6374
ចែករម្លែក

(​ភ្នំពេញ​) ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​បញ្ឈប់​សកម្មភាព ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​ជ្រក​ក្រោម​ម្លប់​អ៊ី​ន​​ធឺ​ណេ​ត​កាហ្វេ នៅក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​
​ ​
​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រក​វិធានការ ដើម្បី​លុបបំបាត់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​ជាមួយ​​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បញ្ជាក់ថា “​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ បិទ​ទីតាំង​កន្លែង​បើក​អ៊ី​ន​ធឺ​ណែ​ត នានា​ណា ដែល​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​។ គម្រោង​នៃ​ការ​មាន​វិធានការ​នេះ គឺ​ក្រោយពី​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើក​​ឡើង​ពី​បញ្ហា ដែល​កន្លែង​បើក​អ៊ី​ន​ធឺ​ណែ​ត មួយចំនួន បាន​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​បំភាន់​ភ្នែក​សមត្ថកិច្ច​” ។​
​ ​
​លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​ខាងលើ ក៏បាន​បញ្ជាក់ដែរថា ការងារ​នេះ​មិនមែន​សម្រាប់តែ អាជ្ញាធរ​ខណ្ឌ​បំពេញ​ប៉ុណ្ណោះ​ទេ​តែ​ខាង​ស្នង​ការ​រាជធានី ប៉េ​អ៊ឹម​រាជធានី ក៏​ជា​ដែន​សមត្ថកិច្ច ក្នុង​បង្ក្រាប​ករណី​លួច​បង្កប់ ល្បែង​ស​ស៊ីសង​ខុសច្បាប់ នៅក្នុង​អ៊ី​ន​ធឺ​ណែ​ត​កាហ្វេ​នេះដែរ ។​
​ ​
​ចំណែក លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា “​តាមពិតទៅ​ការ​អនុ​ញ្ញា​ត្តិ​ច្បាប់​ឲ្យ​បើក​អ៊ី​ន​​ធឺ​ណែ​ត​នេះ គឺ​ដើម្បី​បំរើសេវា​ធម្មតា​ទេ ប៉ុន្តែ​បើតាម​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ កន្លែង​បើក​អ៊ី​ន​ធឺ​ណែ​ត​ទាំងនោះ​បែរជា​មាន​​បង្កប់​ល្បែងស៊ីសង ខុសច្បាប់​ទៅវិញ ។ ដោយហេតុ​នេះហើយ ទើប​រដ្ឋបាល​រាជធានី កោះប្រជុំ​ជាមួយ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឈានទៅដល់​ការបង្ក្រាប​។
​ ​
​លោក​បន្ដថា ក្នុង​កិ​ច្វ​ប្រជុំ​នោះ លោក​ឃួ​ង ស្រេង បាន ជម្រុញ​អោយ​អាជ្ញាធរ ខណ្ឌ​ទាំងអស់ ត្រូវ​ចុះ​មើល​ទីតាំង បើក​អ៊ី​ន​ធឺ​ណែ​ត នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​មាន​បញ្ហា​លួច​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ត្រូវតែមាន​វិធានការ​ច្បាប់ គឺ​បិទ​ទីតាំង​នោះ​ចោល​តែម្តង ។ ទោះបី​ទីតាំង​នោះ មានច្បាប់​ចេញពី​ក្រសួង​ពាក់ព័ន្ធ​ក៏ដោយ ក៏​យើង​សុំ​ទៅ​ក្រសួង​ទាំងនោះ​លុប​ច្បាប់​អនុ​ញា​ត្តិ​នោះ​ចេញ​ដែរ​។ ដោយឡែក ទីតាំង​ដែល​មិនមាន​ច្បាប់ គឺ​យើង​បិទ​អាជីវកម្ម​តែម្តង​” ៕ដោយ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម