ដោយៈ សុផល/ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាកិត្តិយសនៅក្នុងពិធីផ្ទេរមុខតំណែង និងតែងតាំងប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាលដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេច ថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកា យ៉ាងច្រើនកុះករ។

ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាល មានអត្រាភាគរយនៃអ្នកទៅបោះឆ្នោតចំនួន៨៩,១៧% នៃបញ្ជីបោះឆ្នោតគ.ជ.ប ឆ្នាំ២០២២ និងមានសំឡេងគាំទ្រ៨៣,៥៥% ។ នេះគឺជាអត្រាខ្ពស់បំផុត បើប្រៀបធៀបរវាងការបោះឆ្នោតសកល និងអសកលកន្លងមក ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ទទួលបានការគាំទ្រខ្ពស់ជាងការរំពឹងទុក ចំនួន១០/១១អាសនៈ លើគម្រោងផែនការរបស់គណៈកម្មាធិការកណ្តាល ដែលបានកំណត់ ចំនួន៩/១១អាសនៈ ។

ជ័យជំនះនេះបានឆ្លុះបញ្ចាំង អំពីជំនឿទុកចិត្តរបស់ប្រជាជន លើថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានគាំទ្រពេញទំហឹងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំ រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍ តទៅមុខទៀត។ ជោគជ័យដ៏ធំធេងនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវនៃការដឹកនាំគណបក្ស និងក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ ដែលបានសម្រេចដោយជោគជ័យរាល់ភារកិច្ច ដែលគណបក្សប្រគល់ជូនប្រកបដោយមោទនភាព ជាទីបំផុត។

លោក គង់ សោភ័ណ្ឌ ដែលបានទទួលតួនាទីជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល បានប្តេជ្ញាចិត្តយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង ក្នុងអនុវត្តឱ្យបានសកម្មខ្លាំងក្លា មោះមុត នូវកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ។

សម្តេច ម៉ែន សំអន បានជំរុញនិងលើកទឹកចិត្តដល់សមាជិក សមាជិកាទំាងអស់បន្តខិតខំបំពេញភារកិច្ច ឈរលើស្មារតីសាមគ្គីភាពអនុវត្តឱ្យសម្រេច រាល់ភារកិច្ចដែលគណបក្សប្រគល់ជូន ប្រកបដោយប្រសិទ្ធភាព ជាការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឱ្យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យជូនជាតិមាតុភូមិជាប្រវត្តិសាស្រ្តបន្តទៀត៕/r