ប្រែសម្រួលៈបំណង(washingtonexaminer,dailymail)៖ អ៊ីឡុន ម៉ាស់(Elon Musk )ទំនងជាជ្រើសការឈរនៅខាងណាជុំវិញការប្រឈមមុខរវាងចិនប៉េកាំងនិងតៃវ៉ាន់ ដោយលោកបានពោលថា កោះនេះជា«ផ្នែកមួយរបស់ចិន» ទោះជាវាជំរុញឯករាជ្យភាពសេដ្ឋកិច្ចនិងនយោបាយចេញពីចិនដីគោកដ៏ដោយ។
នាយកSpaceXរូបនេះបាននិយាយនៅជំនួបកំពូលAll-In Summit 2023កាលពីថ្ងៃអង្គារអំពីប្រធានបទផ្សេងៗចាប់ពីការរិះគន់ក្រុមAnti-Defamation League(អង្គការមិនរដ្ឋាភិបាលរបស់ពួកជ្វីហ្វដែលជំនាញខាងសិទ្ធិស៊ីវិលនិងប្រឆាំងជ្រុលនិយមភាព)រហូតដល់ទំនាក់ទំនងបរទេស។
ដោយប្រៀបធៀបតៃវ៉ាន់ទៅនឹងកោះហាវ៉ៃ លោកម៉ាស់បាននិយាយថា «ខ្ញុំគិតថា ខ្ញុំយល់អំពីចិនបានយ៉ាងល្អ។វាជាផ្នែកមិនអាចបំបែកចេញមួយរបស់ចិន »។
លោកបានកត់សំគាល់អំពីគោលនយោបាយចិនក្នុងការបង្រួបបង្រួមគ្នាឡើងវិញជាមួយតៃវ៉ាន់ និងបានបន្ទោសអាម៉េរិកថារារាំងកិច្ចខិតខំដើម្បីការបង្រួបបង្រួមគ្នាឡើងវិញនៅសមុទ្រចិនខាងកើត។លោកក៏បានព្រមានអាម៉េរិកថា កម្លាំងយោធាចិននៅក្នុងតំបន់នឹងឡើងហួសអាម៉េរិកនៅពេលអនាគតមិនយូរទេ និងថានឹងមានការប្រើកងកម្លាំងទ័ពដើម្បីបង្រួបបង្រួមតៃវ៉ាន់និងចិន។
លោកបានបន្តថា «រថយន្តអគ្គិសនីTeslaទទួលជោគជ័យណាស់នៅក្នុងទីផ្សារចិន។យើងបានទៅទីនោះជាច្រើនដង និងបានជួបមេដឹកនាំចិនជាច្រើនកំរិតផងដែរ»។
ក្រោយលោកម៉ាស់អះអាងដូច្នេះ កាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីកិច្ចការក្រៅប្រទេសតៃវ៉ាន់បានប្រតិកម្មភ្លាមដោយចំអកថា« ខ្ញុំសង្ឃឹមថា ម៉ាសអាចសុំអោយចិនបើកប្រព័ន្ធ@X អោយប្រជាជនចិនប្រើ»។
សូមបញ្ជាក់ថា ចិនបានបិទបណ្តាញសង្គមXរបស់ម៉ាស់ រួមទាំងបណ្តាញសង្គមធំៗរបស់លោកខាងលិចដទៃទៀតដូចជា Facebook។
រដ្ឋមន្ត្រី ចូសេប វូ(Joseph Wu)បាននិយាយថា «ចូរស្តាប់! តៃវ៉ាន់មិនជាផ្នែករបស់សាធារណរដ្ឋប្រជាមាននិតចិន និងប្រាកដជាមិនដាក់លក់ទេ»។
សូមបញ្ជាក់ថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានច្រានចោលការអះអាងអធិបតេយ្យភាពរបស់ចិនលើខ្លួន ដោយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះអាចសំរេចជោគវាសនារបស់គេបាន៕
រដ្ឋមន្ត្រីកិច្ចការក្រៅប្រទេសតៃវ៉ាន់លោករដ្ឋមន្ត្រី ចូសេប វូ ប្រតិកម្មនឹងសម្តីរបស់ម៉ាស់