រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ ទីណា​ប្រជាជន​ជួប​ការលំបាក​ទីនោះ​មាន​ទេវតា​ជួយ​យក​អាសា

808
ចែករម្លែក

​ដោយ : ពៅ និមល​/ ភ្នំពេញ : លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា ទេវតានិង​មនុស្សលោក​តែងមាន​ទំនាក់ទំនង​គ្នា ហើយ​ទីណា​ដែល​ប្រជាជន​ជួប​ការលំបាក ទីនោះ​ប្រាកដ​ជាមាន​វត្តមានរ​បស់​ទេវតា​តាម​យកអាសា​ជានិច្ច ជាក់ស្តែង​វត្តមាន​របស់​ក្រុមការងារ​ថ្នាក់ជាតិ​នៃ​គណបក្ស​ទេវតា គឺ​ដើម្បី​ជួយសង្គ្រោះ​និង​តាម​ថែរក្សា​ប្រជាពលរដ្ឋ​ទាំងអស់​។​

​ក្នុងឱកាស​ចុះ​សំណេះសំណាល និង​នាំយក​អំណោយ​ជាស​ម្ភា​រៈប្រើប្រាស់ ​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​១,៤៨៥​នាក់ មកពី​៣២៥​គ្រួសារ ស្ថិតក្នុង​ស្រុក​ព្រៃឈរ កាលពី​រសៀល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ លោក​រដ្ឋមន្ត្រី​បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​រសាក​សួរសុខទុក្ខរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​បាន​ជម្រាបជូន​ពី​ការជួយ​ជ្រោមជ្រែង​​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ទូទៅ​ដោយ​មិន​ប្រកាន់វណ្ណៈ ជំនឿ​សាសនា និង​និន្នាការ​នយោបាយ​។

​បន្ថែម​លើ​នេះ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​អញ្ជើញ​ធ្វើដំណើរ​តាម​កាណូត ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​កម្ពស់​ទឹកជំនន់​ដែល​កំពុង​កើនឡើង​រៀងរាល់ថ្ងៃ ដោយ​បណ្តាល​ឲ្យ​ជន់​លិច​ផ្ទះ​និង​ស្រែចំការ​មួយចំនួន​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កំពង់​សំណាញ់ និង​ចុះ​សំណេះសំណាល​ផ្ទាល់​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​បាន​ភៀសខ្លួន​មក​រស់នៅ​ទីទួល​សុវត្ថិភាព​ផងដែរ​។​

​គួរ​បញ្ជាក់ថា អំណោយ​ដែល​លោក​រដ្ឋមន្ត្រី ​បាន​នាំយក​ប្រគល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​ចំនួន​០៤​ម៉ឺន​រៀល អង្ករ ២០​គីឡូក្រាម តង់​០១​ឈុត មុង​០១​សម្រាប់ និង​ភេសជ្ជៈ​០១​កញ្ចប់​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម