ដោយៈ ប.ខុន/ភ្នំពេញៈ ជ្រលងនៃប្រព័ន្ធសម្ពាធទាបខ្សោយ និងខ្យល់មូលសុងនិរតីខ្សោយនាំឱ្យនៅលើប្រទេសកម្ពុជាកកើតមានបាតុភូតគំនួចខ្យល់តូចៗច្រើនជាមួយនឹងការធ្លាក់ភ្លៀងរដិបរដុបដែលជាភ្លៀងកកើតឡើងនៅក្នុងតំបន់មានកម្រិតពីខ្សោយទៅមធ្យមឯបាតុភូតអែលនីណូដែលជាបាតុភូតធ្វើឱ្យសីតុណ្ហភាពកើនឡើងនិងខ្សត់ទឹកភ្លៀងពេលនេះមានឥទ្ធិពល១០០ភាគរយ រហូតដល់ខែធ្នូ និងចាប់ផ្តើមថយ ចុះទៅវិញនៅក្នុងខែមករា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា សម្ពាធទាបមួយ នៅខាងកើតកោះតៃវ៉ាន់មិនវិវត្តទៅជាវិសម្ពាធបានទេហើយវានឹងថយឥទ្ធិពលទៅវិញ ព្រមពេលសម្ពាធទាបខ្សោយមួយនៅក្នុងឈូងសមុទ្រតុងកឹងដែលនៅជាប់នឹងចុងនៃប្រព័ន្ធ សម្ពាធទាបអូសកាត់លើភាគខាងជើងប្រទេសថៃ ឡាវនិងប្រទេសវៀតណាមនឹងទាញសម្ពាធទាបនេះឱ្យឡើងមកលើគោក។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា ស្ថានភាពធាតុអាកាសដូចខាងលើធ្វើឱ្យនៅលើប្រទេសកម្ពុជាកើតមានបាតុភូតគំនួចខ្យល់តូចៗ បង្កឱ្យមានភ្លៀងរដាក់រដុបជាភ្លៀងដែលកកើតឡើងនៅក្នុងតំបន់។ នៅក្នុងសប្តាហ៍នេះស្ថានភាពខ្យល់មូសុងនិរតីក៏ខ្សោយធ្វើឱ្យភ្លៀងមានធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរាយប៉ាយមិនស្មើ។ ចំណែកឯបាតុភូតអែលនីណូវិញ លោកចាន់ យុត្ថា បញ្ជាក់ថាពេលនេះវាមានឥទ្ធិពល១០០ភាគរយរហូតដល់ខែធ្នូហើយចាប់ពីខែមករាទៅឃើញមាននិន្នាការចុះ បន្តិចវិញ។យើងសង្ឃឹមថាបាតុភូតដែលនាំឱ្យធាតុអាកាសឡើងកម្តៅនិងខ្សត់ទឹកភ្លៀងនេះនឹងថយចុះខ្លាំងទៅវិញនៅដើមរដូវវស្សាឆ្នាំ២០២៤ ។ ពេលនេះមន្ត្រីជំនាញកំពុងធ្វើ ការតាមដានការវិវត្តរបស់វាយ៉ាងយកចិត្តទុកដាក់។ ទោះបីពេលនេះក្នុងរដូវវស្សាយ៉ាងណាក៏ដោយក៏ការប្រើប្រាស់ទឹកស្ថិតក្នុងការប្រុងប្រយ័ត្នបំផុត ជាពិសេសទឹកសម្រាប់ប្រើ ប្រាស់នៅចុងរដូវវស្សានិងរដូវប្រាំងឆ្នាំក្រោយ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសម្រាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកញ្ញាថា នៅក្នុងអំឡុង ពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Cnnvergence Zone (ITCZ) អូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវនិងប្រទេសវៀតណាមរួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតពីមធ្យមទៅបង្គួរបង្កឱ្យមានភ្លៀងធ្លាក់ក្នុង កម្រិតពីខ្សោយទៅមធ្យម។

សេចក្តីជូនដំណឹងបានសរសេរលម្អិតថានៅតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរិមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាព អតិបរមាមានពី៣០ទៅ៣២អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង (rain of area )ពី៣០ទៅ៤០ភាគរយ។

នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរិមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាព អតិបរមាមានពីទៅ៣០ទៅ៣២អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីខ្សោយទៅមធ្យម។ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង (rain of area) ពី៣០ទៅ៤០ភាគរយ។

សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរិមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាព អតិបរមាមានពី២៩ទៅ៣១អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីតិចមធ្យមជាមួយនឹងផ្ទៃដីរងទឹកភ្លៀង ពី៥០ទៅ៧០ភាគរយ។នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់និងរលកសមុទ្រពីមធ្យមទៅបង្គួរ៕/r