​​ដោយៈ​សុផល​/​ភ្នំពេញ​៖កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រឡង​ចម្រៀង​រ៉េ​ប​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​តា​រាច​ម្រៀ​ប​រ៉េ​ប លោក វណ្ណដា និង លោក ជូ​វី​លីន ធ្វើជា​គណៈកម្មការ​វិនិច្ឆ័យ​សមត្ថភាព​បេក្ខជន​។​

​កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​នេះ​នឹងធ្វើ​ការចាក់ផ្សាយ​វគ្គ​ដំបូង​នៅ ថ្ងៃ អាទិត្យ ទី​១៧ ខែ កញ្ញា ឆ្នាំ ២០២៣ លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​វេលា​រាត្រី ចាប់ពី​ម៉ោង ៩ ដល់ ១០:៣០​នាទី ។​ការប្រឡង​នេះ​មាន​ចំនួន​សរុប ១៣​វគ្គ និង​ចាក់ផ្សាយ​ជា​រៀងរាល់ ថ្ងៃអាទិត្យ​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧​ខែកញ្ញា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​៣​ កម្មវិធី​បានប្រកាស​ពី​មនុស្ស​សំខាន់ៗ​និង​គណៈកម្មការ​វិនិច្ឆ័យ​។​គណៈកម្មការ​២​រូប ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ផលិតករ នៃ​កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​គឺ កំពូល​សិល្បករ លោក វណ្ណដា (​ផលិតកម្ម​បារមី​) និង លោក ជូ​វី​លីន (​ផលិតកម្ម​បារមី​) រួមជាមួយ​ក្រុម​គ្រូបង្វឹក (Coach)​ដែល​សុទ្ធតែជា​តារាចម្រៀង​រ៉េ​មាន​ទេពកោសល្យ​និង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​តន្ត្រី​ដូចជា​៖ លោក Khmer1Jivit, លោក Norith (​ផលិតកម្ម​បារមី​), លោក Kingchi (CG Movement), លោក Ruthko (Klap Ya Handz) រីឯ តារាចម្រៀង​រ៉េ​ប លោក វិ​ន វិទូ (​ផលិតកម្ម​ក្លា​ប​យ៉ា​ហ៊ែ​ន​) និង កញ្ញា​វ៉ាន់​នី​ឡា​នឹង​ដើរតួនាទី​ជា​ពិធីករ​ពិធីការនី​ក្នុង​កម្មវិធី​។

The Rapper’’ កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​ដ៏​កំពុងមាន​ប្រជាប្រិយភាព​ដែលមាន​ដើមកំណើត​ចេញពី​ប្រទេស​ថៃ (The Rapper)​ហើយ​ត្រូវបាន​ទិញ​សិទ្ធ​យកទៅ​ផលិត​ក្នុងប្រទេស​វៀតណាម​។ទាំង The Rapper ថៃ និង​វៀតណាម​គឺជា​កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​ដែល​ទទួល​ការ​ពេញ និយម​ទស្សនា​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុងប្រទេស​ហើយ​បាន​បង្កើត​ធនធាន​តារាចម្រៀង​រ៉េ​ដែលមាន​សមត្ថភាព​និង​ទេពកោសល្យ​ជាច្រើន​ដូចជា​៖Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំង​តារាចម្រៀង​រ៉េ​ប​ផ្សេងៗ​ជាច្រើនរូប​ទៀត​។​

​តាមរយៈសន្និសីទ​សារពត៌មាន​បានឱ្យដឹង​ថា The Rapper Cambodia ផ្តោត​សំខាន់​ទៅលើ​ការស្វែងរក​បេក្ខជន​ដែលមាន​ទេពកោសល្យ​ជំនាន់​ថ្មី​
​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ក៏ដូចជា​ឆាក​វេទិកា​បញ្ចេញ​សមត្ថភាព​ច្រៀង​រ៉េ​ប សមត្ថភាព​ក្នុង​ការលេង​ពាក្យសម្តី​រួច​សរសេរ​ដាក់ចូល​ក្នុង​អត្ថបទ​ចម្រៀង​របស់ខ្លួន​យកទៅ​ច្រៀង​រ៉េ​ប​ឱ្យ​ទស្សនិកជន​ជ្រួតជ្រាប​។ ដើម្បី​ចូលរួម​ការប្រឡង បេក្ខជន​ទាំងអស់ ឬ​ហៅថា Rappers ត្រូវតែ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ហើយ​មាន​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់​ក្នុង​ការនិពន្ធ និង​ច្រៀង​រ៉េ​ប​ដើម្បី​ទាក់ទាញ​ចិត្ត ចំណាប់អារម្មណ៍ ការ​ស្ងើចសរសើរ​ពី គណៈកម្មការ​ទាំង​២​រូប និង​ទស្សនិកជន​ដែល​កំពុង​ទស្សនា តាមរយៈ​ការជួយ​ជ្រុម​ជ្រែង បង្ហាត់​ណែនាំ​ពី គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​៤​រូប​។ បេក្ខជន​ដែលជា​ម្ចាស់​ជ័យលាភី​នៃ​កម្មវិធី​នឹង​ទទួលបាន​ប្រាក់រង្វាន់​៤០​លាន​រៀល ($10,000 US Dollars) ក៏ដូចជា​ឱកាស​ចាប់ផ្តើម​អាជីព​ជា​តារាចម្រៀង​រ៉េ​ប ការចូលរួម​សម្តែង​ផ្សេងៗ​នាពេល​អនាគត​។​

​កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​នេះ​នឹងធ្វើ​ការចាក់ផ្សាយ​វគ្គ​ដំបូង​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលា​រាត្រី ចាប់ពី​ម៉ោង​៩ ដល់ ម៉ោង​១០:៣០​នាទី រីឯ​វគ្គ​បន្តបន្ទាប់​នឹង​ចាក់ផ្សាយ​ជា​រៀងរាល់ ថ្ងៃ អាទិត្យ រហូតដល់ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣​។ សម្រាប់​វគ្គ​ចុងបញ្ចប់​រដូវ​កាល​ទី​១​នឹងមាន​ធ្វើការ​ចាក់ផ្សាយ​បន្ត​ផ្ទា​ល់ពី​ឆាក​វេទិកា​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​មហាជន​ច្រើន​កុះករ​រង់ចាំ​ទស្សនា​។ រាល់​ព័ត៌មាន​នានា​ទាក់ទង​នឹង​វគ្គ​ចុងបញ្ចប់​នឹងត្រូវ​ផ្សព្វផ្សាយ​តាម​ពេល​ក្រោយ​។​

​ភាគី​ចូលរួមចំណែក​ក្នុង​ការផលិត​កម្មវិធី The Rapper Cambodia

The Rapper Cambodia ត្រូវបាន​ផលិត​ដោយ​ផលិតកម្ម​បារមី​រួមសហការ​ជាមួយ​ភ្លើង​គប់​។​The Rapper Cambodia ត្រូវបាន​ឧបត្ថម្ភ ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហនុមាន​ដែលជា​ក្រុមហ៊ុនស្រា​បៀរ​ទទួលបាន​នូវ​ការពេញនិយម​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយក៏​ជា​ក្រុម​ហ៊ុន​ដែល​ស្រលាញ់​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​ចម្រៀង​រ៉េ​ប​នៃ​កម្មវិធី​The Rapper Cambodia យ៉ាង​មាន​មោទកភាព ក្រៃលែង​។​

លោក ផន​មុត ច័ន្ទ​ឧ​ត្ត​ម តំណាង​ក្រុមហ៊ុនស្រា​បៀរ​ហនុមាន ប៊ែ​វើ​រី​ជី​ស​ និយាយ​នៅក្នុង​សន្និសីទ​សារពត៌មាន​ថា​៖“​ពួកយើង​មាន​មោទកភាព​ក្រៃ​លែ​ង​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ដ៏​ល្បីល្បាញ មាន​ប្រជាប្រិយភាព​ក្នុងការ​ចូលរួម​ជួយ​លើកស្ទួយ​ភាព​អស្ចារ្យ​នៃ​សិល្បករ​សិល្បការ​នី​ទាំង​ក្មេង ចាស់​។​ក្រុមហ៊ុនស្រា​បៀរ​ហនុមាន មាន​ភាពជឿជាក់​ក្នុងការ​វិនិយោគ​ទៅលើ​សិល្បករ​ជំនាន់​ក្រោយ​ដែលមាន​សមត្ថភាព និង​ទេពកោសល្យ​ក្នុង​ការជួយ​ឱ្យ​សិល្បៈ​វប្បធម៌​ខ្មែរ​រីកចម្រើន​រុងរឿង​ល្បី​សុះសាយ​គ្រប់ទិសទី​គ្រប់​សម័យកាល​នាពេល​អនាគត​។​”

​កញ្ញា ឡ​រ៉ា ម៉ម នាយិកា​ប្រតិបត្តិCEO នៃ​ផលិតកម្ម​បារមី ហើយក៏​ជា ផលិតករ​ប្រតិបត្តិ Executive Producer នៃ​កម្មវិធី The Rapper Cambo​di​a​​បាន​បង្ហើប​ឱ្យដឹងថា​៖“​ផលិតកម្ម​បារមី​មាន​គោលជំហរ​ក្នុង​ការធ្វើ​វិនិយោគទុន​ទៅលើ​ការងារ​សិល្បៈ​ខ្មែរ​ក៏ដូចជា​សិល្បករ​សិល្បការិនី​ខ្មែរ​ហើយ​ដែល​សំខាន់បំផុត​នោះ​គឺ​ប្រជាជន​ខ្មែរ​ដែលជា​ទស្សនិកជន​ដ៏​ធំចម្បង​។​ពួកយើង​តែងតែ​ស្វះ​ស្វែងរក​ការច្នៃ​ប្រតិដ្ឋ​ថ្មីៗ​ដើម្បី​លើកកម្ពស់​កម្រិត​និង​គុណភាព​នៃ​សិល្បៈ​ខ្មែរ​ឱ្យ​កាន់តែ​ខ្ពង់ខ្ពស់​និង​ទាន់សម័យ​ជានិច្ច​។​ពួកយើង​បានឃើញ​ភាពជោគជ័យ​ក្នុងការ​បង្កើត​ពន្លក​តា​រា ចម្រៀង​រ៉េ​ប​ថ្មីៗ​ឱ្យ​រះ​ឡើង​យ៉ាង​ត្រចះត្រចង់​របស់​កម្មវិធី The Rapper ប្រទេស​ថៃ និង ប្រទេស​វៀតណាម​ហើយ​ពួក​យើ​ក៏មាន​គំនិត​សុទិដ្ឋិនិយម​ខ្ពស់​ថា​វា​ក៏​អាច​កើតឡើង​បាន​ដូច​គ្នា​ដែរ​ក្នុងប្រទេស​កម្ពុជា​។​ពួកយើង​សូម​សម្តែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅកាន់​ក្រុមហ៊ុនស្រា​បៀរ ហនុមាន ដែល​តែងតែ​ចូលរួម​សកម្មភាព​គាំទ្រ​លើកស្ទួយ​កម្មវិធី​សិល្បៈ និង​វប្បធម៌​ខ្មែរ​។ ពួកយើង​ទាំងអស់គ្នា​ជឿជាក់ថា​ពួកយើង​អាចមាន​សមត្ថភាព​ធ្វើការ​ផ្លាស់ប្តូរ​វប្បធម៌​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ហើយនឹង​បន្ត​ពង្រីក​សក្តានុពល​នៃ​ប្រទេស​កម្ពុជា​ឱ្យ​រុងរឿង​ថ្កើងថ្កាន​គ្រប់ទិសទី​។​”

​លោក អែន​ឌ្រូ ម៉ម នាយក​ប្រតិបត្តិ​ទីផ្សារ CMO នៃ​ផលិតកម្ម​បារមី ក៏បាន​ចូលរួមចំណែក​ក្នុង​កម្មវិធី The Rapper Cambodia ផងដែរ ដោយមាន​តួនាទី​ជា នាយក​ប្រតិបត្តិ និង​ដឹកនាំ​សម្តែង Executive Producer​។ លោក​បាន​ប្រាប់ថា​៖“​ពួកយើង​មាន​អារម្មណ៍​ថា​កំពុងតែ​ស្ថិតនៅក្នុង​អន្តរកាល​មួយ​ដែល​ផលិតកម្ម​តន្ត្រី​នានា​ក្នុងប្រទេស​កម្ពុជា​ងាក​មក​ចូលរួម​សាមគ្គី​គ្នា​ជា​ក្រុម​តែមួយ​ដើម្បី​អភិវឌ្ឍ​វិស័យ​សិល្បៈ​តន្ត្រី​ខ្មែរ​ឱ្យ​កាន់តែ​រីក​ធំធាត់​ឡើង ជាពិសេស​ស្មារតី មនសិកា និង​ឧ​ត្ត​ម​គតិ​ក្នុងការ​ជម្រុញ​លើកកម្ពស់ ឱ្យ​កាន់តែ​រុងរឿង​ខ្ពស់ត្រដែត​ឡើង​ដែល​ព្រឹត្តិការណ៍​បែបនេះ​មិនដែល​កើតមាន​ឡើង​ពីមុនមក​សោះ​។​ចាប់ផ្តើម​ពី​ផលិតកម្មបារមី បន្ទាប់មក​ផលិតកម្មCG Movementក្រោយមក KlapYaHandz ហើយ​រហូតដល់​សូម្បីតែ កំពូល​​តារាចម្រៀង​រ៉េ​ប​ជើងចាស់ Legendary ខ្មែរ​មួយជីវិត ក៏​ជិះ​យន្តហោះ​មក​ស្រុក​ខ្មែរ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សែន​អស្ចារ្យ​មួយ​នេះ​ផងដែរ​។ The Rapper Cambodia ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សមិទ្ធផល​នៃ​ការចូលរួម​សហការ​ផលិត និង​ការបោះ​ជំហាន​ទៅមុខ​នៃ​វិស័យ​តន្ត្រី​កម្ពុជា​។​ពួកយើង​បាន​ស្រ​ម៉ៃ​ឃើញ​វិស័យ​តន្ត្រី​មួយ​ដែល​សិល្បករ​មកពី​គ្រប់ទិសទី​អាច​ចូលមក​ចូលរួម​បង្កើត​បទ​ចម្រៀង​ដ៏​ពីរោះ​អស្ចារ្យ​ទាំង​ទីផ្សារ​ក្នុងប្រទេស និង​ទីផ្សារ​អន្តរជាតិ​។​”

​កញ្ញា រិទ្ធី លម្អ​ពេជ្រ ហៅ យ៉ូ​គិ ដែលជា​អ្នកដឹកនាំ Director នៃ​កម្មវិធី The Rapper Cambodia និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ផលិតកម្ម ភ្លើង​គប់ បាន​និយាយថា​៖ “​នៅពេល​ខ្ញុំ​ថត ជួប ស្តាប់ បេក្ខជន​នានា​មាន​ប្រធានបទ​មួយ​បាន​លេចចេញ​ឡើង​នៅ​ពី​ខាង​មុ​នៃ​គោលបំណង​ផលិតកម្ម​វិធី​នោះ​គឺ​ក្តី​សង្ឃឹម​។ វា​ពុំមែន​គ្រាន់តែ​ជា​ក្តីសង្ឃឹម​រៀងខ្លួន​ឡើយ​ប៉ុន្តែ​វា​គឺជា​ក្តីសង្ឃឹម​នៃ​របៀប​ដែល​យើង​បង្កើត​សិល្បៈ​ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ជីវិត ផ្លាស់​ប្តូរ​ពិភពលោក​។ ខ្ញុំ​មិន​គិតថា ខ្ញុំ​ធ្លាប់​បានឃើញ​បេក្ខជន​ធ្វើការ​ដាក់​បន្ទាបខ្លួន​ចង់ដឹង ចង់​រៀន​ចង់​ចែករំលែក​រឿង​ផ្ទាល់ខ្លួន​ផ្សេងៗ​យ៉ាង​មាន​មោទក​ភាព​សម្បើម​អស្ចារ្យ​ជាពិសេស​មោទកភាព​ជាតិខ្មែរ​ហើយក៏​មានរឿង​រ៉ាវ​បេក្ខជន​ខ្លះ​នឹង​ធ្វើឱ្យ​ទស្សនិកជន​មាន​អារម្មណ៍​ថា​ចាក់​ដោត ញ័រ​ទ្រូង ហូរ​ទឹកភ្នែក អួលដើមករ​ដោយ​មិនដឹង​ខ្លួន ដែល​រឿង​ទាំងនេះ​អាច​ត្រលប់​ជា​ថ្នាំ​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ពួកគេ​ទៅវិញ​។ ខ្ញុំ​ជឿថា​កម្មវិធី The Rapper Cambodia នឹង​ធ្វើឱ្យរញ្ជួយ​ញាប់​ញ័រ​វិស័យ​សិល្បៈ​តន្ត្រី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​វា​ក៏​ចូលរួមចំណែក​ជួយ​លុបបំបាត់​ផ្នត់គំនិត​អវិជ្ជមាន​ដែល​ប្រជាជន​កម្ពុជា​ធ្លាប់មាន​ចំពោះ​សិល្បៈ​ចម្រៀង Hip Hop ផងដែរ​។​កម្មវិធី​នេះ​នឹង​បើក​ចំហរទ្វារ​ថ្មី​ដើម្បី​ទទួលយក​បណ្តា​សំនៀង​ថ្មីៗ​ពី​គ្រប់​តំបន់​ក្នុងប្រទេស ហើយ​ធ្វើការ​ផ្លាស់ប្តូរ​ផ្ទាំងទស្សនីយភាព​ក្នុង​វិស័យ​តន្ត្រី​កម្ពុជា​។​”

​កំពូល​តារាចម្រៀង​រ៉េ​ប និង​ជា​ផលិតករ លោក វណ្ណដា ដែល​ជាណៈក​ម្មការ​ក្នុង​កម្មវិធី នឹងមាន​តួនាទី វិនិច្ឆ័យ​សមត្ថភាព ប្រឹក្សា​ឱ្យយោបល់ ហើយក៏​ជាតា​រា​នាំ​បណ្តាល​ចិត្ត​បេក្ខជន​មក​ចូលរួម​ប្រឡង​ផងដែរ​។​

​លោក វណ្ណដា នៅតែ​ជាប់​ជា​កំពូល​តារាចម្រៀង​រ៉េ​ប​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងប្រទេស​កម្ពុជា​រាប់​ចាប់តាំងពី ខែ មករា ឆ្នាំ ២០១៩ ជាមួយនឹង​ការ​ចេញ​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា “​ជោរ J+O” ដែល​បទ​នេះ​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ និង​ទំនើបកម្ម​សិល្បៈ​តន្ត្រី​ខ្មែរ​យ៉ាង​ខ្លាំងក្លា​។ ចាប់តាំងពី​ពេលនោះ​មក លោក វណ្ណដា ក្លាយជា​សិល្បករ​ដែល​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់អារម្មណ៍​និយាយ​ពី​គាត់​ច្រើន​ខ្លាំង​បំផុត​នៅក្នុង​​​ប្រវត្តិសាស្ត្រ​​តន្ត្រី​កម្ពុជា ហើយ​រាល់​បទ​ចម្រៀង​របស់គាត់​បានទទួល​ការពេញនិយម​ពី​អ្នកគាំទ្រ​និង​អ្នក​ស្តាប់​ពាសពេញ​ពិភពលោក​។​

វណ្ណដា បាន​និយាយថា​៖ “​ជំរាបសួរ​ទាំងអស់គ្នា​! ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​រីករាយ និង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី សន្និសីទ​សារព័ត៌មាន​នៅក្នុង​ថ្ងៃនេះ ក៏ដូចជា​ធ្វើជា Prodcuer នៅក្នុង​កម្មវិធី The Rapper Cambodia ។ កាលពី​ខ្ញុំ​នៅ​តូច​ខ្ញុំ​នៅ​ជាមួយ​គ្រួសារ​មួយ​ដែល​មាន​ឱ​ពុក​ម្ដាយ​គឺជា​អ្នកលក់​ដូង ហើយ​ខ្ញុំ​ត្រឹម​ជា​ក្មេង​កោសដូង​ម្នាក់​ប៉ុណ្ណោះ​។​ជីវិត​វា​ហាក់​ឆ្លងកាត់​រឿង​ជាច្រើន​ទម្រាំ​អាច​មកដល់​ថ្ងៃនេះ​។ ជាច្រើន​ឆ្នាំកន្លងមក ខ្ញុំ​នៅ​ជាមួយបារមីឃើញថា​ពួកយើង​បានធ្វើ​រឿង​ដែល​អស្ចារ្យ​ជាច្រើន​សម្រាប់​វិស័យ​ចម្រៀង Rap និង HipHop នៅក្នុង​ប្រទេស​កម្ពុជា  រ​បស់​យើ់ង​។ ខ្ញុំ​តែងតែ​ប្រាប់​ទៅដល់​អ្នក​សិល្បករ​ជំនាន់​ក្រោយ​ថា​យើង​អាច​ចាប់ផ្ដើម​ក្ដី​ស្រមៃ​របស់​យើង​បាន​គ្រប់ពេលវេលា ទោះបីជា​នៅក្នុង​បន្ទប់​គេង​ក៏​យើង​អាច​ចាប់យក​ឱកាស​នៅក្នុង​ការរៀន​សរសេរ​បទ​ចម្រៀង​កុំ​ចាំ​រហូត​ទាល់តែ​អ្ន​ទាំងអស់គ្នា​មាន​ពេល ប៉ុន្តែ​សូម​ចាប់ផ្ដើម​ពី​ឥលូវ​នេះ​។ តាម​ចាប់​ក្ដី​ស្រមៃ​របស់​អ្នក ដោយមាន​ភាពជឿជាក់​ទៅលើ​ខ្លួនឯង មាន​ភាព​អត់ធ្មត់​និង​ការតស៊ូ​ព្យាយាម ហើយ​ខ្ញុំ​ជឿថា​អ្នក​អាចធ្វើ​វា​បាន “You can be great without being greater than anybody else” បច្ចុប្បន្ននេះ​ខ្ញុំ​ឃើញថា​ក្មេងជំនាន់ក្រោយ​ដែល​ពួកគាត់​ពោរពេញ​ទៅដោយ​សមត្ថភាព​។ កាលពី​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​មិនមាន​អ្វី​នោះទេ​ប៉ុន្តែ​ខ្ញុំ​មាន​សម្លេង សម្លេង​ដែល​ខុសពី​អ្នក​ដ៏​ទៃ ហេតុនេះ​ខ្ញុំ​ត្រូវ​ប្រើប្រាស់​សម្លេង​មួយ​នេះ​ប្រកបដោយ​ភាពត្រឹមត្រូវ សុចរិត និង​មាន​ទំនួល​ខុសត្រូវ​។ ហើយ​នេះ​គឺជា​គ​ន្លឺះ​មួយ​ក្នុង​ចាប់ផ្ដើម​ស្វែងរក​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​។​”

​រីឯ​លោក ជូ​វី លីន ដែលជា​ផលិតករ​នៃ​កម្មវិធី​ហើយក៏​ជា​តារាចម្រៀង​ប៉ុប​ដ៏​ល្បីល្បាញ​មួយរូប​មកពី​ក្រុម​Polarix​។​លោក​គឺជា​សិល្បករ​ពហុ​ជំនាញ​ដ៏​ឆ្នើម​ក្នុង ការ​ច្រៀង ដឹកនាំ​សម្តែង​ថត​វីដេអូ​បញ្ចេញ​គំនិត​ច្នៃ​ប្រតិដ្ឋ​ផ្សេងៗ​។​លោក​ជូ​វី​លីន​មាន​ស្នាដៃ​ជួយ​ផលិតកម្ម​បារមី​ឱ្យ​ឈាន​រះ​ខ្ពស់​ឡើងលើ​ឆាក​អន្តរជាតិ​នានា គាត់​មាន​បទពិសោធ​ធ្វើការ​ជា នាយក​ផ្នែក​ការដឹកនាំ​សម្តែង​និង​បង្កើត​គំនិត​ច្នៃ​ប្រតិដ្ឋ​រយៈពេល​៤​ឆ្នាំ​ជាង​។

​លោក ជូ​វី​លីន មិន​ត្រឹមតែ​ធ្លាប់​ចេញ​បទ​ចម្រៀង​រ៉េ​ប​ល្បី​ផ្ទុះ​ខ្លាំង​ដូចជា​៖“Japey” និង “ Follow Ma Dance” តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​ធ្លាប់​កាន់ការ​ងារ​ខាង​ផ្នែក ច្នៃប្រឌិត​មើលឃើញ Visual Innovation រាល់​គ្រប់​ស្នាដៃ​សិល្បៈ​ស្អាតៗ​ប្រណិតៗ​របស់​ផលិតកម្ម​បារមី​ទាំងអស់​ហើយ​​ថែម​ទាំង​​ធ្លាប់​ដឹកនាំ​ការថត​សម្តែង​វីដេអូ​បទ​ចម្រៀង​សិល្បករ​លំដាប់​ខ្ពស់​ដូចជា​៖ “Bok Kalo” និង “Daddy Da & King​។​” លោក ជូ​វី​លីន មិន​ត្រឹម​តែមាន​ជំនាញ​ជា​តារាចម្រៀង​រ៉េ​ប និង​តារាចម្រៀង​អាជីព​នៅខាងមុខ​កាំ​មេ​រ៉ា​តែប៉ុណ្ណោះ​ទេ​នៅ​ខាងក្រោយ​កាំ​មេ​រ៉ា​លោក​គឺជា​នាយក​ផ្នែក​ការដឹកនាំ​សម្តែង​និង​បង្កើត​គំនិត​ច្នៃប្រឌិត​ផងដែរ​។

​លោក ជូ​វី​លីន បាន​និយាយថា​៖“​សួស្ដី ជាដំបូង​ខ្ញុំបាទ ជូ​វី លីន សូម​គោរព​ទៅដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស និង​គ្រប់​ផលិតកម្ម​ដែល​បាន​ចូលរួម​ក្នុង​ការផលិត​កម្មវិធី The Rapper Cambodia ​ឆ្លៀតឱកាស​នេះ​ខ្ញុំ​សូម​ណែនាំ​ខ្លួន​ជាថ្មី​ម្ដងទៀត​ទៅកាន់​ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់ និង​តាមរយៈ Live ខ្ញុំ​បាន​ចូលរួម​ផលិត​នៅ​ការងារ​សិល្បៈ​ជាច្រើន ជាពិសេស​នៅក្នុង​ការដឹកនាំ ចក្ខុវិស័យ​របស់​សិល្ប​ករ សិល្ប​ការិនី​ឱ្យចេញ​ទៅ​ក្លាយជា​រូបរាង ដោយ​ការងារ​ទាំងអស់នេះ​បាន​បង្រៀន​និង​បង្ហាញ​ខ្ញុំ​ឱ្យឃើញ​គ្រប់​ជ្រុងជ្រោយ​នៃ​វិស័យ​សិល្បៈ​នៅ​ប្រទេស​ខ្មែរ​យើង ហើយក៏​សូម​អរគុណ​ទៅកាន់ The Rapper Cambodia ដែល​បានជ្រើសរើស​ខ្ញុំ​ធ្វើជា Producer មួយរូប ហើយ​នេះ​គឺជា​ឱកាស​ដែល​អាចជួយ​ឱ្យ​ខ្ញុំ​សម្រេច​បំណង​មួយ ដែល​តែងតែ​ចង់​ជម្រុញ បណ្ដុះបណ្ដាល​និង​ចែករំលែក​ទៅដល់​សិល្បករ សិល្បការិនី​ជំនាន់​ក្រោយនេះ​។

​ជា​ចុងក្រោយ​ជូ​វី​លីន សូម​អញ្ជើញ​ពូ​មីង បងប្អូន​ខ្មែរ​យើងទាំងអស់គ្នា​ចូលរួម​ទស្សនា ក៏ដូចជា​ជួយ​លើក​ដ​ម្កើ​ន​វិស័យ​សិល្បៈ Hip Hop ឱ្យ​កុះករ​ជា​នេះ ខ្ញុំ​ហ៊ាន​ធានាថា​អ្នក​ទាំងអស់គ្នា​នឹង​បានឃើញ​កម្មវិធី​ប្រលង​រ៉េ​ប​ដ៏​អស្ចារ្យ​ដំបូង​បំផុត​នៅ​ប្រទេស​ខ្មែរ​ព្រមទាំង​បានឃើញ​សិល្បករ សិល្បការិនី​ដែល​ត្រៀម​រះ ។ សូម​អរគុណ​!”

​លោក Norith តារា RAP LYRICS បែប​មនោសញ្ចេតនា​មុខស្មើ និង New School មកពី​ក្រុម POLARIX នៃ​ផលិតកម្ម​បារមី​និង​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​The Rapper Cambodia ។​លោក Norith បាន​និយាយថា​៖“​ខ្ញុំ​មាន​អារ​ម្ម​ណ៏​សប្បាយចិត្ត​ខ្លាំង​មែនទែន​ដែលមាន​ឱកាស​បាន ចូលរួម​ធ្វើជា Coach នៅក្នុង​កម្មវិធី The Rapper Cambodia ជា​លើកដំបូង​ហើយក៏​ជា​កិត្តិយស​ដែល​បានធ្វើការ​ជាមួយ​រៀមច្បង​និង​សិល្បករ​ដែល​មកពី​ផលិត​កម្ម​ផ្សេងគ្នា យើង​សហការគ្នា​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​វិស័យ Hip Hop ស្រុក​ខ្មែរ​ខ្ញុំ​ហ៊ាន​ធានាថា​កម្មវិធី​នេះ​គឺ​នឹងមាន​គ្រប់​រសជាតិ ទាំង​ផ្អែម​ជូរចត់ ល្វីង សប្បាយ កើតទុក្ខ រ​ភើ​ប ក៏ដូចជា​មានរឿង​ជាច្រើន​ដែល​ទាំងអស់គ្នា​នឹងsurprise ហើយ​ដូច​ទាំងអស់គ្នា​​ដឹង​​ហើយ​ថា Coach នីមួយៗ​មាន​style ផ្សេងៗ​គ្នា បេក្ខជន​យើង​ក៏​ដូចគ្នា​គាត់​មាន​style ផ្សេងៗ​គ្នា​ចឹ​ង​រសជាតិ​នៃ​show របស់​យើង​គឺ​នឹងមាន​ខុសៗ​គ្នា​ដូច្នេះ​យើង​រងចាំ​មើល​ទាំងអស់គ្នា​ថា​តើ​បេក្ខជន​មកពី​កូនក្រុម coach មួយណា​ដែល​នឹង​ក្លាយជា​ម្ចាស់​ពាន​។​”

​លោក KingChi តារា RAP ស្តេច​ចុង​ជួន​រណ្តំ​ចិត្តមកពី CG MOVEMENT និង​ជា​គ្រូបង្វឹកក្នុង​កម្មវិធីThe Rapper Cambodia​។លោក King​Chi បាន​និយាយថា​៖ “​ក្នុង​មាន​ខ្ញុំ​ជា Caoch មួយរូប​នៅក្នុង​កម្មវិធី The Rapper Cambodia នេះ សម្រាប់​បេក្ខជន​ដែល​ត្រូវ​មក​ប្រឡង គឺ​ខ្ញុំ​ចង់ឃើញ​គាត់​មាន​លក្ខណៈពិសេសៗ​ដូចជា​ទីមួយ ពួកគាត់​មាន​សមត្ថភាព​ក្នុងការ​ចូលរួម​ប្រកួត ហើយក៏​ដូចជា​ឆ​ន្ទះ និង​ភាព​អត់ធ្មត់ ហើយ​អ្វីដែល​ពិសេស​មួយទៀត ខ្ញុំ​ចង់ឃើញ​អ្វីដែល​គាត់​មាននៅ​ក្នុង​ខ្លួន និង ភាពជឿជាក់​លើ​ខ្លួនឯង​ពីព្រោះ​កាលណា​ដែល​ពួកគាត់​មាន​ភាពជឿជាក់​លើ​ខ្លួនឯង នោះ​បេក្ខជន​ទាំងអស់​នឹង​អាច​ពុះពារ​គ្រប់​ឧបសគ្គ និ​គ្រប់​វិញ្ញាសារ​ទាំងអស់​។ កម្មវិធី​ប្រឡង The Rapper Cambodia នេះ​មិនមែន​ត្រឹមតែ​ជា​កម្មវិធី​ប្រលង​ស្វែងរក​កំពូល​តារាចម្រៀង​រ៉េ​ប​ប៉ុណ្ណោះ​ទេ កម្មវិធី​មួយ​នេះ​ប្រៀបដូចជា​ថ្នាក់​បណ្ដុះបណ្ដាល ថ្នាក់​បង្រៀន​ក្នុងការ​រ៉េ​ប​ទៅដល់​បេក្ខជន​គ្រប់រូប​។ ហេតុនេះ​ខ្ញុំ​ចង់ឱ្យ​ពួកគាត់​ជឿជាក់​លើ​ខ្លួនឯង ហើយ​ស្បាយ​យក​សមត្ថភាព​ខ្លួនឯង ដើម្បី​មក​ប្រឡង​ក្នុង​កម្មវិធី​មួយ​នេះ ឱ្យ​ខ្ញុំ​ជា Coach និង Producer ទាំងអស់​ដុះ​ខាត​សមត្ថភាព​បេក្ខជន​ទាំងអស់​ឱ្យ​កាន់តែខ្លាំង​។​”

​លោក RuthKo គឺជា​តារា​Rap វ័យក្មេង​អាច​លែង​គ្រប់​រសជាតិ​មកពី KLAPYAHANDz និង​ជា​គ្រូបង្វឹក ក្នុង​កម្មវិធី The Rapper Cambodia ។ លោក Ruthko បាន​និយាយថា​៖ “​ជាក់ស្តែង​តាមរយៈ​កម្មវិធី The rapper Cambodia ខ្ញុំ​បាន​សង្កេតឃើញថា​យុវជន​យុវនារី​ខ្មែរ​យើង​ជាច្រើន​ពិត​ជាមាន​សមត្ថភាព​ក្នុងការ​និពន្ធ​តាក់តែង​ចំរៀង​មែន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក៍​ដូចជា Coach និង Producer​ដទៃ​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​ហើយ​មាន​មោទន​ភាព ដែល​កូន​ខ្មែរ​មាន​ទេពកោសល្យ​ច្រើន​បែបនេះ ជាពិសេស​ពួកគាត់​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​សរសេរ​ប៉ា​រូ​ល លេង​ពាក្យ​ចុង​ជួន ហើយក៏​ឃើញ​មានការ​ប​ញ្ជូ​ល​នូវ​វប្បធម៌​ខ្មែរ​បូកផ្សំ​ជាមួយនិង Rap hip hop ដែល​ធ្វើ​ឲ្យ​កាន់តែ​ទាក់ទាញ​ចិត្ត​ទាក់ទាញ​អារម្មណ៍​របស់​អ្នកទស្សនា​ដោយ​មិន​សរសើរ​មិនបាន​ផងដែរ គឺ​ខ្ញុំ​ពិតជា Proud នឹង​ពួកគាត់​មែនទែន​។​”

​លោក Khmer1jivit គឺជា​តារា RAP LEGENDARY និង​ជា​គ្រូបង្វឹក ក្នុង​កម្មវិធី The Rapper Cambodia ។ លោក Khmer1jivit បាន​និយាយ​ថា​៖ “​សំរាប់​កា​ត្រៀមខ្លួន​របស់ខ្ញុំ គឺ​ខ្ញុំ​មិន​ត្រឹមតែ ត្រៀម​បង្វឹក​ប​ក្ខេ​ជន​កូនក្រុម​ខ្ញុំ​ប៉ុន​ណោះ​ទេ​គឺ​ខ្ញុំ​ត្រូវ​បង្វឹក​ខ្លួន​ខ្ញុំ​ផងដែរ​ដើម្បី​ធ្វើជា​គ្រូបង្វឹក ដោយ​ប្រើប្រាស់​សមត្ថភាព​នឹង​ជំនាញ​ខ្ញុំ​ទាំង​ប៉ុន្មាន​ក្នុងកា​ផលិត rap music ក៍​ដូចជា​original song ដល់​បេក្ខជន​យើង​។ បើ​ប្រៀបធៀប​ទៅ​hiphop ប្រទេសក្រៅ ខ្ញុំ​សុំ​ត្រឹម​និយាយ​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍ ព្រោះ​ខាង​លោកខាងលិច​ជាពិសេស​សហរ​ដ្ធ​អាមេរិក គឺជា​ទីកន្លែង​នៃ​ដើម​កំ​ណើ​ត​ហី​ប​ហប់​ស្រាប់​ទៅ​ហើ​យ ។ នៅ​អា​សុ​ី​អាគ្នេយ៍ ហី​ប​ហប់​ក្នុងប្រទេស​កម្ពុជា គឺមាន​កា​ដើរ​ក្រោយ​គេ តែមាន​ល្បឿន​ជិត​ស្មើ​គេ គ្រាន់តែ​យើង​នៅ​ក្មេងខ្ចី​បន្តិច ក្នុងកា​ផលិត នឹង​កំ​រឹត​យល់ដឹង​អំ​សេរីភាព​ក្នុងការ​និពន្ធ​។​”

សហ​ផលិតករ​នៃ​កម្មវិធី The Rapper Cambodia

​ផលិតកម្ម​បារមី​គឺជា​ផលិតកម្ម​រៀបចំ​និង​ដឹកនាំ​ការប្រគំ​តន្ត្រី​ខ្នាត​ធំ​និង​ផលិតកម្ម​ឌីជីថល​ដែលមាន​គុណភាព​ខ្ពស់​ចំណាត់ថ្នាក់​លេខ​១​ក្នុងប្រទេស​កម្ពុជា​ហើយក៏​ជា​ទ្រនំ​របស់​តារាចម្រៀង​លំដាប់ថ្នាក់​អន្តរជាតិ​ដូចជា​៖Vannda, Sophia Kao, Vanthan, Polarix,​ក្រុម​តន្ត្រី​ទើប​លេចចេញ​ពន្លក​La Cima Cartel​ហើយ​និង​សិល្បករ​ផ្សេងៗ​ទៀត​។​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ផលិតកម្ម​បារមី​បានធ្វើ​វឌ្ឍនភាព​និង​ទំនើបកម្ម​វប្បធម៌​ខ្មែរ​ជាមួយនឹង​តន្ត្រី Hip Hop ហើយ​ទទួលបាន​នូវ​ភាពជោគជ័យ​ធំៗ​ដូចជា​៖ បទ​ចម្រៀង Time To Rise របស់លោក វណ្ណដា​បាន​ផ្ទុះ​យ៉ាង​កក្រើក​ខ្លាំង​លើ​ឆាក​អន្តរជាតិ ហើយ​និង​ការប្រគំ​តន្ត្រី​ទេសចរណ៍​សិល្បករ​ទោល Solo Artist “ Skull Tour” ឆ្លងកាត់​៥​ខេត្ត​រាជធានី​។ ផលិតកម្ម​បារមី​បាន​ជំនះ​ឧបសគ្គ​ក៏ដូចជា​ត្រួសត្រាយ​ផ្លូវ​ឱ្យ​សិល្បករ​ខ្មែរ​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​តន្ត្រី​អន្តរជាតិ​ល្បីៗ​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​តំបន់​អា​ស៊ី​អាគ្នេយ៍​ដូចជា Big Mountain Music Festival, Wonderfruit, និង Maho Rasop Music Festival ក្នុងប្រទេស​ថៃ ថែមទាំង ASEAN Music Showcase នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ​។​

​ភ្លើង​គប់ គឺជា​អង្គ​ការមិន​ស្វែងរក​ប្រាក់កម្រៃ ដែល​ត្រូវបាន​បង្កើត​និង​ធ្វើ​ប្រតិបត្តិ​ការឡើង​ដោយ សិស្ស និ​សិ​ត្ស​ដែល​ស្រលាញ់​សិល្បៈនិង​មាន​គោល​បំណង​ចង់ឱ្យ​សិល្បៈ​ខ្មែរ​ពី​អតីតកាល​រួសរាន​មានជីវិត​ឡើងវិញ​ដោយ​ធ្វើការ​រៀបចំ​បង្កើត​ព្រឹត្តិការណ៍​សិល្ប​វប្បធម៌​ដែល​អាច​រួបរួម​ប្រជាជន​ខ្មែរ​ដែល​កំពុង​រស់នៅ​ទាំង​ក្នុង​មាតុប្រទេស​និង​តាម​បណ្តា​ប្រទេស​នានា​ឱ្យជួយ​ផ្សព្វផ្សាយ​បំផុសបំផុល​សិល្បៈ​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផ្សេងៗ​ពាសពេញ​ពិភពលោក​៕​Ph