ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខណៈអាកាសធាតុត្រជាក់កំពុងចូលមកបណ្តើរៗ អត្រាកូវីដបានកើនឡើងម្តងទៀតនៅទូទាំងអឌ្ឍគោលខាងជើង ដោយពាំនាំមកនូវមេរោគបំប្លែងថ្មីៗផងដែរ។
ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង ៖
– កូវីដ vs ផ្តាសាយតាមរដូវ
ជំងឺរាតត្បាតកូវីដបានសម្លាប់មនុស្សជិត ៧ លាននាក់នៅទូទាំងពិភពលោក។
ប៉ុន្តែដោយសារវ៉ាក់សាំង ភាពស៊ាំពីមុន និងការព្យាបាលកាន់តែប្រសើរ មេរោគនេះឥឡូវអាចគ្រប់គ្រងបានច្រើនជាងមុន។ នៅសហរដ្ឋអាម៉េរិក ការស្លាប់ច្រើនលើសលប់បានក្លាយជារឿងធម្មតាចាប់តាំងពីនិទាឃរដូវ។
លោក អាសស៊ី ចា (Ashish Jha) អតីតអ្នកសម្របសម្រួលផ្នែកកូវីដរបស់សេតវិមាននិងជាព្រឹទ្ធបុរសសុខភាពសាធារណៈនៅសាកលវិទ្យាល័យប្រោន (Brown) បាននិយាយថា “ប្រសិនបើអ្នកស្នើឱ្យខ្ញុំជ្រើសរើសរវាងជំងឺផ្តាសាយ និង កូវីដ ខ្ញុំនឹងជ្រើសរើសកូវីដ ពីព្រោះករណីជំងឺផ្តាសាយនីមួយៗមានគ្រោះថ្នាក់ជាងទៅទៀត”។
ប៉ុន្តែខណៈកូវីដឥឡូវនេះមិនសូវមានគ្រោះថ្នាក់ដល់បុគ្គលទូទៅ “វាហាក់មានអត្រាខ្ពស់នៃផលវិបាករយៈពេលវែង”។
កូវីដមិនសូវឆ្លងតាមរដូវដូចជំងឺផ្តាសាយ មានការឆ្លងច្រើនជាង និង ក្នុងរដូវរងាបីលើកចុងក្រោយនៅសហរដ្ឋអាម៉េរិកបានឈានដល់កម្រិតកំពូលនៃការឆ្លងចាប់ពីខែធ្នូដល់ខែមករា ខណៈដែលជំងឺផ្តាសាយឈានដល់ចំណុចកំពូលនៃការឆ្លងនៅពេលរាងយូរបន្តិច។
លោក អាម៉េស អាដាល់ចា (Amesh Adalja) អ្នកឯកទេសជំងឺឆ្លងនៅមជ្ឈមណ្ឌលសន្តិសុខសុខភាពរបស់សាកលវិទ្យាល័យចនហប់ឃីន (Johns Hopkins) បានដាក់កូវីដ “ស្មើគ្នា” ជាមួយនឹងជំងឺផ្តាសាយនិងជំងឺ RSV ប៉ុន្តែបានសង្កត់ធ្ងន់ថា វាធ្ងន់ធ្ងរជាងជំងឺផ្តាសាយធម្មតា។
– ចាក់ដូសជំរុញឬមិនចាក់?
ក្រុមហ៊ុន Pfizer, Moderna និង Novavax បានបង្កើតវ៉ាក់សាំងថ្មីដែលកំណត់គោលដៅលើមេរោគបំប្លែងបច្ចុប្បន្នរបស់អូមីក្រុង ដែលបានក្លាយជាមេរោគលេចធ្លោនៅចុងឆ្នាំ ២០២១។
មានការយល់ស្របយ៉ាងទូលំទូលាយថា ដូសជំរុញប្រចាំឆ្នាំនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលងាយរងគ្រោះបំផុត។ ប៉ុន្តែថាតើពួកវានឹងនាំមកនូវតម្លៃបន្ថែមដល់មនុស្សគ្រប់គ្នាឬអត់ គឺត្រូវពិភាក្សាតទៅទៀតសិន។
ការសិក្សាបានបង្ហាញថា មនុស្សស្ទើរតែគ្រប់គ្នាបានឆ្លងមេរោគនេះរួចទៅហើយ។ ហើយការឆ្លងពីមុនរួមបញ្ចូលគ្នាជាមួយវ៉ាក់សាំងបានបង្វឹកប្រព័ន្ធការពាររាងកាយឱ្យចេះបញ្ឈប់លទ្ធផលធ្ងន់ធ្ងរ បើទោះបីជាពួកវាមិនអាចការពារការឆ្លងមេរោគបានក៏ដោយ។
លោកស្រី ម៉ូនីកា គន្ធី (Monica Gandhi) អ្នកនិពន្ធសៀវភៅ “Endemic: A Post-Pandemic Playbook” បាននិយាយថា ការណែនាំមួយឱ្យអនុវត្តចំពោះគ្រប់គ្នាទាំងអស់លែងមានន័យទៀតហើយ ហើយអាចកាត់បន្ថយការជឿទុកចិត្តលើសុខភាពសាធារណៈ។
ឧទាហរណ៍ វ៉ាក់សាំង mRNA របស់ Pfizer និង Moderna មានហានិភ័យតិចតួចនៃការរលាកបេះដូងចំពោះបុរសវ័យក្មេង។
បណ្តាប្រទេសអឺរ៉ុបផ្តល់ដំបូន្មានចាក់វ៉ាក់សាំងដូសជំរុញប្រចាំឆ្នាំសម្រាប់តែក្រុមមនុស្សមានហានិភ័យខ្ពស់ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញខ្លះមិនឃើញមានការទម្លាក់ចុះអនុសាសន៍យ៉ាងទូលំទូលាយនោះទេ។
លោក ហ្ស៊ីយ៉ាដ អាល់ អាលី (Ziyad Al-Aly) អ្នកឯកទេសខាងជំងឺរាតត្បាតនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន នៅទីក្រុងសេនល្វីស (St. Louis) បាននិយាយថា “មនុស្សដែលមានហានិភ័យទាបនៅតែទទួលបានអត្ថប្រយោជន៍ពីវ៉ាក់សាំងដូសជំរុញ”។ សហរដ្ឋអាម៉េរិកណែនាំឱ្យមនុស្សសឹងតែគ្រប់គ្នាឱ្យមកទទួលបានវ៉ាក់សាំងកូវីដប្រចាំឆ្នាំ។
– ក្រុមហ៊ុនផលិតកំណត់វ៉ាក់សាំងកូវីដដូសជំរុញ ១២០-១៣០ ដុល្លារក្នុងមួយដូស
ពួកនាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយោបល់នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដរបស់សហរដ្ឋអាម៉េរិកបានកំណត់តម្លៃក្នុងបញ្ជីសម្រាប់វ៉ាក់សាំងរបស់ពួកគេចន្លោះពី ១២០ ទៅ ១៣០ ដុល្លារក្នុងមួយដូស។
ក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បានកំណត់តម្លៃក្នុងបញ្ជី ១២០ ដុល្លារក្នុងមួយដូស ខណៈដែល Moderna បាននិយាយថា តម្លៃក្នុងបញ្ជីសម្រាប់វ៉ាក់សាំងរបស់ខ្លួនគឺ ១២៩ ក្នុងមួយដូសសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ។
ក្រុមហ៊ុន Novavax បាននិយាយថា តម្លៃក្នុងបញ្ជីសម្រាប់វ៉ាក់សាំងកូវីដរបស់ខ្លួនគឺ ១៣០ ដុល្លារក្នុងមួយដូស៕
វ៉ាក់សាំងកូវីដត្រូវបានកំណត់តម្លៃចន្លោះពី ១២០ ទៅ ១៣០ ដុល្លារក្នុងមួយដូស