ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា,វ៉េអិនអិចស្រ្ពេស) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធទី ១៣ ខែកញ្ញានេះថា មនុស្សរាប់សិបនាក់បានស្លាប់និងរងរបួសនៅក្នុងអគ្គិភ័យនៅប្លុកផ្ទះល្វែងមួយក្នុងរដ្ឋធានីហាណូយរបស់វៀតណាម ដោយសាក្សីរាយការណ៍ថាមានការស្រែកពីខាងក្នុង ហើយក្មេងតូចម្នាក់ត្រូវបានបោះទម្លាក់ពីលើអគារ។
សារព័ត៌មានរដ្ឋវៀតណាមបាននិយាយនៅថ្ងៃពុធថា អគ្គិភ័យនៅអាគារផ្ទះល្វែងកំពស់៩ជាន់មួយនៅក្រុងហាណូយបានសម្លាប់មនុស្ស១២នាក់និងបង្ករបួស៥០នាក់ទៀតកាលពីយប់ថ្ងៃអង្គារ។
សាក្សីបាននិយាយថា ភ្លើងបានចាប់ផ្តើមឆេះនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនៅជាន់ចំណតនៃអគារកម្ពស់១០ជាន់ ដែលជាតំបន់មួយពេញណែនដោយម៉ូតូរបស់អ្នកស្រុក។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការបាននិយាយថា “អាជ្ញាធរបានជួយសង្គ្រោះមនុស្សប្រហែល ៧០ នាក់ ដោយបញ្ជូនមនុស្ស៥៤នាក់ទៅកាន់មន្ទីរពេទ្យ រួមទាំងអ្នកស្លាប់រាប់សិបនាក់”។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា “នេះជាភ្លើងឆេះដ៏ធ្ងន់ធ្ងរ”។
រូបថតដោយអ្នកថតរូប AFP នៅកន្លែងកើតហេតុបានបង្ហាញអណ្តាតភ្លើងនិងផ្សែងហុយចេញពីយ៉រដែលមានចម្រឹងដែក។ភ្លើងបានរលត់ទៅវិញនៅព្រឹកថ្ងៃពុធនេះ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមចូលទៅក្នុងអគារនេះ ដែលស្ថិតនៅលើផ្លូវតូចចង្អៀតមួយក្នុងតំបន់លំនៅឋានមួយនៅភាគនិរតីនៃទីក្រុងហាណូយ។
យ៉រតូចៗរបស់អគារត្រូវបានហ៊ុមព័ទ្ធដោយចម្រឹងដែក ដោយប្លុកផ្ទះល្វែងនេះមានច្រកចេញតែមួយនិងមិនមានជណ្ដើរគ្រាអាសន្ននៅខាងក្រៅទេ។
អាជ្ញាធរបាននិយាយថា មនុស្សប្រហែល ១៥០ នាក់បានរស់នៅក្នុងបរិវេណនោះ៕
ភ្លើងឆេះផ្ទះល្វែងកម្ពស់ ១០ ជាន់នៅហាណូយត្រូវបានពន្លត់នៅព្រឹកថ្ងៃពុធនេះ
យ៉រតូចៗរបស់អគារត្រូវបានហ៊ុមព័ទ្ធដោយចម្រឹងដែក ដោយប្លុកផ្ទះល្វែងនេះមានច្រកចេញតែមួយនិងមិនមានជណ្ដើរគ្រាអាសន្ននៅខាងក្រៅទេ