ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សត្វ​ឆ្កែ​អនាថា​រាប់រយ​ក្បាល ដែល​ដើរ​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​ដែលី​របស់​ឥណ្ឌា កំពុង​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​និង​ផ្លាស់​ទៅ​ជម្រក​ថ្មី​នៅមុន​ការបើក​កិច្ចប្រជុំ​កំពូល G-20 នៅ​ចុង​សប្តាហ៍​នេះ នេះ​បើ​យោងតាម​សកម្មជន​សត្វ​និង​សាក្សី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​។​

​អាជ្ញាធរ​បាន​បោសសម្អាត​តំបន់​អនាធិបតេយ្យ​ជាច្រើន​ក្នុង​ទីក្រុង​រួចហើយ ហើយ​បាន​ដាក់​រូប​សត្វ​សំពោច​ក្រដាស​ទំហំ​ប៉ុន​មនុស្ស​ដើម្បី​បន្លាច​សត្វ​ស្វា​ឱ្យចេញ​ឆ្ងាយ​ពី​ទីសាធារណៈ​នៅ​មុន​កិច្ចប្រជុំ​នេះ​។​

​កិច្ចប្រជុំ​កំពូល G20 ដែល​ជា​ការប្រមូលផ្តុំ​មេដឹកនាំ​ពិភពលោក​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​រដ្ឋធានី​ឥណ្ឌា នឹង​មាន​ការចូលរួម​ពី​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន នាយករដ្ឋមន្ត្រី​អង់គ្លេស រី​ស៊ី ស៊ូ​ណាក់ ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទីន ទ្រូ​ដូ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វ៊ូមី​អូ គី​ស៊ី​ដា ក្នុងចំណោម​មេដឹកនាំ​ដទៃទៀត​។​

​សាជីវកម្ម​ក្រុង​ដែលី (MCD) មិន​បាន​ផ្សារភ្ជាប់​ដោយផ្ទាល់​នូវ​ការប្រមូល​ឆ្កែ​អនាថា​ទៅនឹង​កិច្ចប្រជុំ​កំពូល​នេះ​ទេ ដោយ​បញ្ជាក់​ថា សត្វ​អនាថា​ទាំងនេះ​កំពុង​ត្រូវ​បាន​ប្រមូល​ចេញ​ជា​បន្ទាន់​តែប៉ុណ្ណោះ​។​ទោះយ៉ាងណា រថយន្ត​សង្គ្រោះ ដែល​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​ឃើញ​ប្រើ​សម្រាប់​ប្រមូល​ឆ្កែ​អនាថា​នោះ បានបង្ហាញ​ផ្ទាំង​បដា​សរសេរថា “​បំពេញ​កាតព្វកិច្ច G-20″​។​

​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល ទឹកដី​រដ្ឋធានី​ជាតិ​ដែលី​មានស​ត្វ​ឆ្កែ​អនាថា​ជាង ៦០.០០០ ក្បាល​។ ប្រជាជន​២០​លាន​នាក់​របស់​ក្រុង​ដេល្លី​បានឃើញ​ឆ្កែ​អនាថា​ឡើង​ស៊ាំ​ភ្នែក​ទៅហើយ ប៉ុន្តែ​ករណី​ឆ្កែ​ខាំ​មនុស្ស​មិនមែនជា​រឿង​ចម្លែក​នោះទេ​។​

​ក្នុង​ខែសីហា MCD បាន​ចេញ​បញ្ជា​ឱ្យ​ប្រមូល​ឆ្កែ​អនាថា​ចេញ “​ពី​តំបន់​ជុំវិញ​ទីតាំង​ក្បែរ​កិច្ចប្រជុំ​កំពូល G-20” ប៉ុន្តែ​បាន​ដក​បញ្ជា​នេះ​ចេញ​វិញ​នៅ​ពីរ​ថ្ងៃក្រោយ បន្ទាប់ពី​មាន​ការរិះគន់​។​

​សកម្មជន​សត្វ​និយាយថា ក្រោយមក​ស្ថាប័នរដ្ឋ​នេះ​បាន​ចាប់ផ្តើម​ចាប់​សត្វ​ឆ្កែ​អនាថា “​តាមរបៀប​អមនុស្សធម៌​” កាលពី​សប្តាហ៍​មុន ដោយ​មិន​ប្រើ​វិធីសាស្ត្រ​ដូចជា “​ការបោះ​សំណាញ់​ឬ​ចាប់​ដោយ​ដៃ​” ដែល​ត្រូវបាន​កំណត់​ដោយ​អនុសាសន៍​នោះ​ទេ​។​

​ក្រុម​សកម្មជន​បាន​និយាយថា សត្វ​ឆ្កែ​ជិត ១.០០០ ក្បាល​ត្រូវបាន​ប្រមូល​មក​ទល់​ពេល​នេះ​ពី​តំបន់​ដូចជា​អាកាសយានដ្ឋាន​និង​កន្លែង​ប្រជុំ G-20៕

​ឆ្កែ​រាប់រយ​ក្បាល​ត្រូវ​អាជ្ញាធរ​ក្រុង​ដេល្លី​ប្រមូល​ចេញពី​ម្តុំ​ទីតាំង​ប្រជុំ G20