​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការ​អំពា​វនារ​សុំ​ជំនួយ​គ្រាអាសន្ន​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​កាកបាទ​ក្រហម​អង់គ្លេស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទឹកជំនន់​មហា​ប្រល័យ​នៅ​លី​ប៊ី ដែល​បាន​ស​ម្លាប់​មនុស្ស​រាប់ពាន់នាក់​។​

​បុគ្គលិក​គ្រាអាសន្ន​បាន​រកឃើញ​សាកសព​ជាង​១.៥០០​នាក់នៅក្នុង​គំនរ​បាក់បែក​នៃ​ទីក្រុង​ឌែ​រណា​( Derna)​នៅ​លី​ប៊ី​ខាងកើត និង​ចំនួន​មនុស្ស​ស្លាប់​នឹង​កើនឡើង​ខ្លាំង​ខណៈ​មនុស្ស​ប្រមាណ​១០.០០០​នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​ទឹកជំនន់​បណ្តាលមកពី​ការបាក់​ទំនប់ទឹក​បាន​វាយប្រហារ​ភូមិ​និង​សហគមន៍​ទាំងមូលៗ​ដោយ​បញ្ចូន​មនុស្ស​រាប់ពាន់​នាក់​ចូល​ក្នុង​សមុទ្រ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ភាគ​ខាងកើត​លី​ប៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្រុង​ឌែ​រណា​តែមួយ​បាន​ឡើង​ហួស​៥.៣០០​នាក់ ទោះជា​យ៉ាងណា​ផ្នែក​រថយន្ត​ពេទ្យ​ក្រុង​ឌែ​រណាដាក់​ចំនួនមនុស្ស​ស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ​នេះ​ចំនួន​២.៣០០​នាក់​។​

​រី​ឆាត ប្លេ​វីត​(Richard Blewitt)​នាយក​កាកបាទក្រហម​អង់គ្លេស បាន​និយាយថា​«​យើង​ដឹង​ថា​អ្នក​រាល់គ្នា​លំបាក​នៅពេល​ឥឡូវ តែបើ​អាច​សូម​បរិច្ចាគ​មក​មូលនិធិជំនួយ​គ្រាអាសន្ន​របស់​យើង​ដើម្បី​ប្រមូល​លុយ​បន្ទាន់​សំរាប​ន់​ជនរងគ្រោះ​»​។​

«​អាទិភាព​នៅពេល​ឥឡូវ​គឺ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ដើម្បី​ជួយ​អាយុជីវិត​មនុស្ស​អោយបាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​ជំនន់​នៅ​លី​ប៊ី​បង្ក​មហន្តរាយ​ដល់​កំរិត​គួរអោយ​តក់ស្លុត​បំផុតដោយ​រាប់​ពាន់​នាក់​បាន​ស្លាប់​និង​រាប់​ពាន់​ទៀត​កំពុង​បាត់​ខ្លួន​»​។​

​លោក​ប​ាន​បន្តថា​«​កាកបាទ​ក្រហម​កំពុង​ឆ្លើយតប ដោយ​ផ្តល់​ជំនួយ​ដំបូង​ដល់​អ្នកត្រូវការ ស្វែងរក​អ្នក​បាត់​ខ្លួន​និង​ជួយ​អោយមាន​ការជួបជុំ​គ្រួសារ​ឡើងវិញ​។​ទោះជា​យ៉ាងណា ស្ថានការណ៍​គ្រោះថ្នាក់​និង​សោកសៅ​ខ្លាំង ដោយ​អ្នកស្ម័ក្រចិត្ត​ក្នុង​ក្រុម​អឌ្ឍចន្ទ​ក្រហម​លី​ប៊ី​បី​នាក់​បាន​បាត់បង់​ជីវិត​ក្នុងពេល​ព្យាយាម​ជួយសង្គ្រោះ​អាយុជីវិត​អ្នកដទៃ​…»​។​

​វា​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អង្គការ​នេះ​ធ្វើការ​អំពាវនាវ​រក​ជំនួយ​សំរាប់​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ម៉ារ៉ុក​ដែល​បាន​សម្លាប់​មនុស្ស​ជិត​​៣.០០០​នាក់​៕

​ទិដ្ឋភាព​ក្រោយ​ទឹក​ជំនន់​នៅ​លី​ប៊ី​ខាងកើត ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​