រុស្ស៊ី ៖ កងកម្លាំង​រក្សា​សន្តិភាព​អ​.​ស​.​ប ត្រឡប់មក​ព្រំដែន​ស៊ី​រី​ក្នុង​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​

1147
ចែករម្លែក

​កងកម្លាំង​រក្សា​សន្តិភាព​អ​.​ស​.​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​សីហា​បាន​ត្រឡប់​ទៅកាន់​ព្រំដែន​រវាង​ប្រទេស​ស៊ី​រី​និង​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​កាន់កាប់​ដោយ​អ៊ីស្រាអែល ជា​លើកដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​ធ្វើការ​ល្បាត​រួមគ្នា​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​របស់​រុស្សី​ក្នុងការ​ឆ្លុះបញ្ចាំង​ពី​តួនាទី​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ក្នុងការ​សម្របសម្រួលរ​វាង​សត្រូវ​ចាស់ៗ​ជាច្រើន​នៅក្នុង​តំបន់​មួយ ដែល​ងាយ​នឹង​កើត​ចលាចល​។​

​អ៊ីស្រាអែល​បាន​ស្វែងរក​ការចូលរួម​របស់​រុស្ស៊ី​កាន់តែខ្លាំង​ឡើង​ដើម្បី​ធានា​ការពារ​ដល់​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេស​ស៊ី​រី​និង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អ៊ីរ៉ង់​នៅក្នុង​តំបន់​នេះ​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដែលជា​សម្ព័ន្ធមិត្ត​ធំ​បំផុត​របស់​ស៊ី​រី ឥឡូវ​បាន​ងាក​មក​ស្វែងរក​ការសម្របសម្រួល​ជាមួយ​អ៊ីស្រាអែល​ដើម្បី​ជា​ស្ពាន​ត​ភ្ជាប់​ជាមួយ​វ៉ាស៊ីនតោន​ក្នុងការ​ដោះស្រាយ​សង្គ្រាម​ស្មុគស្មាញ​របស់​ស៊ី​រី​។​

​អ៊ីស្រាអែល​ចាត់ទុក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ស៊ី​រី​ថា​ជាការ​គំរាមកំហែង​ឥតឈប់ឈរ​និង​បាន​ស្វែងរក​ការធានា​ពី​មូ​ស្គូ​ដើម្បី​រុញច្រាន​ពួក​អ្នក​ប្រយុទ្ធ​ដែល​គាំទ្រ​អ៊ីរ៉ង់​ឱ្យចេញ​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន​។

​ឧ​ត្ត​ម​សេនីយ៍​ឯក សឺ​ហ្គី រូដ​ស្កូវ ដែលជា​នាយ​ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី​បាន​និយាយថា លក្ខខណ្ឌ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការបន្ត​ការ​ល្បាត​រក្សា​សន្តិភាព​នៅតាម​បណ្តោយ​តំបន់​ដែល​ខ័​ណ្ឌ​ចែក​រវាង​ស៊ី​រី​និង​អ៊ីស្រាអែល​។ កងកម្លាំង​រក្សា​សន្តិភាព​អ​.​ស​.​ប​បានដាក់​ពង្រាយ​ជា​លើកដំបូង​នៅតាម​បណ្តោយ​ព្រំដែន​នេះ​នៅ​ឆ្នាំ ១៩៧៤ បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បំបែកចេញ​ពីគ្នា​រវាង​ក​ង​កម្លាំង​ស៊ី​រី​និង​អ៊ីស្រាអែល បន្ទាប់ពី​អ៊ីស្រាអែល​បាន​កាន់កាប់​តំបន់​ខ្ពង់រាប​ហ្គោល​លែ​ន​នៅក្នុង​សង្គ្រាម​ឆ្នាំ ១៩៦៧​។​

​លោក សឺ​ហ្គី រូដ​ស្កូវ បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​របស់​រុស្ស៊ី​បាន​អមដំណើរ​កង​រក្សា​សន្តិភាព​នៅលើ​ការ​ល្បាត ដោយ​បន្ថែមថា ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​៨​របស់​រុស្ស៊ី​នៅ​ទល់មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​អ​.​ស​.​ប នឹងត្រូវ​បង្កើតឡើង “​ដើម្បី​ទប់​កុំឱ្យ​មានរឿង​ហេតុអ្វី​កើតឡើង​” ។​

​លោក​រូដ​ស្កូវ​បាន​និយាយថា នៅពេល​ស្ថានការណ៍​មាន​ស្ថិរភាព ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​រុស្ស៊ី​នឹង​ប្រគល់​ឱ្យទៅ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​។​

​អ៊ីស្រាអែល​បានទទួល​ស្គាល់​ការវិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​នៅតាម​បណ្តោយ​ព្រំដែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល លោក អា​វី​ក​ដ័​រ ឡី​បឺ​ម៉ាន់ បាន​និយាយថា ស្ថានភាព​នៅ​ព្រំដែន​នៅ​ខាង​ស៊ី​រី​បាន​វិលត្រឡប់​ទៅរក​ស្ថានភាព​មុន​ឆ្នាំ ២០១១ បន្ទាប់ពី​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​កងទ័ព​រុស្ស៊ី​បាន​គ្រប់គ្រង​ដែនដី​នេះ​ឡើងវិញ​ពី​ក្រុមប្រឆាំង​ប្រដាប់អាវុធ​ដែល​បាន​គ្រប់គ្រង​តំបន់​ហ្គោ​លែ​ន ចាប់តាំងពី​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

ឧ​ត្ត​ម​សេនីយ៍​ឯក សឺ​ហ្គី រូដ​ស្កូវ ប្រាប់​អ្នកកាសែត​អំពី​ការ​ត្រឡប់មកវិញ​របស់​ក​ង​កម្លាំង​រក្សា​សន្តិភាព​អ​.​ស​.​ប​នៅ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន