ដោយៈដេប៉ូ/ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការបានដាក់ចេញនូវគោលការណ៍ ប្រាំពីចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករ និយោជិត។
ប្រភពក្រសួងការងារ និងបណ្ដុះបណ្ដាលបានឱ្យដឹងថា គោលការណ៍ប្រាំពីរចំណុចសំខាន់ៗដែលរដ្ឋាភិបាលបានអនុវត្តខ្ជាប់ខ្ជួនរួមមាន៖ ទី១ ការតម្រូវឱ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥ភាគរយនៃរោងចក្រដែលចុះបញ្ជីនៅក្រសួង ។ ទី២. ការរៀបចំ ទិវាពិភពលោកដើម្បីសុវត្ថិភាព និង សុខភាពការងារជារៀងរាល់ឆ្នាំ ។ទី៣ ការដាក់ឱ្យអនុវត្ត « គោលការណ៍ប្រតិបត្តិស្តង់ដារស្តីពីការដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។
ទី៤ ក្រសួងការងារ បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាព និង សុខភាពការងារតាមបណ្តាមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ។ទី៥ គឺការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ និង វិជ្ជាសង្រ្គោះតាមរោងក្រសហគ្រាសផងដែរ ។ទី៦ ក្រសួងការងារបានបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាព និង សុខភាពការងារដល់គ្រូពេទ្យសហគ្រាសនិងបុគ្គលិកទទួលបន្ទុកផ្នែក សុវត្ថិភាព និង សុខភាពការងារប្រចាំរោងចក្រ សហគ្រាស។និងទី៧ ដែលជាចំណុចចុងក្រោយ គឺការបណ្តុះបណ្តាលស្តីពីការរក្សាអនាម័យ និង វិធានការការពារជំងឺផ្តាសាយ ដល់មន្រ្តីតាមមន្ទីរ ក.ប. រាជធានី-ខេត្ត និងដល់កម្មករនិយោជិត ។
មន្រ្តីក្រសួងការងារបានបញ្ជាក់ថា វិធានការទាំងប្រាំពីរនេះ គឺជាវិធានការដើម្បីលើកកម្ពស់កម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករដែលជាចំណុចអាទិភាពស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧នេះ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ២,៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។
ដោយឡែក នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់)។ក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)៕សរន