ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបើកវគ្គបណ្ដុះ បណ្ដាលមន្ត្រីគ្រប់គ្រងការប្រកួត រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៩ កញ្ញា ខាងមុខនេះ។

ជាមួយនឹងការត្រៀមបើកវគ្គនេះ បានផ្ដល់ដំណឹង ដល់សមាគមប្រដាល់ ក្រសួង រាជធានី ខេត្ត ដែលជាសមាជិករបស់សហព័ន្ធ ដើម្បីបញ្ជូនមន្ត្រី ឬអ្នកបច្ចេកទេសរបស់ ក្លិបនីមួយៗ គឺមួយក្លិប ឬ មួយសមាគម ចំនួនមួយរូប ដើម្បីមកចូលរួមវគ្គដ៏សំខាន់នេះ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ ប្រដាល់គុនខ្មែរ មានសកម្មភាពខ្លាំង ពិសេសសកម្មភាព ប្រកួត ហេតុនេះ តម្រូវការរបស់សហព័ន្ធ មិនត្រឹមតែបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី តែប៉ុណ្ណោះទេ គឺបណ្ដុះបណ្ដាលទាំងមន្ត្រីបច្ចេកទេស ពិសេសមន្ត្រីគ្រប់គ្រង ការប្រកួតតែម្ដង។

មន្ត្រីគ្រប់គ្រងការប្រកួតមួយចំនួន មានវ័យកាន់តែច្រើន ហេតុនេះ សហព័ន្ធ ត្រូវការអ្នកជំនាន់ក្រោយ សម្រាប់បន្តវេនបន្ថែមទៀត៕ V / N