ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ហ្វីលីពីន​និង​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ​ទី​៨​កញ្ញា​បាន​ពង្រឹង​សម្ពន្ធភាព​សន្តិសុខ​និង​សេដ្ឋកិច្ច​របស់​គេ​ជាមួយនឹង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​នៅ​ពេល​ប្រទេស​ទាំង​ពីរ​ស្វះស្វែង​រួម​គ្នា​ទប់ទល់​នឹង​ឥទ្ធិពល​កាន់តែ​កើន​ឡើង​របស់​ចិន​នៅក្នុង​តំបន់​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សំរេច​ឡើង​ក្រោយ​ជំនួប​មួយ​រវាង​ប្រធានាធិបតីហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អ៊ែន​ថូ​នី អាល់​បា​នី​ស​នៅ​ទីក្រុង​ម៉ានីល​។​

​ប្រធានាធិបតីហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ ជួប​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អ៊ែន​ថូ​នី អាល់​បា​នី​ស​នៅ​ទីក្រុង​ម៉ានីល​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​អាល់​បា​នី​ស កត់សំគាល់​កិច្ចពិភាក្សា​ទ្វេភាគី​លើកដំបូង​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​២០​ឆ្នាំ​មកនេះ និង​កើតឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់​របស់​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​ម​កាន់​ប្រទេស​កម្រង​កោះ​អាស៊ីអាគ្នេយ៍​នេះ​ចាប់​តាំងពី​លោក​ម៉ាកូស​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០២២​។​

​ក្រោម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ប្រទេស​ជា​ដៃគូ​នឹង​ស្វះស្វែង​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ជា​ច្រើន​ចាប់​ពី​យោធា​និង​សន្តិសុខ រហូត​ដល់​ការប្រែប្រួល​អាកាសធាតុ​និង​ការសិក្សា​អប់រំ​។​

​ក្រោយ​ការចុះ​កិច្ចព្រមព្រៀង លោក​អាល់​បា​នី​ស​បាន​ប្រាប់​ពួក​មន្ត្រី អ្នក​ការទូត​និង​អ្នកយកព័ត៌មាន​ថា «​ការដំឡើង​កំរិត​នៃ​កិច្ចសហការ​នេះ​ជា​និម្មិត​រូប​សំខាន់​មួយ​នៃ​កម្លាំង​នៃ​ទំនាក់ទំនង​របស់​យើង ព្រមទាំង​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​យើង​ថា​នឹង​រួមគ្នា​ធ្វើ​ការងារ​បន្ថែម​»​។​

​ពេល​ចាប់ផ្តើម​កិច្ចពិភាក្សា លោក​ម៉ាកូ​សបាន​អរគុណ​«​ការគាំទ្រ​រឹងមាំ​»​របស់​មេដឹកនាំអូស្រ្តាលី​ចំពោះ​ហ្វីលីពីន នៅពេល​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ស្វះស្វែង​ពង្រឹង​ជំហរ​ស្តី​ពី​ការអះអាង​ដែនទឹក​ជាន់គ្នា​ជាមួយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