ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ដំណើរទស្សនកិច្ចនៅបរទេសដ៏កម្ររបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ជំនួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទាក់ទាញចំណាប់អារម្មណ៍ចំពោះរបៀបនៃការធ្វើដំណើររបស់គាត់ ពោលជារថភ្លើងឯកជនមួយដែលគេនិយាយថាមានពាសដែកយ៉ាងសម្បើមនិងមានភាពប្រណីត។
ដំណើរទៅកាន់ចុងបូព៌ារបស់រុស្ស៊ី ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកគីមចាប់តាំងពីឆ្នាំ ២០១៩ គឺចំណាយពេលប្រហែលមួយថ្ងៃ។
ការធ្វើដំណើរតាមផ្លូវដែកបែបនេះគឺជាលក្ខណៈពិសេសមួយនៃការធ្វើដំណើរការទូតរបស់កូរ៉េខាងជើងតាំងពីយូរយារណាស់មកហើយ ហើយរថភ្លើងដែលដឹកមេដឹកនាំរបស់ប្រទេសនេះគឺមានលក្ខណៈសម្ងាត់និងពិបាកប៉ាន់ស្មានដូចទិដ្ឋភាពផ្សេងទៀតនៃប្រទេសទាំងមូលដែរ។
នេះជាអ្វីដែលយើងដឹងអំពីរថភ្លើងរបស់លោកគីម ៖
– វាកំពុងបន្តប្រពៃណីគ្រួសារ
ឪពុករបស់លោកគីម គឺ គីម ជុងអ៊ីល និងជីតា គីម អ៊ីលស៊ុង ទាំងពីរនាក់ចូលចិត្តរថភ្លើងណាស់ ហើយជារឿយៗធ្វើដំណើរតាមរថភ្លើងក្នុងអំឡុងពេលកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើង ។
លោក គីម អ៊ីលស៊ុង មេដឹកនាំស្ថាបនិកប្រទេស បានធ្វើដំណើរទៅក្រៅប្រទេសតាមរថភ្លើងជាទៀងទាត់រហូតដល់ថ្ងៃគាត់ទទួលមរណភាពក្នុងឆ្នាំ ១៩៩៤។
ក្នុងចំណោមការធ្វើដំណើរជាច្រើនរបស់គាត់ គឺ ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៥៨ ជាកន្លែងដែលគាត់បានផ្ទេរតាមយន្តហោះទៅប្រទេសវៀតណាម និង ការធ្វើដំណើរជុំវិញអឺរ៉ុបខាងកើតតាមរយៈសហភាពសូវៀតក្នុងឆ្នាំ ១៩៨៤។
លោក គីម ជុងអ៊ីល បានធ្វើដំណើរតាមរថភ្លើងរយៈពេលបីសប្តាហ៍ដ៏គួរឱ្យចងចាំទៅកាន់ទីក្រុងមូស្គូក្នុងឆ្នាំ ២០០១ ដោយដំណើរនេះត្រូវបានរៀបរាប់នៅក្នុងសៀវភៅឆ្នាំ ២០០២ ដោយមនុស្សនៅក្នុងវិមានក្រឹមឡាំង លោក កុនស្តានទីន ពូលីកូវស្គី (Konstantin Pulikovsky)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងថា លោកគីម ជុងអ៊ីលពិតជាបានស្លាប់ដោយសារគាំងបេះដូងនៅលើរថភ្លើងក្នុងឆ្នាំ ២០១១។
លោក គីម ជុងអ៊ុន ខ្លួនឯងផ្ទាល់បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩ ស្រដៀងនឹងដំណើរបច្ចុប្បន្នរបស់គាត់ដែរ ក្រោយបានធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១៩ ដើម្បីជួបជាមួយប្រធានាធិបតីអាម៉េរិកសម័យនោះ គឺ លោក ដូណាល់ ត្រាំ។
លោក ស៊ុង-យូន លី (Sung-Yoon Lee) មកពីមជ្ឈមណ្ឌលអន្តរជាតិវូដ្រូវីលសុន (Woodrow Wilson)បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា ដំណើរទស្សនកិច្ចបីក្នុងចំណោមបួនរបស់គាត់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៨ និង ២០១៩ រួមទាំងការធ្វើដំណើរលើកដំបូងរបស់គាត់ចេញពីកូរ៉េខាងជើងក្នុងនាមជាមេដឹកនាំផងដែរនោះ ត្រូវបានធ្វើឡើងតាមផ្លូវដែក។
– មានសន្តិសុខការពារយ៉ាងរឹងមាំនៅជុំវិញនោះ
តាមសេចក្តីរាយការណ៍នានាថាគ្រួសារគីមមានរថភ្លើងពិសេសស្ទើរតែដូចគ្នាជាច្រើនគ្រឿង ដែលផលិតដោយរោងចក្រក្នុងទីក្រុងព្យុងយ៉ាង។
