ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
តក្កវិញ្ញូ
(ត័កកៈ វិញ-ញូ)
នាមសព្ទ
(បា. ; សំ. តក៌វិជ្ញ ឬ តក៌វិទ៑) អ្នកចេះតក្កវិជ្ជាឬចេះតក្កសាស្ត្រ ។
ថនៈ
(ថៈន៉ៈ)
នាមសព្ទ
(បា. ថន; សំ. ស្ដន) ដោះ, កន្សោមដោះ ។ ច្រើនប្រើក្នុងពាក្យកាព្យ
រៀមសូមអែបនែបនៅនិត្យជិតថនា នៃកញ្ញាថ្លាវរល័ក្ខណ៍ភក្ត្រល្អឯក សូមក្រមុំកុំខេរខឹងប្រឹងប្រកែក សូមរំលែកចែកដាក់ទានមានផលច្រើន ។
ទក្សិណ
(ទ័កសិន)
នាមសព្ទ
(សំ.) ឈ្មោះទិសធំ១ ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តរ
ទិសទក្សិណ (ទិសខាងត្បូង) ។
ខាងស្តាំ
ដើរទក្សិណ ឬដើរប្រទក្សិណ គឺដើរព័ទ្ធយកអ្វីៗ ឲ្យនៅខាងស្តាំ ។
ធនលោភ
(ធៈនៈលោប)
នាមសព្ទ
(សំ. បា .) សេចក្តីល្មោភទ្រព្យ; សេចក្តីជំពាក់ចិត្តនឹងទ្រព្យ ។
នគររាជជាតិ
នាមសព្ទ
ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជា សម្រាប់បន្លឺសូរសព្ទជាព័ស្តុតាងឲ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ
ឈរសម្រឹងគោរពភ្លេងជាតិ ។
ភ្លេងជាតិខ្មែរនេះមាន៥សង្កាត់គឺ សង្កាត់ទី ១ មាន ៩ ម៉ាត់, ទី ២ មាន១១ម៉ាត់, ទី៣មាន១២ម៉ាត់, ទី៤មាន១៣ម៉ាត់, ទី៥មាន៨ម៉ាត់, រួមទាំង៥សង្កាត់ មាន៥៣ម៉ាត់ ត្រូវជា១បទភ្លេង មានបទឬទំនុកចាប់ចួនគ្នារាល់ថ្នាក់ ហៅថា បទនគររាជជាតិ ជាអនុស្សរណៈដល់ខែត្រនគររាជចាស់របស់ប្រទេសកម្ពុជាក្នុងសម័យបុរាណ ។