សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត សួរសុខទុក្ខ​និង​ចែក​អំណោយ​គ្រួសារ​រងគ្រោះ ដោយ​ទឹកជំនន់ ១.៤៤២​គ្រួសារ​នៅ​ខេត្ដ​ត្បូងឃ្មុំ​

1132
ចែករម្លែក

ដោយ​: សុផល / ត្បូងឃ្មុំ​: សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយ​ទឹកជំនន់ ចំនួន​១៤៤២​គ្រួសារ ដែល​រស់នៅ ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ ។ កម្មវិធី​នេះ ប្រារព្ធ​ធ្វើឡើង​នៅ ទួល​សុវត្ថិភាព ឧកញ៉ា អាន ម៉ារ​ឌី ដែល​ស្ថិតនៅ​ក្នុងភូមិ ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​។​

​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​សម្ដេច​តែងតែ​យក​ចិ​ត្ដ​ទុក្ខ​ដាក់​និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដោយ​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​កន្លែង​ណា​មានទុក្ខ​លំបាក គឺមាន​កាកបាទក្រហម​កម្ពុជា ។​ជាក់ស្តែង ក្នុងអំឡុង​គ្រោះធម្មជាតិ ដោយសារ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្តស្ទឹងត្រែង​ជាដើម ក្នុង​រយ​:​ពេល​ជិត​កន្លះ​ខែ​មកនេះ កាកបាទក្រហមកម្ពុជា បាន​ចុះ​ចែក​នូវ​អំណោយ​ជា​ស្បៀង សម្ភារៈ​ផ្សេងៗ​ទៀត ភ្លាមៗ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ ដោយ​ទឹកជំនន់​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​អំពាវនាវ​ដល់ មន្ដ្រី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ដ​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់ និង​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅតាម​បណ្ដា​ខេត្ដ​ឲ្យ​បាន​ទាន់ពេលវេលា​ហើយ​ពេល​ទឹក​ស្រក​ទៅវិញ​ក៏ត្រូវ​តែ​បន្ដ​ជួយ​ផ្គត់ផ្គង់​សម្ភារ​មួយចំនួន ទៅដល់​ពួកគាត់​បន្ថែមទៀត ទៅតាម​តំរូវការ​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែងបន្ដថា «​ចំពោះ​គ្រោះធម្មជាតិ ដោយ​ទឹកជំនន់​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជាច្រើន​គ្រួសារ ទទួលរង​ការលំបាក ដូច្នេះ​សូម​មន្ដ្រី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​បន្ដ​យក​ចិ​ត្ដ​ទុក្ខ​ដាក់ គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពិសេស​ត្រូវ​ចុះជួយ​សង្គ្រោះ និង​ជន្លៀស​បងប្អូន​ដែល​រងគ្រោះ​ទាំងអស់ ទៅរក​ទីទួល​មាន​សុវត្ថិភាព និង​ផ្ដល់​ជា​ស្បៀង​សម្ភារ​ផ្សេងៗ ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​របស់​ពួកគាត់ ហើយ​ពេល​ទឹក​ស្រក​ទៅវិញ គឺ​ត្រូវ​បន្ដ​ផ្គត់​ផ្ដ​ង់ ឬ​ផ្ដល់នូវ​ស្បៀង សម្ភារ​ប្រើប្រាស់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​គ្រប់គ្នា ព្រោះថា ផលដំណាំ​មួយចំនួន និង​លំនៅឋាន​របស់​ពួកគាត់ ក៏ត្រូវ​បាន​ខូ​ត​ខាត​ផងដែរ​»​។​

​ទន្ទឹមនឹងនោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ ដោយ​ទឹកជំនន់​នេះ​ផងដែរ ត្រូវការពារ​កូនៗ​កុំ​ឲ្យ​លេង​ទឹក ត្រូវ​ពិសា​ទឹក​ដែល​ដាំ​ពុះ ពិសេស​ត្រូវ​សម្អាត​ទីទួល​ដែរ​យើង​រស់​នៅបាន​ឲ្យ​ស្អាត ហើយ​ពេល​ទឹកជំនន់​នៅតែ​បន្ដ​កើនឡើង​នេះ ក៏មាន​នូវ​សត្វ​ពស់​ច្រើន​ផងដែរ ដូចនេះ​ប្រុងប្រយ័ត្ន​ជានិច្ច ហើយ​មាន​ពស់​ចឹ​ង ត្រូវ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជន​បងប្អូន​ជាបន្ទាន់​»​។​

​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​បាន​ថ្លែង​បន្ថែមទៀតថា ពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញ សូម​បងប្អូន​ប្រជាពលរដ្ឋ សម្អាត​ជុំវិញ​ទីធ្លា​ផ្ទះ​របស់​យើង​ឲ្យ​បាន​ស្អាត ហើយ​បើ​មាន​អណ្ដូង ត្រូវ​លាង​សម្អាត​ឡើងវិញ ព្រោះ​ពេល​ទឹក​លិច គឺមាន​មេរោគ​ជាច្រើន​បាន​ហូរ​ចូល ហេតុនេះហើយ ដើម្បី​ជៀសវាង​ឆ្លង​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ សូម​បងប្អូន​ហូប​ស្អាត បរិស្ថាន​ជុំវិញ​ផ្ទះ​ស្អាត​ជានិច្ច​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម