ដោយៈបាយ័ន / សៀមរាបៈ ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចាប់ផ្ដើមបន្តការងារជួសជុលប្រាសាទព្រហ្មកិល ដើម្បីធ្វើយ៉ាងណា ឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូល អាចងើបឈររឹងមាំឡើងវិញ។ នេះបើតាបប្រភព ព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១១ ខែកញ្ញា នេះ។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថាៈ ប្រាសាទ ព្រហ្មកិល បានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងនៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។
លោកបាននិយាយថាៈ ដើម្បីឱ្យរចនាសម្ព័ន្ធ នៃប្រាសាទ បានរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញស្ថានភាពខូចរាល់រួចរាល់ បច្ចុប្បន្នក្រុមអ្នកជំនាញ កំពុងធ្វើការងារ ជួសជុលប្រាសាទព្រហ្មកិល ដោយចាប់ផ្តើមពីចុងខែសីហា ឆ្នាំ២០២៣ មក ។
លោកបានបន្តទៀតថាៈ ឈានចូលមកដល់ដំណាក់កាលនេះ ក្រុមអ្នកជំនាញ បានបន្ត ធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធ ផ្នែកខាងក្នុងនៃខឿនប្រាសាទ សិក្សាអំពីកម្ពស់ និងស្ថានភាពស្រុតរបស់ប្រាសាទ។ ទើបចាប់ផ្តើមចុះលេខរបស់ថ្ម រួចរើថ្មមួយចំនួន ដែលនៅសល់ទាំងពីរជ្រុង គឺជ្រុងខាងកើត និងខាងជើង រួចបង់លេខ ថ្មទៅតាមស្រទាប់នីមួយៗ ដើម្បីរើចេញ ទើបចាប់ផ្តើមពង្រឹងគ្រឹះតាំងពីក្រោម ឡើងទៅ ដល់ខាងលើ។
លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា បន្ទាប់ពីរើថ្មដល់ខឿនគ្រឹះប្រាសាទរួចរាល់ អ្នកជំនាញ និងសិក្សាបន្ថែមទៀត អំពីស្រទាប់ថ្ម ដើម្បីដឹងថា ផ្នែកណាមួយស្រុតខ្លាំង ជាងគេ ឬពុកផុយជាងគេ ទើបចាប់ផ្តើមធ្វើការពង្រឹងខឿនគ្រឹះ ដោយបន្ថែមថ្មបាយ ក្រៀមថ្មី ជំនួសថ្មចាស់ដែលពុកផុយ ។ បើទោះបីជាយកថ្មីខ្លះៗ មកជំនួសថ្មចាស់ ប៉ុន្តែអ្នកជំនាញ នឹងព្យាយាមធ្វើយ៉ាងណា ជួសជុលខឿនគ្រឹះរបស់ប្រាសាទ ទៅតាមលំនាំដើម។
សូមបញ្ជាក់ថា ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យ មួយ ក្នុងចំណោមមន្ទីរពេទ្យទាំង ៤ ជុំវិញក្រុងអង្គរធំ កសាងឡើង ក្នុងរាជព្រះបាទជ័យ វរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តសករាជ ប្រាសាទតូចមួយនេះ មានទីតាំងនៅ ផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕ V / N