ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​អង្គារ បានដាក់​បង្ហាញ iPhone ជំនាន់​ក្រោយ​របស់​ខ្លួន ដែល​មាន​កាមេរ៉ា​ល្អ​ជាង​មុន ប្រព័ន្ធ​ដំណើរការ​លឿន​ជាង​មុន ប្រព័ន្ធ​សាក​ភ្លើង​ថ្មី (USB-C) និង​ការដំឡើងថ្លៃ​សម្រាប់​ម៉ូ​ដែល​ដែល​ពេញនិយម​បំផុត​។​

​ការដាក់​បង្ហាញ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Apple នៅ​ទី​ក្រុងឃូ​ភើ​ទីណូ (Cupertino) រដ្ឋ​កាលីហ្វ័​រញ៉ា បាន​កើតឡើង ខណៈ​ដែល​ក្រុមហ៊ុន​ព្យាយាម​ស្តារ​ការធ្លាក់ចុះ​បន្តិចបន្តួច ដែល​បាន​ឃើញ​ការលក់​ធ្លាក់ចុះ​ពី​ឆ្នាំ​មុន​ក្នុង​រយៈពេល​បី​ត្រីមាស​ជាប់ៗ​គ្នា​។ ការលក់​ទន់ខ្សោយ​នេះ​គឺជា​ហេតុផល​សំខាន់​ដែល​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Apple បាន​ធ្លាក់ចុះ​ប្រហែល ១០% ចាប់តាំងពី​ពាក់កណ្តាល​ខែ​កក្កដា ដោយ​ទម្លាក់​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ក្រោម​កម្រិត​៣ ទ្រី​លាន​ដុល្លារ ដែល​ខ្លួន​បាន​ឈាន​ដល់​ជា​លើកដំបូង​នៅ​ដើម​រដូវក្តៅ​នេះ​។​

​វិនិយោគិន​ទំនងជា​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល Apple បានដាក់​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទេ​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​ជិត ២% កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ការ​ធ្លាក់ចុះ​ខ្លាំង​ធៀប​នឹង​ស​ន្ទ​ស្សន៍​ទីផ្សារ​សំខាន់ៗ​។​

​ដូច​ករណី​របស់ Apple និង​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ដទៃ​ទៀត​ដែរ ម៉ូ​ដែល iPhone 15 ទាំង​បួន​ប្រភេទ​មិនបាន​ធ្វើ​ឱ្យ​មាន​ការ​លោត​ផ្លោះ​ខ្លាំង​ណាស់​ណា​ក្នុង​ផ្នែក​បច្ចេកវិជ្ជា​នោះទេ​។ ប៉ុន្តែ Apple បាន​បន្ថែម​របស់​ថ្មីៗ​គ្រប់គ្រាន់​ដល់​ម៉ូ​ដែល​កំពូល​គឺ​ត្រកូល iPhone 15 Pro Max ដើម្បី​បង្កើន​តម្លៃ​ចាប់ផ្តើម​របស់ខ្លួន ១០០ ដុល្លារ ឬ ៩% ពី​កំណែ​ឆ្នាំមុន រហូតដល់ ១.២០០ ដុល្លារ​។ ជា​ផ្នែក​នៃ​តម្លៃ​គោល​ដែល​ខ្ពស់​ជាង​មុន iPhone 15 Pro Max ដែល​ថោក​បំផុត នឹង​ផ្តល់​ទំហំ​ផ្ទុក ២៥៦ មេហ្គា​បៃ ដោយ​កើនឡើង​ពី ១២៨ ជី​ហ្គា​បៃ​សម្រាប់ iPhone 14 Pro Max ដែល​មាន​តម្លៃ​ទាប​បំផុត​។​

​ក្រុមហ៊ុន Apple បាន​រក្សា​តម្លៃ​ថេរ​សម្រាប់​ទូរស័ព្ទ​ដទៃ ដោយ iPhone 15 ធម្មតា​លក់​ក្នុងតម្លៃ ៨០០ ដុល្លារ iPhone 15 Plus តម្លៃ ៩០០ ដុល្លារ និង iPhone 15 Pro តម្លៃ ១.០០០ ដុល្លារ​។​

​ទូរស័ព្ទ​ទាំង​បួន​ម៉ូ​ដែល​នឹង​អាច​ទិញ​បាន​តាម​ហាង​នៅ​ថ្ងៃទី​២២ កញ្ញា ដោយ​ការបញ្ជាទិញ​ជា​មុន​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​៕

iPhone ថ្មី​មាន​រន្ធ​សាក USB-C