យោងតាមក្រសួងបង្រួបបង្រួមរបស់រដ្ឋាភិបាលក្រុងសេអ៊ូលបានឱ្យដឹងថា រថភ្លើង ដែលមានរហស្សនាមថា “បន្ទាយចល័ត” បច្ចុប្បន្នរបស់លោកគីម មានបង្អួចការពារគ្រាប់កាំភ្លើង ហើយជញ្ជាំងនិងបាតក្រោមរថភ្លើងត្រូវបានពង្រឹងយ៉ាងរឹងមាំដើម្បីការពារប្រឆាំងនឹងគ្រឿងផ្ទុះ។
ក្រសួងបាននិយាយថា “រថភ្លើងនេះត្រូវបានបំពាក់ដោយអាវុធវាយប្រហារនិងឧទ្ធម្ភាគចក្រសម្រាប់រត់គេចខ្លួនក្នុងករណីមានអាសន្ន”។
ប៉ុន្តែលក្ខណៈពិសេសទាំងនេះមិនមែនជាឧបករណ៍ការពារតែមួយមុខគត់នោះទេ។
យោងតាមរបាយការណ៍ឆ្នាំ ២០០៩ របស់កាសែតកូរ៉េខាងត្បូង Chosun Ilbo អំពីរថភ្លើងរបស់គីម ជុងអ៊ីល វាធ្វើដំណើរជាក្បួនតម្រៀបទន្ទឹមគ្នារវាងរថភ្លើងពីរផ្សេងទៀត។
រថភ្លើងនៅខាងមុខថែរក្សាសន្តិសុខ ខណៈរថភ្លើងនៅពីក្រោយមានអង្គរក្សនិងបុគ្គលិកគាំទ្រផ្សេងទៀត។
ខណៈនៅក្នុងប្រទេសកូរ៉េខាងជើង រថភ្លើងរបស់លោក Kim Jong Il នឹងឈប់នៅតាមស្ថានីយដែលសាងសង់ជាពិសេសសម្រាប់ការប្រើប្រាស់របស់គាត់ ហើយនៅពេលដែលរថភ្លើងរបស់គាត់ចូលជិតដល់ស្ថានីយទាំងនោះ ថាមពលនៅលើផ្លូវផ្សេងទៀតនឹងត្រូវបិទដើម្បីការពាររថភ្លើងផ្សេងទៀតនៅក្បែរនោះកុំឱ្យផ្លាស់ទីចូលមក។
– វាមានភាពប្រណីតនិងមានការបំពាក់យ៉ាងល្អ
នៅក្នុងរបាយការណ៍ឆ្នាំ ២០១៩ ស្តីពីការធ្វើដំណើររបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសវៀតណាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយថា រថភ្លើងរបស់គាត់មានទូរថភ្លើងចំនួន ២១ ដែលបំពាក់ដោយបន្ទប់សន្និសីទពណ៌ស ទូសម្រាប់បរិភោគអាហារនិងបន្ទប់ដេក។
ទូមួយដែលគេឃើញក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងពីការធ្វើដំណើរដំបូងរបស់លោកគីមទៅប្រទេសចិនត្រូវបានបំពាក់ដោយកៅអីស្បែកពណ៌ផ្កាឈូក និងវាំងននពណ៌ភ្លុករមាស។ វាក៏មានទូរទស្សន៍ធំមួយផងដែរ។
រ៉យទ័រក៏បាននិយាយផងដែរថា រថភ្លើងនេះមានការតភ្ជាប់ទូរស័ព្ទតាមផ្កាយរណប ដូច្នេះលោកគីមអាចតាមដានការវិវត្តនានានិងអាចចេញបទបញ្ជា ហើយយោងតាមកាសែត Joong Ang Ilbo របស់កូរ៉េខាងត្បូង វាមានទូមួយផ្ទុករថយន្ត Mercedes-Benz មួយគ្រឿងរបស់គាត់ផងដែរ។
ខណៈរថភ្លើងធ្វើដំណើរក្នុងល្បឿនប្រហែល ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង វាអាចរត់បាន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវដែករបស់ចិន។
ក្រសួងបង្រួបបង្រួមរបស់សេអ៊ូលបាននិយាយថា ល្បឿនយឺតគឺដោយសារតែទម្ងន់នៃឧបករណ៍បន្ថែមទាំងអស់នោះ។
នៅក្នុងសៀវភៅរបស់លោកពូលីកូវស្គីអំពីការធ្វើដំណើររបស់លោក គីម ជុងអ៊ីល ឆ្នាំ ២០០១ រថភ្លើងរបស់គាត់ត្រូវបានស្តុកទុកជាមួយនឹងស្រា Bordeaux និង Beaujolais ដែលដឹកមកពីទីក្រុងប៉ារីស រួមជាមួយនឹងបង្កងរស់ផងដែរ។
លោក ស៊ុង-យូន លី ក៏បានលើកឡើងអំពីបង្កងផងដែរ ខណៈដែលលោករៀបរាប់អំពីរថភ្លើងរបស់លោក គីម ជុងអ៊ុន។
លោកបាននិយាយថា “រថភ្លើងដ៏ប្រណីតការពារគ្រាប់កាំភ្លើងនេះផ្ទុកទៅដោយគ្រឿងឧបករណ៍ប្រណីតៗ ព្រមទាំងបន្ទប់ទទួលទានអាហារដ៏ប្រណីត”។
“នៅពេលដែលលោកគីម ជុងអ៊ីលធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុងមូស្គូក្នុងឆ្នាំ ២០០១ គាត់បានឱ្យគេដឹកបង្កងក្នុងអំឡុងទស្សនកិច្ចរបស់គាត់ដែរ”៕
រថភ្លើងរបស់លោកគីម ជុងអ៊ុន ត្រូវគេនិយាយថាផលិតឡើងយ៉ាងប្រណីតសម្រាប់តែគ្រួសារត្រកូលគីម