ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពីការធ្វើអភិវឌ្ឍលើសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួល ជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោសដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ របស់ ក្រសួងយុត្តិធម៌ បានបញ្ចាក់ថាៈ ក្រសួងបាននឹងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រ ថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួល ជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត បញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ក្រសួងយុត្តិធម៌ បានឱ្យដឹងដែរថា៖ សម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោស តាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្តាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោស សម្រាប់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស នាពេលខាងមុខ។
ទោះបីយ៉ាងណាក្រសួងមួយនេះ បានបញ្ជាក់ឱ្យដឹងដែរថាៈ ក្រសួងនឹងនឹងជូនដំណឹង អំពីពេលវេលាជាក់លាក់ នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗ ខាងមុខនេះផងដែរ៕/V-PC