ដោយៈ សុផល / ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកដឹកជញ្ជូននិងហេដ្ឋា​រចនាសម្ព័ន្ធ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្សូ៊ម (ZOOM) ក្រោមវត្តមានលោកឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” ផ្នែកឯកជន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ច” ផ្នែកឯកជន, តំណាងសមាគមធរុកិច្ចជប៉ុន ប្រចាំនៅកម្ពុជា, តំណាងសមាគភស្តុភារកម្មកម្ពុជា, តំណាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា, តំណាងសមាគមដឹកជញ្ជូនទំនិញ ផ្លូវគោកកម្ពុជា, ក្រុមហ៊ុនផ្នែកឯកជន ពាក់ព័ន្ធនឹងឡូជីស្ទីក និងសមាជិកសមាជិកា នៃ​ក្រុមការងារផ្នែកឯកជន ជាច្រើនទៀតផងដែរ។

ប្រភពសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា៖ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីលើកឡើងនូវវឌ្ឍនភាព នៃការពិគ្រោះពិភាក្សា ទៅលើបញ្ហា​ប្រឈមចាស់ របស់ផ្នែកឯកជន ដែលមិនទាន់ទទួលបានការដោះស្រាយ និងបន្តលើកឡើងពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមថ្មី បន្ថែ​មទៀត​ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងហេដ្ឋា រចនាសម្ព័ន្ធ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីត្រៀមសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលឆាប់ៗ ខាងមុខនេះ ៕ V / N