ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ យុទ្ធនាការបរិច្ចាគឈាមប្ដូរវេន លើកទី១០ ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ទទួលបានឈាមចំនួន ៧៥ សាក់ ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក ១៦ មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺ ដែលត្រូវការឈាមចាំបាច់ ជារៀងរាល់ថ្ងៃ។
យុទ្ធនាការបរិច្ចាគឈាមប្ដូរវេន លើកទី១០ នេះ បានប្រព្រឹត្តិទៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោក គីម រិទ្ធី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរ គុណ ចំពោះវត្តមាន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាម នាពេលនេះ ដែលជាផ្នែកមួយ នៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។
លោកបានបន្តទៀតថាៈ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាម ប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តា ផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម។
លោកបានបញ្ជាក់ថាៈ កន្លងមក មន្ទីរពេទ្យខេត្តព្រះវិហារ មានតម្រូវការឈាមតែជាង ៥០ ប្លោកប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ន មានតម្រូវការឈាម កើនឡើងរហូតដល់ទៅ ១០០ ប្លោក ក្នុងមួយខែ ដែលកត្តានេះ គឺដោយសារតែយើងមានឈាមច្រើ សម្រាប់សង្គ្រោះ អ្នកជំងឺ ដែលបានមកពីការចូល រួមបរិច្ចាគឈាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ដ្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ តាមរយៈ «យុទ្ធនាការផ្ដល់ឈាមប្ដូរវេន» តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តជាបន្ដបន្ទាប់ ហើយ អ្នកជំងឺភាគច្រើន គឺយើងពុំបាន បញ្ជូនទៅសង្គ្រោះបន្ដ នៅឯខេត្តសៀមរាប និងខេត្តកំពង់ធំ ដូចកាលមុននោះឡើយ។
ទន្ទឹមគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ និងតួអង្គ ពាក់ព័ន្ធទាំងអស់ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ព្រោះវាជាកាយវិការប្រកប ដោយមនុស្សធម៌ ដ៏មានតម្លៃបំផុត ដែលយើងគ្រប់រូបគួរចូលរួមទាំងអស់គ្នា។
សូមបញ្ជាក់ជូនថា យុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្ត នាពេលនេះ មាននាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមប្រមាណជិត ២០០ នាក់ ក្នុងនោះ អ្នកដែលបានផ្ដល់ ឈាមមានចំនួន ១៥៦នាក់ ស្រី ១៥នាក់ អ្នកមានបញ្ហាសុខភាព ចំនួន ៨២នាក់ ស្រី ១២នាក់ និងឈាមដែលបូមបាន មានចំនួន ៧៥ សាក់ ក្នុងនោះ ក្រុមឈាម O+ ២៤ សាក់, AB+ ៥សាក់, A+ ១៤ សាក់ និង B+ ចំនួន ៣២ សាក់។ V / N