ដោយៈសុផល/ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមពិធីសម្ពោធពិព័រណ៍ អន្តរជាតិលើកទី១៧ (ITE-HCMC 2023) ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»។ បន្ទាប់ពីការកាត់ខ្សែបូ លោករដ្ឋមន្រ្តី បានចូល រួមទស្សនាស្តង់ពិព័រណ៌ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាច្រើន។
ទន្ទឹមនឹងនេះ នៅពន្លាពិព័រណ៍របស់កម្ពុជា មានការសម្តែងរបាំ ជូនពរ ស្វាគមន៍ និងសិល្បៈវប្បធម៌ប្រពៃណីដើម្បីបង្ហាញពីទេសចរណ៍ វប្បធម៌ធម្មជាតិដ៏ល្អផូផង់របស់កម្ពុជា ព្រមទាំង មានការផ្តល់ជូននូវ វត្ថុអនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ផងដែរ។
ដោយឡែកសម្រាប់ផ្នែកឯកជន ដែលមានចំនួន ១១ក្រុមហ៊ុនក៏មាន ការណាត់ជួបរវាងដៃគូធុរកិច្ចទេសចរណ៍ លក់ផលិតផលនិងកញ្ចប់ ទេសចរណ៍ផ្សេងៗ ដើម្បីជំរុញការមកទស្សនានៅកម្ពុជាផងដែរ។
ក្រោយពីបញ្ចប់ការទស្សនាតាមស្តង់ពិព័រណ៍លោករដ្ឋមន្រ្តីបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះស្ដីពី“ការយល់ដឹងអំពីបរិវត្តកម្មឌីជីថលក្នុង ការជំរុញការអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកាទេសចរណ៍ កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។
នៅក្នុងវេទិកាទេសចរណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដែលរួមមាន លោកNguyen Triet អតីតប្រធានាធិបតី,លោក Truong Hoa Binh អតីត ឧបនាយករដ្ឋមន្រ្តីវៀតណាម, លោក Tran Hong Ha ឧបនាយករដ្ឋមន្រ្តីវៀតណាម, លោក Nguyen Thien Nhan អគ្គលេខាធិការបក្សកុម្មុយនីស្តនៃទីក្រុងហូជីមិញ និងលោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម, ព្រមទាំងមានការចូលរួម ពីអនុរដ្ឋមន្រ្តីទេសចរណ៍មីយ៉ាន់ម៉ា និងឡាវ តំណាងអាជ្ញាធរ ទេសចរណ៍ថៃ អគ្គកុងស៊ុលពីបណ្ដាប្រទេសនានា និងវិស័យឯកជន សរុបប្រមាណ២៥០នាក់។
នាល្ងាចថ្ងៃ៧កញ្ញាដដែលមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំទស្សនកិច្ចតាមដងទន្លេទីក្រុងហូជីមិញនិងអាហារពេលល្ងាចប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តា ប្រទេសនីមួយៗដែលបានចូលរួមព្រឹត្តិការណ៍នេះ៕សរន / N