​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​គឺ​ក្រុង​ហុងកុង​បាន​ជន់​លិច​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​ដែលគេមិនដែលធ្លាប់ឃើញនៅ​១៤០​ឆ្នាំ​មកនេះ ដោយ​បណ្តាល​អោយ​របួស​មនុស្ស​៨៣​នាក់ នៅ​ពេល​អាកាសធាតុ​មិនធម្មតា​បង្កឡើង​ដោយ​ព្យុះ​ជាច្រើន​ក៏​វាយប្រហារ​ចិន​ខាងត្បូង​ផងដែរ​។​

​វីដេអូ​បង្ហាញ​ទឹក​ធ្លាក់ចុះ​ពី​ជំរាល​កូនភ្នំ​នៅ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ នាំ​អោយ​ផ្លូវ​នានា​ត្រូវ​ទឹក​លិច​ត្រឹម​ចង្កេះ ជន់​លិច​ផ្សារ ស្ថានីយ​ផ្លូវ​រថភ្លើង​និង​ផ្លូវ​រថយន្ត​ក្រោម​ដី​។​

​អាកាសធាតុ​អាក្រក់​នេះ​ក៏​បង្ក​ភាពវឹកវរ​នៅ​ទីក្រុង​សិន​ចិន​របស់​ចិន​ដែល​ជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ដែល​មាន​មនុស្ស​១៧,៧​លាន​នាក់​រស់នៅ ដោយ​ស្ថាប័ន​ជំនួញ​និង​ផ្លូវ​គមនាគមន៍​នៅ​ទូ​ទាំង​ទីក្រុង​រងគ្រោះ​ធ្ងន់ធ្ងរ​។​

​ការ​ធ្លាក់ភ្លៀង​ដូច​ហែក​មេឃ​នាំ​មក​ដោយ​ព្យុះ​ហាយ​គូ​អ៊ី​(Haikui)​ដែល​បាន​បក់​ចូល​ដីគោក​ចិន​ក្នុង​ខេត្ត​ហ្វ៊ូ​ជាន​(Fujian)​កាលពី​ថ្ងៃ​អង្គារ​។​ទោះជា​យ៉ាងណា​វា​បាន​ចុះខ្សោយ​ទៅ​ជា​វិសម្ពាធ​ត្រូពិ​ច​ដោយ​នាំ​ដុំ​ពពក​និង​ភ្លៀង​ទៅលើ​តំបន់​ដែល​នៅ​ជោគជាំ​ដោយ​ព្យុះ​មួយទៀត​កាល​ពី​មួយ​សប្តាហ៍​មុន​នៅឡើយ​។​

​ការិយាល័យ​អាកាសធាតុ​ហុងកុង​បាន​ចេញ​ការព្រមាន​អំពី​ព្យុះ​ភ្លៀង​កំរិត​ខ្ពស់បំផុត និង​ថា​ភ្លៀង​កំពស់​ជាង​២០០​មី​លី​ម៉ែ​ត្រូវបាន​កត់ត្រា​ឃើញ​នៅ​កោះ​ធំ​របស់​ហុងកុង សង្កាត់​កូវ​លូន(Kowloon)​និង​ប៉ែក​ឦសាន​នៃ​ដែន​ដី​ថ្មី​ចាប់ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មក​។​

​មេដឹកនាំ​ហុងកុង លោក ច​ន លី​(John Lee)​បាន​និយាយថា​លោក​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ការ​ជន់​លិច​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ជាច្រើន​នៃ​ទឹកដី​ហុងកុង និង​បាន​ណែនាំ​ទៅ​កាន់​នាយក​ដ្ឋា​ន​ទាំងអស់​អោយ​ឆ្លើយ​តប​អស់​ពី​សមត្ថភាព​។​

​អាជ្ញាធរ​ហុងកុង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បិទ​សាលារៀន​និង​ប្រាប់​បុគ្គលិក​និយោជិត​អោយ​នៅ​ផ្ទះ​នៅពេល​ផ្សារ​ហ៊ុន​មិនបាន​បើក​ទេ​។​រថភ្លើង​ខ្លះ​បាន​ផ្អាក​ដំណើរការ​និង​ខ្លះ​ទៀត​ពន្យារពេល​ចេញដំណើរ នៅពេល​វីដេអូ​មួយ​បង្ហាញ​អ្នកដំណើរ​ដើរ​លុយ​ទឹក​ត្រឹម​ចង្កេះ​នៅ​ស្ថានីយ​មួយ​។​

​ផ្លូវ​ក្រោយ​ដី​មួយ​ត្រូវ​ទឹក​ហូរ​ចូល​ពេញ ហើយ​ផ្សារ​មួយ​លិច​ទឹក​ជាន់​ក្រោម​។​

​ការ​ធ្លាក់ភ្លៀង​នៅ​ទីក្រុង​សិន​ចិន​ក្នុង​រយៈពេល​១២​ម៉ោង​មាន​កំពស់​៥៦៥,៥​មី​លី​ម៉ែត្រ ជាការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥២​។​

​ក្នុងពេល​ជាមួយគ្នា វីដេអូ​បង្ហាញ​តំបន់​ចេញចូល​ស្ថានីយ​រថភ្លើង​ក្រុង​សិន​ចិន​ត្រូវ​ជន់​លិច ដោយ​រថភ្លើង​ពី​ទីក្រុង​នេះ​ទៅកាន់ក្រុង​ក្វាង​ចូ​វ​ត្រូវ​ផ្អាក​។​មនុស្ស​ប្រមាណ​១០០​នាក់​ជាប់​នៅ​ស្ថានីយ​។​

​ខេត្ត​ក្វាង​ទុង​និង​តំបន់​ហ្កាងស៊ី​ក្បែរ​នោះ​ក៏​រំពឹងថា​នឹង​ជួន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​នៅ​ពីរបី​ថ្ងៃ​ទៅមុខ​៕

​ទឹក​ភ្លៀង​នាំ​អោយ​លិច​ផ្លូវ​និង​ផ្ទះ​ជាន់​ក្រោម​នៅ​ហុងកុង​