ដោយៈ ភ្នំដែក / ព្រះវិហារៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរផែនការខេត្តព្រះ វិហារ រៀបចំពិធីបើកយុទ្ធនាការ កំណត់អត្តសញ្ញាណកម្ម ចុះសម្ភាសន៍ផ្តល់បណ្ណ សមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការ ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព មកពីសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្នុងក្រុងព្រះវិហារ ក្រោមអធិបតីភាព លោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ។
លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថាៈ ពិធីបើកយុទ្ធនាការ នាពេលនេះ គឺក្នុងគោលបំណងផ្តល់ឱកាស ជូនដល់បុគ្គលបម្រើការ ក្នុងវិស័យសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ទទួលបាន នូវការគាំពារផ្នែកថែទាំសុខភាព ដោយឥតបង់ថ្លៃ តាមមូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍ពីការគាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើ គោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ក្រុមគោលដៅ ដែលបម្រើសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព មកពីសង្កាត់ទាំងពីរ គឺសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្នុងក្រុងព្រះវិហារ នាពេលនេះ គឺមានចំនួន ២១ គ្រួសារ និងផ្តល់បណ្ណសមធម៌ ជូនពួកគាត់បានទាំង ២១ គ្រួសារ ។
ក្នុងឱកាសនោះ លោក សុខ សាន្តតារា បានមានប្រសាសន៍ថាៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាល បានអនុម័តក្របខ័ណ្ឌ បណ្តាគោល នយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ បានផ្តោតលើសសរស្តម្ភពីរ គឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលមានគោលបំណង ដើម្បីធានាឱ្យបាន នូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាពិសេស កន្លងទៅ គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យ ដោយគ្រោះទឹកជំនន់ និងគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា បានទទួលការបើកផ្តល់សាច់ប្រាក់ នៃគោលនយោបាយ គាំពារសង្គម របស់រាជរដ្ឋាភិបាល ។
លោក សុខ សាន្តតារា បានមានប្រសាសន៍ទៀយថាៈក្នុងនោះ រាជរដ្ឋាភិបាល ក៏បានអនុវត្តកម្មវិធីប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ចំពោះក្រុមគោលដៅនៃ ជនងាយរងគ្រោះ ដូចជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជនមានពិការភាព អតីតយុទ្ធជន និងក្រុមគោលដៅ នៃជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីឲ្យពួកគាត់ បានទទួលសេវាសុខាភិបាល ក្នុងការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយពុំមានបង់ ថ្លៃសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ និងមូលដ្ឋានសុខាភិបាល ឯកជន ដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)៕ V / N