ដោយៈ បូកគោ / កំពតៈ សហគមន៍នេសាទត្រពាំងរពៅ-ព្រែកក្រែង ស្ថិតក្នុងសង្កាត់ ព្រែកត្នោត ក្រុងបូកគោ កំពុងបន្តបេសកកម្មអភិរក្សធនធានសមុទ្រ យ៉ាងល្អប្រសើរ។ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់សមាជិកសហគមន៍ បានប្រែក្លាយទីកន្លែង ពោរពេញ ដោយសក្តានុពលនេះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលទេសចរ អាចទៅសម្រាកលម្ហែ ជិះទូកកម្សាន្ត មើលដើមកោងកាង គយគន់ស្មៅសមុទ្រ និងត្រីផ្សោត ជាដើម។ អាជ្ញាធរ នឹងចូលរួមធ្វើឱ្យសហគមន៍នេសាទ ត្រពាំងរពៅ-ព្រែកក្រែង កាន់តែទាក់ទាញ តាមរយៈ ការផ្តល់ជូន នូវផ្លូវបេតុង នាពេលដ៏ខ្លីខាងមុខ។

លោក ថុង ញ៉ិល ប្រធានសហគមន៍នេសាទត្រពាំងរពៅ-ព្រែកក្រែង បានរៀបរាប់ថាៈ កន្លងមក សហគមន៍ បានបំពេញបេសកកម្មអភិរក្សធនធានធម្មជាតិ បានយ៉ាងល្អ ធ្វើឱ្យភោគផលសមុទ្រ នៅក្នុងបរិវេណ និងក្បែរដែនសហគមន៍ មានភាពសម្បូរបែប។ ដើម្បីបង្កើនការទប់ស្កាត់បទល្មើសនេសាទ ក៏ដូចជា ការរកប្រាក់ចំណូលបន្ថែម សម្រាប់សមាជិកសហគមន៍ បានប្រែក្លាយដែនអភិរក្ស ជាតំបន់ទេសចរណ៍ធម្មជាតិ ដោយបានសង់ខ្សូស និងស្ពានឈើដើរកម្សាន្តជាច្រើនរយម៉ែត្រ។ លោកប្រធានសហគមន៍ បានបន្តថាៈ បច្ចុប្បន្ន សហគមន៍ នៅតែបន្តអភិរក្ស និងអភិវឌ្ឍ លើវិស័យទេសចរណ៍ ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ និងភ្ញៀវ ដោយសហគមន៍មាន កញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរ តាមរយៈការជិះទូកកម្សាន្ត នៅតំបន់អភិរក្សសំខាន់ៗ ជាច្រើន ពិសេសទៅទស្សនាសត្វផ្សោតសមុទ្រ។

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបញ្ជាក់ថាៈ សហគមន៍នេសាទត្រពាំងរពៅ -ព្រែកក្រែង បានក្លាយជាតំបន់អេកូទេចរណ៍មួយ ដែលកំពុងទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកលម្ហែកម្សាន្ត។ ប៉ុន្តែ ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងសេវា ទទួលភ្ញៀវ នៅមានកម្រិត។ អាជ្ញាធរមូលដ្ឋាន បានរៀបចំផែនការរួចហើយក្នុងការពង្រីក និងពង្រឹងលើចំណុចខ្វះខាតទាំងនោះ ឱ្យបានល្អប្រសើរឡើង។ លោកចៅសង្កាត់ បានបញ្ជាក់ថាៈ នៅឆ្នាំ២០២៤ ខាងមុខ អាជ្ញាធរ នឹងប្រែក្លាយផ្លូវ ភ្ជាប់ពីផ្លូវជាតិលេខ៣ ដល់ទីតាំងសហគមន៍ ដែលកំពុងបង្កការលំបាកសម្រាប់ការធ្វើ ដំណើរនោះ ជាប្រភេទបេតុងតែម្តង។ សហគមន៍ត្រពាំងរពៅ-ព្រែកក្រែង មានសារប្រយោជន៍ច្រើន សម្រាប់ប្រជានេសាទ។

លោក គង់ ប៊ុនរា បានបន្តថាៈ ទៅថ្ងៃមុខ បើគ្មានការរំខាន ពីផ្នែកណាមួយទេ ប្រជាសហគមន៍ ក៏ដូចជាពលរដ្ឋក្នុងតំបន់ នឹងមានឱកាសទទួលប្រាក់ចំណូល កាន់តែច្រើន តាមរយៈការប្រមូលភោគផលសមុទ្រ និងការផ្តល់សេវាកម្មផ្សេងៗ សម្រាប់ភ្ញៀវ មកកម្សាន្ត៕/V/r