​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិន បាន​និយាយថា ការគំរាមកំហែង​តែមួយគត់​ចំពោះ​អត្ថិភាព​របស់​មនុស្សជាតិ​គឺ​ការប្រែប្រួល​អាកាសធាតុ ហើយ​ថា​សូម្បី​តែ​ជម្លោះ​នុយក្លេអ៊ែរ​ក៏បង្ក​គ្រោះ​ថ្នាក់​មិន​ដូច​វា​ដែរ​។​

​លោកបៃ​ដិនបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ក្នុងអំឡុងស​ន្និ​សីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ថា “​ការគំរាមកំហែង​តែមួយគត់​ដែល​មនុស្ស​ជាតិ​ប្រឈមមុខ ដែល​វា​ជា​រឿង​គួរ​ភ័យខ្លាច​ជាង​សង្គ្រាម​នុយក្លេអ៊ែរ​ទៀត​នោះ គឺ ការឡើង​កម្តៅ​ផែនដី​”​។​

​លោក​ប្រធានាធិបតី​បាន​បន្ថែមថា “​យើង​នឹង​មាន​បញ្ហា​ពិតប្រាកដ​” ប្រសិនបើ​នៅ​ក្នុង​មួយ​ទសវត្សរ៍​ក្រោយ​ឬ​ពីរ​ទសវត្សរ៍​ក្រោយ ការឡើង​កម្តៅ​ផែនដី​មាន​លើស​ពី ១,៥ អង្សា​សេ ដែល​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា​ចំណុចកំពូល​សម្រាប់​ការបង្កើន​ឱកាស​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​។​

​លោកបៃ​ដិនបាន​បន្តថា “​គ្មាន​ផ្លូវ​ត្រឡប់​ថយ​ក្រោយ​នោះ​ទេ​។ ហើយ​ដូច្នេះ​មានរឿង​ច្រើនណាស់ ដែល​យើង​អាចធ្វើ​បាន​ក្នុងពេល​ឥឡូវនេះ​”​។​

​លោកបៃ​ដិនបាន​និយាយ​បែប​នេះ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល G20 នៅក្នុង​ប្រទេស​ឥណ្ឌា កន្លែង​ដែល​ក្រុម​មេដឹកនាំ​បាន​យល់ព្រម​ចំពោះ​សកម្មភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ រួម​ទាំង​ការសន្យា​បង្កើន​សមត្ថភាព​ថាមពល​កកើតឡើង​វិញ​បី​ដង​នៅ​ចុង​ទសវត្សរ៍​នេះ​។​

​ការយកចិត្តទុកដាក់​របស់​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២៣ ពេលខ្លះ​ត្រូវ​បាន​ចំណាយ​លើ​បញ្ហា​អាកាសធាតុ​និង​គ្រោះមហន្តរាយ​អាកាសធាតុ រួម​ទាំង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​នៅ​កោះ​ម៉ោ​អ៊ី (Maui)​។​

​យោង​តាម​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ព័ត៌មាន​បរិស្ថាន​របស់​សហរដ្ឋ​អាម៉េរិក​បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក​បាន​ទទួលរង​នូវ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ ដែល​បណ្តាល​ឱ្យ​ខាត់​បង់​រាប់សិប​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣៕

លោកបៃ​ដិននិយាយ​រឿងអាកាស​ធាតុ​ក្នុង​ទស្សនកិច្ច​នៅ​វៀតណាម​កាលពី​ថ្ងៃអាទិត្យ