ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ ប្រធានាធិបតី ចូ បៃដិន បានទៅដល់ទីក្រុងហាណូយកាលពីថ្ងៃអាទិត្យ ដោយវៀតណាមនិងសហរដ្ឋអាម៉េរិកបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលមានលក្ខណៈស្រដៀងទៅនឹងកិច្ចព្រមព្រៀង ដែលប្រជាជាតិអាស៊ីមួយនេះមានរួចហើយជាមួយចិននិងរុស្ស៊ី។
តើអាចរំពឹងអ្វីខ្លះពីដំណើររបស់លោកបៃដិន? វេបសាយ Sputnik បានទាក់ទងទៅអ្នកជំនាញជើងចាស់ក្នុងកិច្ចការតំបន់សម្រាប់ព័ត៌មានលម្អិត។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់គាត់ទៅកាន់ប្រទេសវៀតណាម លោក ចូ បៃដិន ជួបជាមួយអគ្គលេខាបក្សកុំម្មុយនីស្តវៀតណាម លោក ង្វៀន ភូ ជុង (Nguyen Phu Trong) និងមេដឹកនាំសំខាន់ៗផ្សេងទៀតដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងហាណូយ។ “ថ្នាក់ដឹកនាំនឹងស្វែងរកឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាមដែលផ្តោតលើបច្ចេកវិជ្ជានិងនវានុវត្តន៍ ពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរបស់យើងតាមរយៈការផ្លាស់ប្តូរការអប់រំនិងកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្ម ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនសន្តិភាព វិបុលភាព និងស្ថិរភាពក្នុងតំបន់”។
លោកបៃដិននិងមន្ត្រីអាម៉េរិកផ្សេងទៀតនឹងត្រូវអមដំណើរដោយតំណាងក្រុមហ៊ុនបច្ចេកវិជ្ជានិងអាកាសសំខាន់ៗរបស់សហរដ្ឋអាម៉េរិក រួមមាន Intel, Google, GlobalFoundaries, Amkor, Marvell និង Boeing ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងសម្លឹងជំរុញវៀតណាមឈរជើងរឹងមាំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងបច្ចេកវិជ្ជា ចំពេលមានការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិជ្ជារវាងចិននិងសហរដ្ឋអាម៉េរិក ព្រមទាំងភាពតានតឹងជុំវិញកោះតៃវ៉ាន់។
ក្រុមហ៊ុន Intel, Amkor និងក្រុមហ៊ុនអាម៉េរិកផ្សេងទៀតបានបង្កើតវត្តមាននៅក្នុងប្រទេសនេះរួចទៅហើយ ហើយក្រុមមន្ត្រីអាម៉េរិកនិយាយថា ក្រុមហ៊ុនទាំងនោះចង់ពង្រីកប្រតិបត្តិការរបស់ពួកគេ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Boeing ត្រូវគេរំពឹងថានឹងប្រកាសកិច្ចព្រមព្រៀងលក់យន្តហោះ 737 MAX ចំនួន៥០គ្រឿងឱ្យទៅវៀតណាម នេះបើយោងតាមពួកមន្ត្រី។
តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ វៀតណាមនិងអាម៉េរិកក៏អាចចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ផងដែរក្នុងដំណើរទស្សនកិច្ចរបស់លោកបៃដិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិជ្ជា និងសន្តិសុខរវាងអតីតសត្រូវទាំងពីរ។
ភាពកក់ក្តៅនៃទំនាក់ទំនងវៀតណាម-អាម៉េរិកគឺជាការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងក្លានៅក្នុងទំនាក់ទំនង បន្ទាប់ពីសង្គ្រាមដ៏ឃោរឃៅដឹកនាំដោយសហរដ្ឋអាម៉េរិកក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះរវាងឆ្នាំ ១៩៥៥ និង ១៩៧៥ ដែលក្នុងនោះ ទាហានវៀតណាមរហូតដល់ ៣,៨ លាននាក់ និង ទាហានអាម៉េរិកចំនួន ៥៨.០០០ នាក់ត្រូវបានសម្លាប់ ហើយដីភាគច្រើនរបស់ប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែកនិងសារធាតុពុល ដែលផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចរបស់វានៅតែបន្តកើតមានរហូតមកដល់សព្វថ្ងៃនេះ។
នៅមុនដំណើរទស្សនកិច្ចរបស់លោកបៃដិននិងការលេងយុទ្ធសាស្ត្រទូលំទូលាយរបស់អាម៉េរិកដើម្បីឡោមព័ទ្ធប្រទេសចិនជាមួយនឹងមូលដ្ឋានយោធា រដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន “បោះបង់ចោលល្បែងឈ្នះ-ចាញ់គ្នានិងផ្នត់គំនិតសង្គ្រាមត្រជាក់” ហើយបដិសេធមិន “កំណត់គោលដៅលើភាគីទីបីណាមួយ” ឬ “បំផ្លាញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់”។
វៀតណាមមានទីតាំងយុទ្ធសាស្ត្រនៅចុងភាគខាងត្បូងនៃអ្វីដែលគេហៅថាកម្រងកោះទីមួយ ដែលជាផ្នែកនៃគោលលទ្ធិអាម៉េរិកក្នុងការទប់ទល់ចិននៅតាមសមុទ្រយុទ្ធសាស្ត្រ ដែលបង្កើតឡើងដោយអតីតរដ្ឋមន្ត្រីការបរទេស ចន ហ្វូស្ទើ ឌូលឡេស (John Foster Dulles) នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ ក្នុងគោលបំណងបដិសេធសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការដាក់ឥទ្ធិពលនៅក្នុងទីធ្លាខាងក្រោយរបងផ្ទះរបស់ខ្លួន។
– តើល្បែងរបស់បៃដិនជាអ្វី?
លោកស្រីបណ្ឌិត ទេវី ហ្វូធូណា អាន់វ៉ា (Dewi Fortuna Anwar) អ្នកប្រាជ្ញមកពីមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍របស់ទីភ្នាក់ងារស្រាវជ្រាវជាតិសម្រាប់នយោបាយ ដែលមានមូលដ្ឋាននៅឥណ្ឌូនេស៊ីបានប្រាប់ Sputnik ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកដើម្បីអូសទាញវៀតណាមគឺទាក់ទងមួយផ្នែកទៅនឹងឋានៈរបស់ប្រទេសនេះជា “មហាអំណាច” សេដ្ឋកិច្ច “ក្លៀវក្លា” នៅអាស៊ីអាគ្នេយ៍ ហើយមួយផ្នែកគឺដោយសារសក្តានុពលរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់អាម៉េរិក។
លោកស្រីបណ្ឌិតបាននិយាយថា “កំណើនសេដ្ឋកិច្ចរបស់វៀតណាមពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ហើយវៀតណាមអាចអនុវត្តកំណែទម្រង់ផ្ទៃក្នុងផ្សេងៗ ដើម្បីធ្វើឱ្យមានភាពរហ័សរហួនក្នុងការឆ្លើយតបទៅនឹងឱកាសសេដ្ឋកិច្ច។ ឧទាហរណ៍ នៅពេលដែលសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើមរវាងសហរដ្ឋអាម៉េរិកនិងចិន វៀតណាមអាចទាញយកអត្ថប្រយោជន៍ពីការរើរោងចក្រឧស្សាហកម្មមួយចំនួន រួមទាំងពីសហរដ្ឋអាម៉េរិកផងដែរ”។
លោកស្រីអាន់វ៉ាបាននិយាយថា អ្វីដែលសំខាន់សម្រាប់អាម៉េរិកដែរនោះគឺការចូលរួមផ្នែកសន្តិសុខ ដែល “មិនអាចកាត់ផ្តាច់បានពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង” ដែលវៀតណាមនិងចិនមានការអះអាងត្រួតស៊ីគ្នា។
លោកស្រីបណ្ឌិតនិយាយថា សហរដ្ឋអាម៉េរិក “សម្លឹងមើលទៅវៀតណាមជាប្រទេសដែលអាចឈរជើងទប់ទល់បានទាំង [ខ្លួន] និងប្រទេសចិននាពេលកន្លងមក ហើយត្រូវគេរំពឹងថានឹងអាចពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងដែនសមុទ្រកាន់តែរឹងមាំថែមទៀត ត្បិតចិនក៏ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់វៀតណាម”។
ដោយរំលឹកពីភាពជូរចត់នៃទំនាក់ទំនងវៀតណាម-ចិនក្នុងពាក់កណ្តាលទីពីរនៃសតវត្សទី ២០ ជាពិសេសបន្ទាប់ពីវត្តមានរបស់វៀតណាមនៅកម្ពុជាក្នុងការបណ្តេញ ប៉ុល ពត និងសង្គ្រាមព្រំដែនវៀតណាម-ចិនរយៈពេលខ្លីក្នុងឆ្នាំ ១៩៧៩ លោកស្រីបណ្ឌិតអាន់វ៉ាបានសង្កត់ធ្ងន់ថា បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ ហើយប្រទេសទាំងពីរបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ពួកគេ ពួកគេបានក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ ដែលជាទំនាក់ទំនងមួយមានស្ថិរភាពរហូតមកដល់សព្វថ្ងៃនេះ។
– វៀតណាមឈរលើខ្សែពួរការទូត
ដោយលើកឡើងពីគោលនយោបាយសន្តិសុខឯករាជ្យដែលកំពុងបន្តអនុវត្តដោយមហាអំណាចអាស៊ីនិងប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនទល់នឹងប្រទេសចិន សហរដ្ឋអាម៉េរិក និងមហាអំណាចផ្សេងទៀត លោកស្រីបណ្ឌិតអាន់វ៉ាបាននិយាយសម្រាលពីផលប៉ះពាល់នានានៃកិច្ចខិតខំប្រឹងប្រែងរបស់លោកបៃដិនដើម្បីអូសទាញរដ្ឋាភិបាលក្រុងហាណូយ និង គំនិតដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចបង្វែរប្រទេសដែលខ្លួនធ្លាប់ព្យាយាមបំផ្លាញឱ្យក្លាយជាកូនអុក។
លោកស្រីនិយាយថា “ដូច្នេះមិនមានមិត្តអចិន្ត្រៃយ៍និងសត្រូវអចិន្ត្រៃយ៍ក្នុងទំនាក់ទំនងអន្តរជាតិទេ គឺមានតែផលប្រយោជន៍អចិន្ត្រៃយ៍។ វៀតណាមកំពុងមានឥរិយាបថដូចប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតដែរ” ដោយចង្អុលបង្ហាញថា ជាឧទាហរណ៍ ប្រទេសកំណើតឥណ្ឌូនេស៊ីរបស់លោកស្រីប្រកាន់ខ្ជាប់នូវការមិនចូលបក្សសម្ពន្ធជាយុទ្ធសាស្ត្រ ខណៈក្នុងពេលដំណាលគ្នារីករាយនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន រុស្ស៊ី និងសហរដ្ឋអាម៉េរិក។
លោកស្រីអាន់វ៉ាលើកឡើងថា “យើងមានទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចទាំងអស់នៅក្នុងតំបន់សម្រាប់ហេតុផលផ្សេងៗគ្នា។ ចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់រដ្ឋអាស៊ានទាំងអស់ រួមទាំងឥណ្ឌូនេស៊ី។ ប៉ុន្តែសហរដ្ឋអាម៉េរិកក៏ត្រូវបានចាត់ទុកថាជាដៃគូដ៏សំខាន់ផងដែរខាងសេដ្ឋកិច្ច ប៉ុន្តែកាន់តែផ្តោតខ្លាំងលើបញ្ហាសន្តិសុខ។ ដូច្នេះ វៀតណាមកំពុងចូលរួមក្នុងអ្វីដែលអ្នកអាចហៅបានថា គោលនយោបាយការពារហានិភ័យ”។
លោកស្រីបានបន្ថែមថា វៀតណាមក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់នឹងបន្តព្យាយាមធ្វើសកម្មភាពរក្សាតុល្យភាពយ៉ាងប្រុងប្រយ័ត្នដើម្បី “ធានាស្វ័យភាពជាយុទ្ធសាស្ត្រផ្ទាល់ខ្លួននិងតំបន់របស់ពួកគេ” និងចៀសវាង “ការពឹងផ្អែកខ្លាំងលើភាគីណាមួយ”។ “នោះហើយជាមូលហេតុដែលវៀតណាម [ចុះហត្ថលេខា] លើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ហើយខ្ញុំគិតថាវានឹងនៅបន្តអ៊ីចឹងដដែល”។
លោកស្រីអាន់វ៉ាបាននិយាយសំដៅទៅប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ ប្រទេស ដែលបានរៀបចំកិច្ចប្រជុំកំពូលចុងក្រោយបង្អស់របស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះ យ៉ាងដូច្នេះថា “ខ្ញុំគិតថាអាស៊ានទាំងមូលបានបញ្ជាក់ពីជំហររបស់ខ្លួនរួចហើយ។ ពួកគេមិនចង់ត្រូវបង្ខំឱ្យជ្រើសរើសភាគីណាមួយនោះទេ។ ពួកគេមិនចង់ក្លាយជាផ្នែកមួយនៃប្លុកណាមួយប្រឆាំងនឹងប្លុកណាមួយផ្សេងទៀតនោះទេ”។ លោកស្រីបានសរុបសេចក្តីថា អាស៊ានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា និងសង្កត់ធ្ងន់លើការកសាងតំបន់ដែលរួមបញ្ចូលគ្នា។ ហើយវៀតណាមគឺជាផ្នែកមួយនៃគ្រួសារអាស៊ាន”៕
លោកបៃដិនមកដល់វៀតណាមកាលពីថ្ងៃអាទិត្យ