ព្រៃឈើ​នៅ​កោះ​ញែក​រង​ការកាប់​យ៉ាង​សម្បើម​, ជំនាញ​ថា ចាំ​ចុះទៅ​មើល​សិន​

1283
ចែករម្លែក
  • 202
    Shares

ដោយៈ​សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ ព្រៃឈើ​ដ៏​ធំ​ល្វឹងល្វើយ ត្រូវបាន​គេ​ខ្វៀ​ល​ក្លាយជា​វាល ទំហំ​រាប់ពាន់​ហិកតា​ទៅហើយ ដោយ​ពុំទាន់​មាន​ទប់ស្កាត់​នៅឡើយ​។ ដីព្រៃ​ដ៏​ធំ​ល្វឹង​ល្វឺ​យ​នោះ​គឺ​ស្ថិតនៅក្នុង​ភូមិរ​យ៉​លើ​និង​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះបាន​បញ្ជាក់ថា​ចំណុច​ព្រៃ​ដែល​ក្រុម​ជនខិលខូច​កំពុង​ទន្ទ្រាន​នោះ បាន​ក្លាយជា​វាល​រាប់រយ​ហិកតា​ទៅហើយ ដោយ​សកម្មភាព​ពួកគេ​ធ្វើឡើង​រយៈពេល​ជិត​មួយឆ្នាំ​ទៅហើយ​ដែរ​។​

​អ្នកភូមិ​បន្តថា គេ​បានឃើញ​គ្រឿងចក្រ​ធន់​ធំ​ជាច្រើន​គ្រឿង​ដូចជា អេ​ស្ការ​វ៉ា​ទ័​រ ត្រាក់ទ័រ ម៉ាស៊ីន​អារឈើ រួម​និង​មនុស្ស​ប្រមាណ​ជាង​១០​នាក់ បាន​ចូលទៅ​តំបន់​ខាងលើ​ត្រង់ចំនុច អូរ​តាំ​ហ​ច​(​ភូមិរ​យ៉​លើ​) ត្រពាំង​តា​ទូត ត្រពាំង​ទឹកល្អក់​(​ភូមិរ​វ៉ា​ក់​) តាំង​ពីមុន​ថ្ងៃ​បោះឆ្នោត ពោលគឺ​អំឡុង​ខែឧសភា​ជាង​ពីរ​ខែ​មកហើយ​។​
​ប្រភព​បន្តថា មនុស្ស​មួយក្រុម​នោះបាន​កាប់​ផ្តួល​ដើមឈើ​រាប់ម៉ឺន​ដើម​។​គេ កាប់​អារ​ឈួ​ស​ឆាយ​យក​ដី​ដោយ​គ្មាន​ខ្លាចរអា​ច្បាប់​បន្តិច​សោះ ទោះបី​តំបន់​ពួកគេ​ធ្វើ​សកម្ម​ភាពជា​ព្រៃឈើ​បម្រុង​ទុក​របស់​រដ្ឋ​ក៏ដោយ​។​

​លោក គង់ វិ​រៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២ សីហា ថា ដី​នៅ​ចំនុច​ហ្នឹង​ជា​ដី​របស់​បរិស្ថាន មិនមែនជា​ដី​ដែល គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ទេ ហើយក៏​មិនមែនជា​ដី​បម្រុង​ទុក​អចិន្ត្រៃយ៍​ដែរ​។​

​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក​ឲ្យ​ដឹងថា លោក​មិនទាន់​ស្គាល់​ដី​ចំនុច​ហ្នឹង​ទេ​…​ចាំ​លោក​ចុះទៅពិនិត្យ​…​បើ​យក​ល្អ​គួរ​សួរ​ខាង​បរិស្ថាន​ដើម្បី​មាន​វិធានការ​…​។​លោក​បញ្ជាក់ថា​«​ឆាប់​ចប់ ហើយ​ដឹង​រឿង បើ​ខាង​ជំនាញ​ត្រូវការ​កម្លាំង​នោះ ស្រុក​នឹង​សហការ​»​។​

​លោក ហាន សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នឹង​ដែនជម្រកសត្វព្រៃ​លំផាត់ ឲ្យ​ដឹងថា​«​កន្លែង​ហ្នឹង​អត់​មានច្បាប់​សម្រាប់​ឈួ​ស​ឆាយ​ទេ តែ​ដី​នឹង​ទាក់ទង​នឹងមាន​លិខិតស្នាម អី ប្រជាពលរដ្ឋ​លក់ មានការ​ទទួលស្គាល់​ពី​ស្រុក​ច្រើន​…​មាន​លិខិត​របស់គេ​»​។​ចំពោះ​ការ​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់ លោក​ហាន សា​ខន បញ្ជាក់ថា​«​យ៉ាប់​ត្រង់​០១…​នៅរ​វ៉ា​ក់នៅ​អី​នោះ​…​ហើយ​គេ​មាន​លិខិត​០១​របស់គេ ប៉ុន្តែ​គេ​មិនទាន់​ធ្វើ​កាល​ពីមុនមក​»​។​

​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ឲ្យ​ដឹងថា​«​ផ្ទៀងផ្ទាត់​វា​នៅក្រៅ​តំបន់ ក្រៅ​លំផាត់ និង​ភ្នំ​ព្រេច​…​មិនទាន់​ច្បាស់​ទេ ចាំ​ផ្ទៀងផ្ទាត់ ជាមួយ​ដែន​បម្រុង​ទុក​អចិន្ត្រៃយ៍​និង​របៀង​ទៀត​សិន​»​។​

​ជុំវិញ​ករណី​ខាងលើ​គឺ​ទាំង​អាជ្ញាធរ​ដែនដី​នឹង​មន្ត្រី​ជំនាញ ហាក់​មានការ​រុញ​ដាក់គ្នា​ទៅវិញទៅមក ទន្ទឹមនឹង​សកម្ម​កាប់​ចេះតែ​រីក​ដូច​ដំបៅងា​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២ សីហា ២០១៨ ប្រភព​បាន​រាយការណ៍​ថា គ្រឿងចក្រ​កំពុង​បន្ត​កាប់​ផ្តួល​នឹង​ឈួ​ស​ឆាយដី​ព្រៃ​នៅ​ចំនុច​ខាងលើ​ដដែល​។ ចំណែក​អត្តសញ្ញាណ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​នៅ​មិនទាន់​ទទួល​បានជា​ផ្លូវការ​នៅឡើយ គ្រាន់តែ​ដឹងថា ជា​មនុស្ស​មាន​ឥ​ទ្ឋិ​ពល​ម្នាក់​នៅក្នុង​ខេត្ត ដែល​បានរៀបចំ​កិច្ចការ​រុករាន​ដីព្រៃ​នេះ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន អាចមាន​ទំហំ​ដល់​ទៅ​រាប់ពាន់​ហិកតា​ឯណោះ​៕ សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម