ដោយៈ មុនីរ័ត្ន /ភ្នំពេញ​ ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនា ធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វ ផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីស្នងការ ស្នងការដ្ឋានទាំង៧ ការិយាល័យជំនាញ នាយទាហាន នៃកងរាជអាវុធហត្ថ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ដែលមានការពាក់ព័ន្ធ ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈ Vidéo Conférence មានចំនួនប្រមាណជាង ១០០នាក់។

ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» និងមានខ្លឹមសារសមយុទ្ធសំខាន់ៗ ដូចជា ការបញ្ជា កម្លាំងសុខាភិបាលរួមគ្នា ការដឹកជញ្ជូនកម្លាំងទ័ព ការពង្រាយកម្លាំងប្រតិបត្តិការ ការជួយសង្គ្រោះនៅទីតាំងរងគ្រោះ ការផ្ទេរបញ្ជូនអ្នករងគ្រោះព្យាបាលបន្ត ការបញ្ជូន អ្នករងគ្រោះតាមផ្លូវអាកាស ការការពារបង្ការជំងឺឆ្លង៕ V / N