ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុនអាម៉េរិកនិងវៀតណាមក្នុងវិស័យបន្ទះឈីប បច្ចេកវិទ្យានិងអាកាសចរណ៍កំពុងជួបប្រជុំគ្នានៅថ្ងៃចន្ទទី១១កញ្ញានេះ ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ចូ បៃដិន នៅវៀតណាម នៅពេលប្រទេសទាំងពីរកំពុងស្វះស្វែងបង្កើតភាពជាដៃគូធុរកិច្ចជាមួយនឹងកិច្ចព្រមព្រៀងថ្មីៗរួមកម្មវិធីបញ្ញាសិប្បនិម្មិត(AI) ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនGoogle, Intel, Amkor, Marvell, GlobalFoundries និង Boeingកំពុងចូលរួមជំនួបកំពូលវិនិយោគនិងនវានុវត្តន៍វៀតណាម-អាម៉េរិក។
សំរាប់វៀតណាម មាននាយកប្រតិបត្តិមកពីក្រុមហ៊ុនជាងដប់រួមមានក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន Nasdaqគឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីVinFast ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមVietnam Airlines ក្រុមហ៊ុនបច្ចេកវិទ្យាFPT, MoMo ព្រមទាំងក្រុមហ៊ុនអ៊ីនធឺណិតVNG។
ជំនួបនេះធ្វើឡើងក្រោយអតីតគូសត្រូវសង្គ្រាមវៀតណាមទាំងពីរបានបង្កើនទំនាក់ទំនងការទូតអោយឡើងដល់កំរិតខ្ពស់ជាប្រវត្តិសាស្ត្រកាលពីថ្ងៃអាទិត្យ ដែលវាសបញ្ជាក់អំពីបំណងរបស់អាម៉េរិកក្នុងការជំរុញតួនាទីរបស់វៀតណាមជាសកល។ការសហការផលិតឈីបជាមួយវៀតណាម គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់កាត់បន្ថយហានិភ័យពីការពឹងលើទំនិញចិន ក្នុងពេលខ្លួនមានជម្លោះពាណិជ្ជកម្មជាមួយចិននិងភាពតានតឹងអំពីកោះតៃវ៉ាន់។
កិច្ចព្រមព្រៀងថ្មីដែលបញ្ចេញអោយដឹងពីសេតវិមាន រួមមានផែនការរបស់ក្រុមហ៊ុនMicrosoftដើម្បី«បង្កើតកម្មវិធីឬគំរូម៉ាស៊ីនបញ្ញាសិប្បនិម្មិត( AI-based solution)សំរាប់វៀតណាមនិងបណ្តាទីផ្សារកំពុងលេចឡើង»។
សេតវិមានបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកNvidia ក៏នឹងចាប់ដៃជាមួយក្រុមហ៊ុនFPT, Viettel និង Vingroup(ក្រុមហ៊ុនមេរបស់VinFast)របស់វៀតណាមលើបច្ចេកវិទ្យាAI នៅក្នុងប្រទេសវៀតណាម។សេតវិមានក៏រំលេចអំពីការវិនិយោគទាក់ទងនឹងឈីបដោយបណ្តាក្រុមហ៊ុនអាម៉េរិកនៅវៀតណាម រួមមានផែនការរបស់ក្រុមហ៊ុន Marvell និង Synopsysដើម្បីសាងសង់មជ្ឈមណ្ឌលរចនាបន្ទះឈីបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។
រោងចក្រAmkorថ្មីមួយ តំលៃ១,៦ពាន់លានដុល្លារនៅក្បែរក្រុងហាណូយនឹងដំឡើង វេចខ្ចប់និងតេស្តិ៍ឈីប ហើយវានឹងចាប់ផ្តើមដំណើរការនៅខែតុលា។តំលៃវិនិយោគនេះស្ទើរស្មើនឹងការវិនិយោគតំលៃ១,៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនIntelនៅភាគខាងត្បូងប្រទេសវៀតណាម និងជាការវិនយោគធំបំផុតរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមVietnam Airlinesក៏នឹងទិញយន្តហោះBoeing 737 Max ចំនួន៥០គ្រឿង ក្នុងកិច្ចព្រមព្រៀងមួយដែលមានតំលៃ៧,៥ពាន់លានដុល្លារ។ចំណែកក្រុមហ៊ុនHoneywellរបស់អាម៉េរិកក៏នឹងសហការជាមួយដៃគូវៀតណាមលើគំរោងអភិវឌ្ឍន៍ប្រព័ន្ធស្តុកថាមពលអាគុយដំបូងរបស់វៀតណាម ៕
ជំនួបធុរកិច្ចវៀតណាម-អាម៉េរិកធ្វើឡើងមួយថ្ងៃក្រោយពីមេដឹកនាំអាម៉េរិកនិងវៀតណាមបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងគ្នា