ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារទី១២កញ្ញាថា យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយ ដែលមានមនុស្ស ១៧០ នាក់នៅលើនោះ បានធ្វើការចុះចតជាបន្ទាន់ដោយជោគជ័យនៅលើទីវាលមួយ។
យន្តហោះ Airbus A320 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ural Airlines បានហោះហើរពីរមណីយដ្ឋានសូជី (Sochi) នៅសមុទ្រខ្មៅទៅកាន់ទីក្រុងអូមសក៍ (Omsk) នៅភាគខាងកើតតំបន់ស៊ីបេរី នៅពេលដែលអាកាសយានិករាយការណ៍ពីបញ្ហាប្រព័ន្ធអ៊ីដ្រូលីក ហើយបានស្នើសុំការអនុញ្ញាតឱ្យយន្តហោះចុះចតនៅអាកាសយានដ្ឋានថូលម៉ាឆេវ៉ូ (Tolmachevo) ក្នុងទីក្រុងណូវ៉ូស៊ីបឺសក៍ (Novosibirsk) ដែលមានផ្លូវរត់វែងជាង។
អគ្គនាយកក្រុមហ៊ុន Ural Airlines លោក សឺហ្គេ ស្គូរ៉ាតូវ (Sergei Skuratov) បាននិយាយថា ក្រោយមកអ្នកបើកយន្តហោះបានដឹងថា ពួកគេមិនមានឥន្ធនៈគ្រប់គ្រាន់ដើម្បីហោះទៅដល់អាកាសយានដ្ឋានទេ ហើយបានសម្រេចចិត្តចុះចតនៅក្នុងទីវាលមួយជំនួសវិញនៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីភាគខាងលិចទីក្រុងណូវ៉ូស៊ីបឺសក៍។
ក្រុមមន្ត្រីបាននិយាយថា គ្មានអ្នកណាម្នាក់រងរបួសនោះទេ ប៉ុន្តែអ្នកដំណើរពីរនាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្ដ្រសម្រាប់ជំងឺលើសឈាម ហើយមនុស្សមួយចំនួនទៀតបានទទួលការពិនិត្យស្នាមជាំតូចៗ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញវីដេអូយន្តហោះកំពុងចតលើទីវាលមួយ ដោយគ្មានសញ្ញានៃការខូចខាតទេ ហើយពួកគេបានដកស្រង់សម្តីអ្នកដំណើរ ដែលសរសើរពីជំនាញនិងស្មារតីផ្ចង់បានល្អរបស់អ្នកបើកបរ។
រដ្ឋអាជ្ញារុស្ស៊ីបានបើកការស៊ើបអង្កេតបន្ទាប់ពីការចុះចតជាបន្ទាន់នេះ។
លោកស្គូរ៉ាតូវបានច្រានចោលការចោទប្រកាន់ថា រឿងនេះបានកើតចេញពីការថែទាំយន្តហោះមិនបានល្អ ចំពេលមានការដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរបស់ពួកគេជុំវិញសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
ទណ្ឌកម្មបានហាមឃាត់ការផ្ទេរគ្រឿងបន្លាស់យន្តហោះពីលោកខាងលិចក្នុងចំណោមការរឹតបន្តឹងផ្សេងទៀតជាច្រើន។
ប្រធានក្រុមហ៊ុនអាកាសចរណ៍ Ural បាននិយាយថា ក្រុមហ៊ុនបានរក្សាសុវត្ថិភាពនៃក្រុមយន្តហោះរបស់ខ្លួន ត្បិតមានការដាក់ទណ្ឌកម្ម។
ក្នុងឆ្នាំ ២០១៩ យន្តហោះ A321 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ural Airlines បានធ្វើការចុះចតជាបន្ទាន់នៅលើទីវាលក្បែរទីក្រុងមូស្គូ បន្ទាប់ពីបានបុកជាមួយសត្វស្លាបពេលហោះឡើង ដោយបណ្តាលឱ្យមនុស្ស ៧៤ នាក់ក្នុងចំណោមមនុស្ស ២៣៣ នាក់នៅលើយន្តហោះ រងរបួស៕
យន្តហោះ Airbus A320 ចុះចតលើទីវាលនៅចម្ងាយ ២០០ គីឡូម៉ែត្រពីភាគខាងលិចទីក្រុងណូវ៉ូស៊ីបឺសក៍ កាលពីថ្ងៃអង្គារ