ដោយៈសុផល/ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣បានទទួលជួប លោក ខូអ៊ីជិ ហ្សៃគី នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូ និងលោក សាតូ ណូប៊ូហ្វ៊ូមី នាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ។
លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុនចំពោះជំនួបសម្តែងការគួរសមនេះហើយក៏បានលើកឡើងនូវកិច្ចសហ ប្រតិបត្តិ ការកន្លងមកក្រោមអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៧។តាមរយៈអនុស្សារណៈ យោគ យល់គ្នានេះ លោកអគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថាស្ថាប័នទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការទាក់ទាញវិនិយោគិន ជប៉ុនទាំងនៅក្នុងប្រទេសជប៉ុន និងទាំងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការនៅប្រទេសដទៃទៀត ឱ្យមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំណែកលោក ខូអ៊ីជិ ហ្សៃគី បានលើកឡើងពីផលប៉ះពាល់របស់ជំងឺសកលកូវីដ១៩ ដែលបង្ករជាការលំបាកដល់ធនាគារមីហ្ស៊ូហូក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ខូអ៊ីជិ ហ្សៃគីក៏បានជម្រាបជូនលោកអគ្គលេខាធិការថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ធនាគារមីហ្ស៊ូហូ និងអង្គការពាណិជ្ជកម្មក្នុងស្រុកជប៉ុនដែលហៅកាត់ថាចេត្រូ (JETRO) គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុនផងដែរ។
ដើម្បីឱ្យសិក្ខាសាលានេះប្រព្រឹត្តិទៅដោយជោគជ័យនិងប្រកបដោយផ្លែផ្កា លោកខូអ៊ីជិ ហ្សៃគី បានស្នើរសុំឱ្យមានការគាំទ្រនិងសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាពិសេសពីសំណាក់លោកអគ្គលេខាធិការ លើគម្រោងនេះ។
ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពរខាងលើលោក អគ្គលេខាធិការបានសម្តែងនូវការគាំទ្រនិងសហការក្នុងការរៀបចំសិក្ខាសាលា វិនិយោគនេះ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យសិក្ខាសាលាដែលគ្រោងនឹងរៀបចំនេះកាន់តែទទួលជោគជ័យបន្ថែមទៀត៕/PC