រួសត្រាយ​ក្នុង​វិធីសាស្ត្រ​ថ្មី​នៃ​ជីវវិស្វកម្ម​សរីរាង្គ ដោយ​ប្រើប្រាស់​សត្វ​ជ្រូក​ជា​កន្លែង​ភ្ញាស់​សម្រាប់​ការលូតលាស់​និង​ការបណ្តុះ​សរីរាង្គ​មនុស្ស​”​។​

​លោក​អ៊ី​លី​កបាន​ក្រើនរំលឹក​ថា វា​នឹង​មាន​ឧបសគ្គ​ជាច្រើន​ក្នុងការ​ប្រែក្លាយ​ការពិសោធន៍​ទៅជា​ដំណោះស្រាយ​ដែល​អាច​សម្រេចបាន ប៉ុន្តែ “​ទោះជា​យ៉ាងណា​ក៏ដោយ យុទ្ធសាស្ត្រ​ដ៏​គួរឱ្យ​ទាក់ទាញ​នេះ​បាន​ធានា​ដល់​ការរុករក​បន្ថែមទៀត​នាពេល​អនាគត​”៕

អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ជីវ​វេជ្ជសាស្ត្រ​និង​សុខភាព​ក្វាង​ចូ​វ​បណ្តុះ​ក្រលៀន​ដែល​មាន​កោសិកា​មនុស្ស​នៅក្នុង​អំប្រ៊ីយ៉ុង​ជ្រូក