នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ អាស៊ាន​ត្រូវតែ​បន្តធ្វើ​សកម្មភាព និង ផ្តោត​សំខាន់​លើ​សមាហរណកម្ម​សេដ្ឋកិច្ច និង ការច្នៃប្រឌិត​

1111
ចែករម្លែក

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​សីហា​នេះ​ថា ខណៈដែល​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ផ្អែកលើ​ច្បាប់​បាន​ស្ថិតនៅក្រោម​សម្ពាធ​នោះ អាស៊ាន​ត្រូវតែ​បន្តធ្វើ​សកម្មភាព និង​បន្តធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​អាស៊ាន​ទាំង ១០ និង​អ្នកការទូត​ជាច្រើន​នៅឯ​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​មណ្ឌល​សន្និបាត Singapore Expo ថា “​វា​មាន​សារៈសំខាន់​ណាស់​ដែល​អាស៊ាន​ត្រូវ​បន្ត​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និង​ធ្វើការ​ជាមួយ​ដៃគូ​ដែលមាន​គំនិត​ដូចគ្នា​ដើម្បី​ពង្រឹង​បណ្តាញ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​”​។​

​លោក​លី​បាន​បន្ថែមថា ជាមួយ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​កំពុងដំណើរការ តំបន់​នេះ​ត្រូវតែ​ប្រើប្រាស់​បច្ចេកវិជ្ជា​ពេញលេញ​ដើម្បី​នាំ​អាស៊ាន​ទៅជិត​គ្នា​កាន់តែខ្លាំង​ឡើង ប្រកាន់​យកគំនិត​ច្នៃប្រឌិត បង្កើត​ការតភ្ជាប់​ឌីជីថល និង ត្រៀមខ្លួន​សម្រាប់​អនាគត​។​

​លោក​បានប្រកាសថា សិង្ហ​បុរី​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​ជួយ​សមាជិក​មិនសូវ​អភិវឌ្ឍន៍​របស់​អាស៊ាន​ក្នុងការ​កាត់បន្ថយ​គម្លាត​ជាមួយ​ប្រទេស​សេសសល់​ដទៃទៀត​។

​ប្រទេស​នេះ​នឹង​បង្កើន​ការគាំទ្រ​របស់ខ្លួន​សម្រាប់​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន (IAI) ដើម្បី​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ការទទួលយក​បច្ចេកវិជ្ជា និង​ដំឡើង​មជ្ឈមណ្ឌល IAI របស់ខ្លួន​ក្នុងប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​ឱ្យទៅជា​មណ្ឌល​សហប្រតិបត្តិ​ការ​សិង្ហ​បុរី (SCCs)​។​

​លោក​លី​និយាយថា “​មណ្ឌល​ថ្មី​នេះ​នឹង​ពង្រីក​វិសាលភាព​នៃ​ជំនួយ​បច្ចេកទេស​របស់​យើង​និង​ផ្តល់នូវ​វិធីសាស្ត្រ​ថ្មីៗ​សម្រាប់​ការកសាង​សមត្ថភាព​ដែល​ហួស​ពី​ការបណ្តុះបណ្តាល​ក្នុង​ថ្នាក់រៀន​។ សិង្ហ​បុរី​សង្ឃឹមថានឹង​ចែករំលែក​បទពិសោធន៍​របស់​យើង​ក៏ដូចជា​រៀនសូត្រ​ពី​អ្នកជិតខាង​និង​ដៃគូ​របស់​យើង​”​។

​នៅក្រោម​កម្មវិធី IAI ដែល​ដាក់ចេញ​ក្នុង​ឆ្នាំ ២០០០ មណ្ឌល​បណ្តុះបណ្តាល​នៅ​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា ត្រូវបាន​បង្កើតឡើង​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ដ្រី​រដ្ឋាភិបាល​ក្នុង​តំបន់​ក្នុង​ផ្នែក​ជាច្រើន ចាប់ពី​ភាសា​អង់គ្លេស​រហូតដល់​រដ្ឋ​បាល​សាធារណៈ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង

ទីតាំងផ្សាយពាណិជ្ជកម្ម