ដោយៈ បូកគោ / កែប ៖ មុខរបរនេសាទក្តាមសេះ រៀងរាល់ខែវស្សា តែងមានភាពកាក់ កបជាងរដូវប្រាំង ប៉ុន្តែអ្នកនេសាទ ងាយប្រឈមនឹងគ្រោះថ្នាក់ ដោយសារភ្លៀងខ្យល់ ផ្គររន្ទះ ឬរលកបោកបក់ខ្លាំង។
លោក សុខ ញ៉ាង អ្នកនេសាទ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប បានប្រាប់ឱ្យដឹងថាៈ ការនេសាទក្តាមសេះ ក្នុងខែវស្សា តែងទទួលបានផលច្រើន ជាងរដូវប្រាំង។ អំឡុងពេលមានភ្លៀងធ្លាក់ ក្នុងមួយថ្ងៃ លោកអាចរកក្តាមសេះ បានចន្លោះពី ៣០ គីឡូក្រាម ទៅ ៤០ គីឡូក្រាម ឬលើសពីនេះ ដោយប្រើទូកម៉ាស៊ីន ធុនមធ្យម។ ប៉ុន្តែ ការរកផលសមុទ្រ នៅរដូវវស្សា ងាយប្រឈមនឹងគ្រោះថ្នាក់ ព្រោះតែខ្យល់ព្យុះ ផ្គររន្ទះ ឬរលកបោកបក់ជាដើម។
អ្នកនេសាទដដែល បានបន្តថាៈ សម្រាប់ការលក់ចេញវិញ ឈ្មួញកណ្តាល គិតសរុប ចូលគ្នា ដោយឱ្យតម្លៃពី ២០.០០០ រៀល ទៅ ២៥.០០០ រៀល ក្នុងក្តាមសេះ ទម្ងន់ ១គីឡូក្រាម។
ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ស្ត្រីជាឈ្មួញកណ្តាលម្នាក់ បានបញ្ជាក់ថាៈ ក្រោយពេលប្រមូលទិញ ពីប្រជានេសាទរួច គាត់យកក្តាមទាំងនោះ ញែកទៅតាមទំហំ ដោយ១គីឡូក្រាម តម្លៃ ៦០.០០០ រៀល សម្រាប់ក្តាមសេះ ប្រភេទលេខ១។ ចំណែក ប្រភេទលេខ២ និងលេខ៣ បានតម្លៃចន្លោះពី ៣០.០០០ រៀល ទៅ ៥០.០០០ រៀល ក្នុង១គីឡូក្រាម៕ V / N